បន្ទាយមានជ័យៈ គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋមសិក្សា​គោក​ពន្លៃ ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​អំពាវនាវ​សប្បុរសជន​ទាំងអស់ ​ចូលរួម​បរិច្ចាគ​សម្លៀក​បំពាក់ ​និង​សម្ភារ​សិក្សា​ដល់​កុមារា ​និង​កុមារីជិត ​៣០​ នាក់ ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​នូវ​សម្ភារ​សិក្សា​។​

កញ្ញា ​សាវឿន ណារីម​ ដែលជា​គ្រូបង្រៀន​នៅ​សាលារៀន​គោក​ពន្លៃ​នោះ ​បានឱ្យដឹង​ថា ​ស្ថានភាព​សិស្សានុសិស្ស ​ដែល​មក​សិក្សា​នៅ​សាលា​នេះ ​គឺ​ពួកគាត់​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ ហើយ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​ បើទោះបីជា​ក្រុមគ្រួសារ​របស់​ពួកគាត់​ទទួលបាន​បណ្ណ​ក្រីក្រ​ពី​រាជរដ្ឋាភិបាល​ក៏ដោយ​។ កញ្ញា​លើកឡើង​ថា ​ក្នុង​ចំណោម​សិស្ស​សរុប​ជាង ​៥០០​ នាក់​ ដែល​មក​សិក្សា​នៅ​សាលា​បឋម​នេះ ​គឺ​សិស្ស​ដែល​ខ្វះខាត​សម្ភារ​សិក្សា​មាន​ជិត​៣០​នាក់ ​ដោយសារ​ក្រុមគ្រួសារ​របស់​ពួកគាត់​បានធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។ អ្នក​ខ្លះទៀត​រស់នៅ​ជាមួយ​ជីដូន ​ហើយ​ចំណែក​អ្នកផ្សេង​ទៀត​ជា​ក្មេង​កំព្រា​ជាដើម​។​

បើ​តាម​អ្នកគ្រូ​បង្រៀន​រូបនេះ ​ស្ថានភាព​របស់​កុមារ​ទាំងនោះ​ មាន​ការខ្វះខាត​ខ្លាំង​លើ​សម្ភារ​សិក្សា ​មិន​ថា​ តែ​ឯកសណ្ឋាន​ទៅ​សាលា​ទេ ​សូម្បី​សម្លៀកបំពាក់​ធម្មតា​នៅ​ផ្ទះ​ក៏​មិនមាន​គ្រប់គ្រាន់​ដែរ ​ខណៈ​ដែល​ក្រុមគ្រួសារ​ទាំងនោះ​កំពុង​រស់នៅ​ពឹង​ផ្អែកលើ​បណ្ណ​ក្រីក្រ ​ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​។

​កញ្ញា​ សាវឿន ណារីម ​បញ្ជាក់ថា​៖ «ក្រោយពី​មើលឃើញ​បែបនេះ ​ទើប​ខ្ញុំ​មានតែ​អំពាវនាវ​លើ​បណ្ដាញ​សង្គម ​ឱ្យដល់​បងប្អូន​សប្បុរ​សជន​ទាំងអស់​ដែល​មាន​សម្លៀកបំពាក់​កូនៗ​បងប្អូន ​ដែល​ឈប់​ប្រើប្រាស់ ​ចូលរួម​ចែករំលែក​ដល់​ក្មេងៗ ​ដែល​ខ្វះខាត​សម្លៀក​បំពាក់ ​និង​សម្ភារ​សិក្សា​ខ្លាំង​សរុប​ជិត​ ៣០ ​នាក់​ហ្នឹង​ដើម្បី​ជួយ​កុំឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគាត់»។​

កញ្ញា​បន្តថា​៖ «ហើយ​យើង​ក៏បាន​ត្រឹម​អំពាវនាវ​លើ​បណ្ដាញ​សង្គម ​និង​ពី​ខាង​គ្រូៗ​នៅ​ក្នុង​សាលា​ហ្នឹង​ទេ ​ពីព្រោះ​យើង​ក៏​មិនទាន់​ហ៊ាន​ស្នើសុំ​ដល់​អាជ្ញាធរ​ឃុំ ​ដល់​ខាង​មន្ទីរ​អប់រំ​ទេ»។​

