ក្រចេះ: រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល​ត្រូវមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ប្រកបដោយ​ប្រសិទ្ធភាព និង​មិនត្រូវ​អនុញ្ញាតឱ្យ​មានការ​នេសាទ​គ្រប់​ប្រភេទ​នៅតាម​អន្លង់​សត្វ​ផ្សោត​ជាដាច់ខាត ទាំង​នៅ​រដូវប្រាំង និង​វស្សា ព្រោះ​វា​ជាទី​តាំង​ស្នូល​សម្រាប់​ការបង្កបង្កើន​ផល​នេសាទ​។​

​ការណែនាំ​របស់លោករ​ដ្ឋ​មន្ដ្រី​ក្រសួងកសិកម្ម​បែបនេះ​ធ្វើឡើង​ក្នុងពេល​លោក​ចុះទៅពិនិត្យ​និង​ពង្រឹង​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​អន្លង់​ផ្សោត​កាំ​ពី​ស្ថិតនៅ​ភូមិ​កាំ​ពី ឃុំ​សម្បុក ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ នៅ​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ ​២០២៣​។

​លោក​បញ្ជាក់ថា​៖ «​រដ្ឋបាល​ជលផល​ត្រូវមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ប្រកបដោយ​ប្រសិទ្ធភាព ពិសេស​ត្រូវមាន​គោលដៅ​ការពារ​រតនសម្បត្តិ​សត្វ​ផ្សោត និង​ត្រូវ​កាត់បន្ថយ​ការធ្វើ​នេសាទ​ដោយ​បង្វែរ​ការនេសាទ​ឱ្យទៅជា​អ្វី​ផ្សេងៗ ដូចជា​ការចិញ្ចឹម​ត្រី ដែល​ចំណាយ​ទុន​តិច តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ត្រូវ​ទប់ស្កាត់​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​»​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹ​ម រចនា បានឱ្យដឹង​នៅ​ថ្ងៃទី ​២៥ ខែមករា ថា ក្នុងឱកាស​ចុះទៅ​នោះ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានផ្តល់​ជូន​ហ្វា​ភ្លើង​ ១០​ គ្រឿង កែវយឹត ១០ ​គ្រឿង និង​ម៉ាស៊ីន​ទូក​ល្បឿន​លឿន​ ៣​ គ្រឿង និង​វិទ្យុ ទាក់ទង​ដល់​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ​សម្រាប់​ការ​ជិះ​ត្រួតពិនិត្យ​តំបន់​ផ្សោត​ក៏ដូចជា​សិក្សា​ទីតាំង​នេសាទ​ខុសច្បាប់​ដើម្បី​កំណត់​នូវ​អត្តសញ្ញាណ​ជនបង្ក ដើម្បី​អនុវត្តតាម​នីតិវិធី​។

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​ណែនាំ​ឱ្យមាន​ការផ្តល់​ធាតុ​ចូល​បន្ថែម​ពី​ទីតាំង​ភូមិសាស្ត្រ និង​ការប្រើ​កម្លាំង​នៅ​ទីតាំង​ស្នូល​ដូចជា អន្លង់​កាំ​ពី ដែលជា​តំបន់​មាន​ផ្សោត​ច្រើន​នៅ​រដូវប្រាំង​ដោយ​មិនឱ្យ​មានការ​នេសាទ​ខុសច្បាប់​ទាំង​នៅ​រដូវប្រាំង និង​វស្សា ព្រោះ​វា​ជាទី​តាំង​ស្នូល​សម្រាប់​ការបង្កបង្កើន​ផល​នេសាទ​។

​កញ្ញាបញ្ជាក់ថា​៖ «​ឯកឧត្តមសង្ឃឹមថា មានការ​ថែរក្សា​ផ្សោត​មិនឱ្យ​បាត់បង់​ដោយ​បន្ត​អភិរក្ស​និង​អភិវឌ្ឍ​សត្វ​ផ្សោត​ព្រមទាំង​ជម្រក​ត្រី​ផងដែរ​»​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែមថា នៅ​កម្ពុជា សត្វ​ផ្សោត​ទន្លេមេគង្គ​មាន​វត្តមាន​រស់នៅ​ខេត្ត ក្រចេះ និង​ស្ទឹងត្រែង​។ គិត​ត្រឹម​ឆ្នាំ​ ២០២២​ កន្លងទៅនេះ សត្វ​ផ្សោត​នៅ​កម្ពុ​ជាមាន​ ៨៥ ​ក្បាល​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WWF​ កម្ពុជា​ចេញ​ថ្ងៃទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២២ បានឱ្យដឹងថា សត្វ​ផ្សោត​សរុប​ចំនួន ​១១ ​ក្បាល​បាន​ស្លាប់​នៅក្នុង​ឆ្នាំ​ ២០២២ (​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២២)​។ រីឯ​សត្វ ផ្សោត​ដែល​បាន​ស្លាប់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​មាន​ចំនួន​សរុប​ ២៩ ក្បាល​។

