ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចជាស្ត្រីបានបង្ហាញបញ្ហាប្រឈម និងអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យទទួលយកក្ដីកង្វល់របស់ពួកគាត់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ ខណៈអ្នកនាំពាក្យក្រសួងបរិស្ថានថា កុំឱ្យមានការបារម្ភហួសហេតុពេក។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ តំណាងសហគមន៍ជនជាតិដើមភាគតិចមកពីតាមបណ្តាខេត្តនៅទូទាំងប្រទេស បានធ្វើសន្និសីទសារព័ត៌មានស្តីពីបញ្ហា និងការប្រឈមរបស់ស្ដ្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់និងសេចក្តីព្រាងច្បាប់ថ្មីច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ។

សេចក្តីប្រកាសរបស់តំណាងជនជាតិដើមភាគតិច បានអះអាងថា សន្និសីទនេះ គឺធ្វើឡើងដើម្បីបង្ហាញជាសាធារណៈអំពីស្ថានភាព បញ្ហាប្រឈម និងតម្រូវការជាក់លាក់របស់អ្នកការពារសិទ្ធិដីធ្លី ព្រៃឈើ និងធនធានធម្មជាតិជាស្ដ្រីជនជាតិដើមភាគតិច។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា«សន្និសីទនេះ ក៏ដើម្បីអំពាវអំនាវទៅដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធឱ្យមានការយកចិត្តទុកដាក់ និងផ្ដល់កិច្ចអន្តរាគមន៍ជាក់លាក់ដល់ជនរងគ្រោះជាអ្នកការពារសិទ្ធិដីធ្លី ព្រៃឈើ និងធនធានធម្មជាតិជាស្ដ្រីជនជាតិដើមភាគតិច»។

ក្នុងឱកាសនោះលោកស្រី ហ្វង ចំប៉ី អនុប្រធានសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា បានលើកឡើងថា ជនជាតិដើមភាគតិចកម្ពុជា មានប្រពៃណីទំនៀមទម្លាប់ របៀបរស់នៅពឹងអាស្រ័យផលលើដីធ្លី និងធនធាន

ធម្មជាតិ និងមានជំនឿប្រតិបត្តិលើការសែនព្រេន និងគោរពទៅលើទឹកដីព្រៃឈើភ្នំបឹងបួអូរជ្រោះថ្មតាំងពីដូនតាមក។ លោកស្រីបន្តថា តាមទីតាំងភូមិសាស្ត្រនីមួយៗ និងរបៀបនៃការរស់នៅ ការដឹកនាំត្រូវបានស្គាល់យ៉ាងច្បាស់ដោយក្រុមចាស់ទុំនៅក្នុងភូមិតាមរយៈការចែករំលែកពី១ជំនាន់ ទៅ១ជំនាន់តាំងពីយូរយារណាស់មកហើយ។

លោកស្រី បានបញ្ជាក់ថា៖ «យើងខ្ញុំបានរៀបចំកម្មវិធីដែលអាចផ្ដល់ឱកាសដល់ស្តី និងតំណាងជនជាតិដើមភាគតិច លោកបានលើកពីបញ្ហា ការប្រឈម និងព្រួយបារម្ភពិតប្រាកដត្រង់ទៅត្រង់មក ជាមួយអ្នកពាក់ព័ន្ធក្នុងន័យពង្រឹងនូវការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាដល់ស្ត្រីជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិចទាំងមូល ព្រមទាំងការបង្កើតច្បាប់ថ្មីដែលនឹងជួយដោះស្រាយបញ្ហារបស់ស្ត្រីជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិច»។

បន្ថែមពីនេះ លោកស្រី ហ្វង ចំប៉ី ក៏បានអះអាងថា សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា នឹងបន្តរួមសហការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចដោយមិនខ្លាចនឿយហត់ដើម្បីលើកកម្ពស់ការអភិវឌ្ឍគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី បានបញ្ជាក់ថា៖«ក្នុងនាមសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា សូមសំណូមពរដល់តំណាងក្រសួង អាជ្ញាធរខេត្ត ទូត អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងចូលរួមធ្វើការចែករំលែក ស្តាប់ ផ្ដល់ជាអនុសាសន៍ និងការទទួលយកពិចារណានូវសំណើរបស់សហគមន៍ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ដល់ស្ត្រី និងសហគមន៍ជនជាតិដើមភាគតិច»។