ទាក់ទិន​រឿងនេះ​ លោក ​លី​ សារី ​អភិបាលរង​ខេត្តបន្ទាយ​មានជ័យ​បាន​ថ្លែងថា ​ចំពោះ​បញ្ហា​ដែល​កើតឡើង​នេះ ​លោកគ្រូ​ អ្នកគ្រូ​នៅ​សាលា​បឋមសិក្សា​នេះ ​គឺ​ពួកគាត់​មាន​ទឹកចិត្ត​ក្នុង​ការជួយ​ទាំង​ការអប់រំ ​ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ពី​ជីវភាព​ខ្វះខាត​របស់​កុមារ​តូចៗ​ដែលជា​ក្មេង​កំព្រា ​រស់នៅ​ជាមួយ​ជីដូន​ជីតា ​ខណៈ​ឪពុកម្ដាយ​របស់​ពួកគាត់​បានធ្វើ​ចំណាកស្រុក​ជាដើម​។

លោក​ថា ​រាជរដ្ឋាភិបាល ​មាន​ការគិតគូរ ​និង​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​ខ្លាំងណាស់ ​ទើប​សព្វថ្ងៃនេះ​មាន​ការផ្ដល់​ជា​អាហារូបករណ៍ ​និង​ឧបត្ថម្ភ​ជាប្រចាំ​ដល់​កម្រិត​ថ្នាក់​បឋម ​រហូតដល់​កម្រិត​ថ្នាក់​មហាវិទ្យាល័យ​ផងដែរ​។​

លោក​ លី សារី ​បញ្ជាក់ថា​៖«ដូច្នេះ​ក្នុងពេល​លំបាក​បែបនេះ​ យើង​នឹង​ផ្ដល់​ជូន​តាមរយៈ​មន្ទីរ​អប់រំ ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ ក៏ប៉ុន្តែ​យើង​ក៏​សិក្សា​មើល​ដែរ ​តើ​ការអំពាវនាវ​របស់​គាត់​ហ្នឹង ​វា​ជា​ការពិត​អត់​? ​ពីព្រោះ​សព្វថ្ងៃនេះ​គឺ​យើង​គិតគូរ​ណាស់​ចំពោះ​ក្មួយៗ ​ពាក់ព័ន្ធ​នឹង ​[ការបន្ត]​ ការសិក្សា ​ដោយសារ​ពួកគាត់​ជា​អ្នក​បន្តវេន​ពី​មនុស្ស​ចាស់»។

លោក​ រស់ សុវាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បានថ្លែងថា ​ក្រសួង​អប់រំ ​បានគិតគូរ ​និង​លើក​កម្ពស់​ប្រព័ន្ធ​អប់រំ​ខ្លាំង​ណាស់ ​ហើយ​ជាទូទៅ​គណ:​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ ត្រូវ​ដោះស្រាយ​ករណី​បាតុភាព​ផ្សេងៗ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ​ដោយ​ចាត់​វិធានការ​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្តែង។

លោក ​រស់ សុវាចា បញ្ជាក់​ថា​៖ «ដូច្នេះ​បើ​ចាំបាច់ ​គណ:​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា ​អាច​សហការ​ជាមួយ​មន្ទីរ​អប់រំ​ យុវជន ​និង​កីឡា ​ទាំង​ ២៥ ខេត្ត​-រាជធានី ​ដែលជា​សេនាធិការ​តាម​ឋានានុក្រម​នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ»។

សូម​បញ្ជាក់ថា ​សាលាបឋម​សិក្សា​គោកពន្លៃ ​ មាន​អគារ​ ៣ ​ខ្នង ​ដែល​សង់​ពី​ស៊ីម៉ងត៍ ​ហើយ​មាន​កុមារា ​និង​កុមារី ​ចំនួន​ ៤ ​ភូមិ ​ដែល​កំពុង​សិក្សា​នៅ​សាលា​បឋម​នេះ​។ ចំណែក​ទីតាំង​សាលា ​ស្ថិតនៅ​ភូមិ​គោក​ពន្លៃ ​ឃុំ​ចំណោម ​ស្រុក​មង្គលបុរី ​ខេត្តបន្ទាយមានជ័យ​។ ចំពោះ​សប្បុរសជន​ណា ​ដែល​ចង់​បរិច្ចាគ​សម្លៀក​បំពាក់​ចាស់ៗ ​និង​សម្ភារ​សិក្សា​ដល់​កុមារ​ទាំងនោះ​ អាច​ទាក់ទង​កញ្ញា ​សាវឿន ណារីម ​ដែលជា​គ្រូបង្រៀន​នៅ​សាលា​បឋម​នេះ​ផ្ទាល់ ​០៨៨ ៤៧៦ ៧៧៤២៕

វីដេអូ៖