ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរកម្សាន្តនៅតាមប្រជុំកោះនានាក្នុងតំបន់មាត់សមុទ្រ ត្រូវផ្អាកសកម្មភាពនេសាទ ឬការធ្វើដំណើរកម្សាន្តតាមទូកជាបណ្ដោះអាសន្ន ខណៈអាកាសធាតុ មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រធំៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សេចក្ដីអំពាវនាវនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមករា បាន ផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី២៥-៣០ ខែមករា ឆ្នាំ២០២៣នេះ នៅតំបន់ជួរភ្នំ និងខ្ពង់រាប អាកាសធាតុ នឹងចុះ ត្រជាក់ ពីចន្លោះ១៥-១៧អង្សាសេ ខណៈតំបន់មាត់សមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រធំៗកើតឡើង ដែលទាមទារឱ្យបង្កើនការប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុ ទៅកាន់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវទឹកទៅកាន់លម្ហសមុទ្រ និងប្រជានេសាទ ដែលកំពុងស្ថិតនៅលើលម្ហសមុទ្រ ដើម្បីឱ្យពួកគេបានដឹង និងផ្អាកសកម្មភាពប្រចាំថ្ងៃរបស់ពួកគេជាបណ្ដោះអាសន្ន ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលនេះ សូមប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមទូកទៅសមុទ្រ និងកោះឆ្នេរនានាត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលបង្ក ដោយមហន្ដរាយផ្សេងៗ ដែលបណ្ដាលមកពីការប្រែប្រួលនៃអាកាសធាតុ»។
ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវចាត់វិធានការ តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ដំណឹង និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាគ្រោះថ្នាក់តាមផ្លូវទឹកកើតឡើងជាយថាហេតុ ជាពិសេស ក្រុមប្រជានេសាទមួយចំនួន ដែលកំពុងនេសាទក្នុងលម្ហសមុទ្រ មុនពេលមានការប្រកាសជូនដំណឹងនេះ៕