ភ្នំពេញៈ ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០២២ កន្លងទៅរាជរដ្ឋាភិបាល បានចំណាយថវិកាសរុបជាង ៥ លាន ដុល្លារអាមេរិក ផ្តល់ជូនកម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចំនួនជាង ៥ ម៉ឺននាក់ ដែលសម្រាលបានកូនសរុប ៥៦ ១៧៣ នាក់។
យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលពេញ១ ឆ្នាំ គឺក្នុងឆ្នាំ ២០២២ ថវិកាសរុបប្រមាណ ២២ ៤៦៩ ២០០ ០០០ រៀល ឬស្មើនឹងជាង ៥,៤៨០ លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
របាយការណ៍បានបន្តថា កម្មការិនីជាស្ត្រីសម្រាលកូន និងបានទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល មានសរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣ នាក់ (ស្រ្តីសម្រាលបានកូនភ្លោះ ២ មានចំនួន ៣៩៣ នាក់ និងកូនភ្លោះ ៣ មានចំនួន ៥ នាក់) ដែលអត្រានេះ មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ ២០២១។
បើតាមនាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស បានឱ្យដឹងដែរថា ក្នុងរយៈពេល ៤ ឆ្នាំ គឺគិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ថវិកាសរុបប្រមាណជាង ១៣៨ ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាល បើកផ្ដល់ជូនកម្មការិនីជាស្រ្តីសម្រាលកូននេះ។
ប្រភពដដែលបានបន្តថា បេឡាជាតិសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៣៤៣ ៨៨៤ នាក់ ដែលមានចំនួនកូនសរុបចំនួន ៣៤៦ ២៥៨ នាក់ (ស្រ្តីសម្រាលបានកូនភ្លោះ ២ មានចំនួន ២ ៣២៦ នាក់ និងកូនភ្លោះ៣ មានចំនួន ២៤ នាក់)។
នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គមបានបញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់នេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយនូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូនក្នុងអំឡុងពេលសម្រាលមាតុភាព»។
អ្នកស្រី ស្រ៊ុន ចិន្តា អាយុ៣៤ឆ្នាំ ពលរដ្ឋនៅខេត្តតាកែវ បានប្រាប់ឱ្យដឹងថា អ្នកស្រីធ្លាប់ទទួលបានថវិកាចំនួន៤០ម៉ឺនរៀលម្តង កាលពីឆ្នាំ២០២០ ក្នុងពេលដែលអ្នកស្រីបានសម្រាលកូនស្រីដំបូង។
អ្នកស្រីថា ៖ «ចំនួនថវិកា ៤០ម៉ឺនរៀល សម្រាប់អ្នកមានជីវភាពធូរធារ មើលទៅមិនច្រើនទេ គេចាយតែ១ថ្ងៃឬ១ពេលអស់ច្រើនជាងនេះផង ប៉ុន្តែសម្រាប់ខ្ញុំវាច្រើន ខ្ញុំអាចចាយបានច្រើនថ្ងៃ ដោយការសន្សំសំចៃ។ កាលហ្នឹងគឺខ្ញុំពិតជាសប្បាយចិត្តមែនទែនពេលបានលុយនេះមក»។
អកស្រី ស្រ៊ុន ចិន្តា បានបន្តថា អ្នកស្រីមានគម្រោងយកកូន១ទៀត នៅឆ្នាំនេះ ហើយអ្នកស្រីសង្ឃឹមថា នឹងទទួលបានថវិកាពីរាជរដ្ឋាភិបាលដូចមុនទៀត។
សូមរំឭកដែរថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់ស្ត្រីជាកម្មការិនីសម្រាលកូន ចាប់តាំងពីឆ្នាំ២០១៤មក ដែលជាការរអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាល។
សម្រាប់ការផ្តល់ប្រាប់ឧបត្ថម្ភនេះដែរ ស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករផ្ទាល់។
ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំនួន ៥ លានរៀលទៀតផងដែរ៕