ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងច្រានចោល ខ្លឹមសារព័ត៌មាន ដែលចុះផ្សាយថា កម្ពុជាបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ពាក់ព័ន្ធការផ្តល់ជំនួយបណ្តុះបណ្តាលបច្ចេកទេសដោះមីនរបស់កម្ពុជាដល់អ៊ុយក្រែន។
នៅយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលខ្លឹមសារចុះផ្សាយរបស់គណនីឆាណែល Telegram មួយឈ្មោះថា «Demografiya upala» ដែលបានចុះផ្សាយព័ត៌មានមានខ្លឹមសារថា កម្ពុជាស្ថិតក្នុងក្រុមប្រទេសបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជុំវិញការណ៍ដែលកម្ពុជាផ្តល់ជំនួយផ្នែកបណ្តុះបណ្តាលដោះមីនដល់ភាគីអ៊ុយក្រែនកន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះ បណ្ដាលបច្ចេកទេសដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា គឺក្រោមកិច្ចសប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ»។
ក្រសួងការបរទេសបានស្នើឱ្យបណ្តាញឆាណែលព័ត៌មាន Telegram «Demografiya upala» ធ្វើការកែតម្រូវខ្លឹមសារដែលខ្លួនចុះផ្សាយឡើងវិញ ដែលក្រសួងការបរទេសចាត់ទុកឆាណែលនេះគ្មានវិជ្ជាជីវៈ មិនមានស្ថាប័នត្រឹមត្រូវ ប៉ុន្តែការផ្សាយនេះបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសអព្យាក្រឹតក្នុងនយោបាយការបរទេស និងជាប្រទេសស្រឡាញ់សន្តិភាព មិនគាំទ្រការដោះស្រាយបញ្ហាដោយអំពើហិង្សានិងសង្គ្រាម។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាលរយៈ ១ សប្តាហ៍ ដល់ភាគីអ៊ុយក្រែនលើការហ្វឹកហ្វឺនដោះមីននៅចម្ការមីនជាក់ស្តែង ក្រោមការសហការពីអ្នកជំនាញរបស់អង្គការស៊ីម៉ាក់ (CMAC) និងអាជ្ញាធរមីនកម្ពុជា ព្រមទាំងភាគីជប៉ុនដោយអង្គការ JICA ដែលអាចឆ្លើយតបទៅនឹងស្ថានភាព នៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញបោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីន ដោយការបញ្ជាសុនខ ហើយសិក្ខាកាមអ៊ុយក្រែនបានចុះអនុវត្តតាមបណ្តាខេត្តនានាដូចជា ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម។ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កិច្ចការនេះគឺជាការងារមនុស្សធម៌សុទ្ធសាធ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញផ្នែកការទូតសន្តិសុខ យល់ថា ការចុះផ្សាយព័ត៌មានរបស់បណ្តាញឆាណែល Telegram «Demografiya upala» ដែលថា កម្ពុជាផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ជាកំហុសធ្ងន់ធ្ងរមួយ ខណៈកម្ពុជាតែងគោរពគោលការណ៍និងច្បាប់អន្តរជាតិ សំដៅថែរក្សាសន្តិភាពក្នុងតំបន់និងពិភពលោក មិនគាំទ្រឡើយការប្រើសង្គ្រាមជាមធ្យោបាយដោះស្រាយបញ្ហា។
លោក ថុង ម៉េងដាវិត គូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជាយល់ច្បាស់អំពីគុណតម្លៃសន្តិភាព ដូចនេះបានជាការចោទ ប្រកាន់របស់បណ្តាញព័ត៌មាន Demografiya Upapa គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាចង់មួល បង្កាច់និងបង្ខូចឈ្មោះកម្ពុជា និងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងរុស្សី»។
លោក ថុង ម៉េងដាវិត បន្ថែមថា កិច្ចការដែលកម្ពុជាបញ្ជូនភ្នាក់ងារជំនាញមីនទៅអ៊ុយក្រែន និងការផ្តល់ការបណ្តុះបណ្តាលផ្នែកដោះមីនដល់អ៊ុយក្រែនជាជំនួយមនុស្សធម៌ ដែលបង្ហាញពីទឹកចិត្ត និងការប្តេជ្ញារបស់កម្ពុជា ក្នុងគោលដៅជួយប្រជាជនអ៊ុយក្រែន ឱ្យចៀសផុតនិងមានសុខសុវត្ថិភាពពីកាកសំណល់សង្គ្រាម ដែលកម្ពុជាធ្លាប់បានឆ្លងកាត់។
សម្រាប់លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia និងជាអ្នកតាមដានបញ្ហានយោបាយ អន្តរជាតិ ថ្លែងថា ការបញ្ជូនអ្នកជំនាញរបស់កម្ពុជាសម្រាប់ការដោះមីន និងការផ្តល់វគ្គបណ្តុះបណ្តាលដោះមីនសម្រាប់អ៊ុយក្រែន ជាជំនួយមនុស្សធម៌ ។ លោកថា ការផ្សព្វផ្សាយព័ត៌មានក្នុងខ្លឹមសារកម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជាបញ្ហាធំសម្រាប់កម្ពុជា ព្រោះកម្ពុជាប្រកាសជាប្រទេសអព្យាក្រឹតស្របតាមរដ្ឋធម្មនុញ្ញ ដោយមិនអនុញ្ញាតឱ្យភាគីបរទេសណាមួយ ដាក់កម្លាំងយោធាលើទឹកដីខ្លួន ឬដាក់កម្លាំងយោធាខ្លួនលើទឹកដីបរទេសនោះដែរ។
លោក រីម សុខវី គូសបញ្ជាក់ថា៖ «ទោះបីជាជម្លោះរវាងភាគីអ៊ុយក្រែន-រុស្ស៊ី ក៏ពិតមែន ប៉ុន្តែនៅពេលមានការចុះផ្សាយថា កម្ពុជាគាំទ្រជំនួយយោធាណាមួយដល់អ៊ុយក្រែន វាមានន័យថា គេនឹងចាត់ទុកកម្ពុជា ចេញមុខដោយផ្ទាល់ក្នុងការប្រឈមមុខជាមួយរុស្ស៊ី ក្លាយជាសត្រូវនឹងរុស្ស៊ី ដែលផ្ទុយពីអ្វីដែលកំពុងកើតឡើងសម្រាប់ទំនាក់ទំនងកម្ពុជា-រុស្ស៊ី ហើយវាបង្ហាញថា កម្ពុជាដើរខុសចាកឆ្ងាយពីរដ្ឋធម្មនុញ្ញរបស់ខ្លួនទៅទៀត»។
កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លះខែមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ដែលលោក ហ៊ុន សែន ថា អាចនឹងមានទស្សនកិច្ចទៅអ៊ុយក្រែនក្នុងពេលវេលាសមស្រមណាមួយព្រមទាំងមានកិច្ចព្រមព្រៀងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក និងជំនួយមនុស្សធម៌នានា បូករួម នឹងជំនួយផ្នែកដោះមីន ជាដើមផង៕