លោកស្រីបានរៀបរាប់ពីបញ្ហានិងការប្រឈមរបស់ស្ដ្រីជនជាតិដើមភាគតិចថា៖«ការរស់នៅការប្រកបមុខរបរចិញ្ចឹមជីវិតនិងប្រតិបត្តិជំនឿរបស់យើងខ្ញុំមានការប្រែប្រួលជាខ្លាំងលើសុវត្ថិភាពដីធ្លីហើយការបាត់បង់ដីធ្លីនេះបាននាំឱ្យមានការបាត់បង់មុខរបរចិញ្ចឹមជីវិត(សុវត្ថិភាព សង្គម សុភមង្គល អត្តសញ្ញាណ និងវប្បធម៌) ជាក់ស្ដែងសហគមន៍ជាច្រើននៅមិនទាន់បានធ្វើការចុះបញ្ជីដីសមូហភាព គ្មានដីប្រើប្រាស់គ្រប់គ្រាន់ មានបញ្ហា

ជាមួយក្រុមហ៊ុនវិនិយោគ និងគម្រោងអភិរក្ស»។

បន្ថែមពីនេះទៀតបញ្ហាប្រឈមដែលធ្ងន់ធ្ងរនោះគឺស្ត្រីជនជាតិដើមភាគតិចរងនូវការចោទប្រកាន់ និងជាប់ពន្ធនាគារជាច្រើននាក់ផងដែរ ព្រោះតែពួកគាត់ប្រើប្រាស់និងការពារដីសមូហភាពរបស់ខ្លួនដែលពុំទាន់មានបណ្ណកម្មសិទ្ធិនៅឡើយ បើទោះជាសហគមន៍ពួកគាត់មានការទទួលស្គាល់ជាសហគមន៍នីតិបុគ្គល និងមានវិធានការកាពារបណ្ដោះអាសន្នចេញដោយរដ្ឋបាលខេត្តក៏ដោយ ។

យ៉ាងណាក្ដី លោក នេត្រ ភត្ត្រា អ្នកនាំពាក្យបរិស្ថាន បានប្រាប់ទៅកាន់ប្រជាសហគមន៍ជនជាតិដើមភាគតិចថាកុំឱ្យមានការព្រួយបារម្ភខ្លាំងពេកខណៈស្ថាប័នពាក់ព័ន្ធបានគិតគូរយ៉ាងច្បាស់ក្នុងការពារផលប្រយោ

ជន៍ពួកគាត់តាមរយៈការបង្កើតច្បាប់នានាក៏ដូចជាច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ស្តីពីតំបន់ការពារធម្មជាតិនេះ។

លោកបានបញ្ជាក់ថា៖«ពួកគាត់ពុំគួរមានការព្រួយបារម្ភហួសហេតុពេកតាមតែគេផ្តល់យោបល់ឱ្យនោះទេ។ ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិបានគិតគូរយ៉ាងច្បាស់លាស់ការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងនោះជនជាតិដើមភាគតិចក៏ជាពលរដ្ឋខ្មែរផងដែរ។ពួកគាត់មានសិទ្ធិសេរីភាពដូចពលរដ្ឋដទៃទៀតដែរ»។

ចំណែកលោក ជា អឿង សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ដែលបានចូលរួមក្នុងសន្និសីទនោះ បានថ្លែងថា រដ្ឋសភា បានយកចិត្តទុកដាក់ និងបានចូលរួមជំរុញសិទ្ធិស្ត្រី ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដោយធ្វើយ៉ាងណាសំដៅលើកកម្ពស់សិទ្ធិរបស់ពួកគាត់តាមរយៈការអនុម័តលិខិតបទដ្ឋានគតិយុត្តនានា។

លោកបានបង្ហាញសង្ឃឹមថា៖ «ភាគីពាក់ព័ន្ធទាំងអស់នឹងប្រើប្រាស់វេទិកាពិគ្រោះយោបល់នេះឱ្យមានប្រសិទ្ធភាពនៅក្នុងការកៀរគរមតិយោបល់ និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាធាតុចូលដ៏សំខាន់ក្នុងការពិនិត្យទៅលើខ្លឹមសារនៃការធ្វើវិសោធនកម្មច្បាប់នានាដែលពាក់ព័ន្ធ»។

បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ គឺកំពុងស្ថិតក្នុងដំណាក់កាលតាក់តែងដោយមានក្រសួងពាក់ព័ន្ធមួយចំនួន ដូចជា ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងយុត្តិធម៌ និងក្រសួងបរិស្ថាន។

ទាក់ទិននឹងបញ្ហានេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង ៣នេះ គឺមានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ៕