ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្ត ដែលគ្រប់គ្រងលើក្រុង ស្រុកទាំងឡាយ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មីត្រូវសិក្សា និងកំណត់ទីតាំងជាក់ស្តែងនៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យបានសមស្របដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានាជាយថាហេតុ។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ដែលបានណែនាំបែបនេះ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ខណៈលោកថ្លែងក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិក ក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី។
លោក ប្រាក់ សំអឿន បញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសម្របសម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជិកា បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីមន្ត្រីកិច្ចសន្យា បញ្ជីថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុក បច្ចុប្បន្ន ទៅឱ្យរដ្ឋបាលក្រុង ស្រុកបំបែក និងបង្កើតថ្មី។
លោកបញ្ជាក់ថា៖«រដ្ឋបាលខេត្ត ត្រូវធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួនស្របតាមច្បាប់ និងត្រូវរៀបចំអង្គការចាត់តាំង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្តើមដំណើរការនៃរដ្ឋបាលក្រុង ស្រុក ឱ្យរលូន និងជោគជ័យ»។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា លោក នឹងដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងមន្ត្រីនៅមូលដ្ឋាន រៀបចំ សិក្សា ពិនិត្យ និងកំណត់គោលដៅ ទីតាំង និងផែនការ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណា ឱ្យទាំងរដ្ឋបាល និងមន្ត្រីបម្រើការងារ ឱ្យបានសមរម្យ។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុងថ្មីចំនួន៣បន្ថែមទៀត និងពង្រីកស្រុកថ្មីចំនួន២បន្ថែម រួមមាន ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល រីឯក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ស្រុកឧដុង្គ ក៏ត្រូវបានពង្រីកស្រុក១បន្ថែមទៀតដែរ គឺស្រុកសាមគ្គីមុនីជ័យ ខណៈស្រុកថ្មី១ទៀត ត្រូវបានបង្កើតនៅខេត្ត