សត្វផ្សោតនៅខេត្តក្រចេះ នាពេលកន្លងទៅ។ រូបថត WWF Cambodia

​តាមរយៈ​សេចក្តីប្រកាស​នោះ អង្គការ WWF​ កម្ពុជា​បាន​អំពាវនាវ​ជាថ្មី​ដល់​អាជ្ញាធរ​ទទួលខុសត្រូវ​ទាំងអស់​សូម​ប្រមូលផ្តុំ និង​ពង្រឹងកម្លាំង​សម្រាប់​ការអនុវត្ត​ច្បាប់​ជាបន្ទាន់​ក្នុងការ​បង្កើន​ការ​ល្បាត​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែល​នៅ​សេសសល់​ឱ្យ​ចៀស​ផុតពី​ការស្លាប់​ដោយសារ​ការនេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​។

​ពាក់ព័ន្ធ​ការអភិរក្ស​សត្វ​ផ្សោត​នេះ​កាលពី​ថ្ងៃទី​ ២ ខែមករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ដាស់តឿន​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ឱ្យ​អាជ្ញាធរខេត្ត​ចំនួន​ ២ គឺ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​បង្កើន​ការយកចិត្តទុកដាក់​អភិរក្ស​សត្វ​ផ្សោត​ដោយ​ត្រូវបង្កើត​តំបន់​ស្នូល​អចិ​ន្រៃ្ដ​យ៍​នៅ​តំបន់​ដែល​ផ្សោត​រស់នៅ​ដើម្បី​ធានាបាន​ថា គ្មាន​ការនេសាទ​ខុសច្បាប់​ដែល​ប៉ះពាល់​ដល់​សត្វ​ផ្សោត និង​ត្រី​មួយចំនួន​ដែល​ជិត​ផុត​ពូជ​។

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ត្រូវមាន​តំបន់​ស្នូល​អចិ​ន្រៃ្ត​យ៍​ហើយ​តំបន់​នោះ​ត្រូវតែមាន​គំនូស​ហើយ​ខ្ញុំ​គិតថា បើ​តំបន់​ស្នូល​អចិ​ន្រៃ្ត​យ៍​នៅក្នុង​ទន្លេ​ដើម្បីឱ្យ​ប្រជាជន​បានដឹង​យើង​ដាក់​យុថ្កា ទម្លាក់​ពោង​នៅ​កន្លែង​ហ្នឹង​អត់​មាន​ឱ្យចូល​អត់​មាន​ឱ្យ​នេសាទ​អី​ទាំងអស់ គឺ​ដាច់ខាត​តែម្តង អាហ្នឹង​ត្រូវធ្វើ​ឱ្យបាន​ជាក់លាក់​»​។

​លោក ​សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែមករាថា ក្រោយពី​មាន​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ឃើញ​មាន​ចំណុច​វិជ្ជមាន​កើតឡើង​ច្រើន ទី១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រជុំពិភាក្សា​ដើម្បី​ពិនិត្យមើល​ឡើងវិញ​អំពី​តំបន់​ស្នូល​អចិ​ន្រៃ្ដ​យ៍​សត្វ​ផ្សោត និង​តំបន់​ស្នូល​ទៅតាម​រដូវ​កាល​ដោយ​មានការ​ដុតដៃដុតជើង​ច្រើន​ក្នុងការ​គ្រប់គ្រង​អភិរក្ស​ផ្សោត​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គាត់​កំពុងតែធ្វើការ​ទៅលើ​ជម្រើស​នៃ​ការផ្តល់​ផ្នត់គំនិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​ពឹង​អាស្រ័យទៅលើ​ការនេសាទ​។​បានន័យថា ពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ និង​កៀរគរ​ធនធាន​ដើម្បី​ជួយ​បង្វែរ​ការនេសាទ​ឱ្យមាន​ការងារ​ផ្សេង​»​។

​លោក​បន្តថា ទី​២ ឃើញថា​ខេត្ត​ទាំង​ ២ ក្រចេះ​ស្ទឹងត្រែង បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក និង​គណៈបញ្ជាការ​ឯកភាព​ក្រោម​ឱវាទ​របស់ខ្លួន​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​បាន​តឹងរ៉ឹង​នៅ​កន្លែង​ផ្សោត​រស់នៅ​។​

​លោក​ថា​៖ «​បញ្ជា​ចេញពី​អភិបាលខេត្ត​ខ្ញុំ​យល់ថា វា​មាន​ប្រសិទ្ធភាព​ទៅ​ថ្នាក់ក្រោម​ផ្តោត​ការយកចិត្តទុក ដាក់​ទៅលើ​ការគ្រប់គ្រង​សត្វ​ផ្សោត និង​គ្រប់គ្រង​ត្រី​មេ​ពូជ​អី​ជាដើម​»​។

​លោក សេង ទៀក បន្តថា ចំណុច​វិជ្ជមាន​ ១​ ទៀត​ដែល​លោក​សង្កេតឃើញ​គឺ​ការ​ល្បាត​របស់​រដ្ឋបាល​ជលផល​មាន​ភាព​សកម្ម​ជាង​មុន ដោយ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​នៅ​តំបន់​ដែល​ផ្សោត​រស់នៅ​។ តាមរយៈ​ការ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​នេះហើយ​ដែល​ធ្វើឱ្យ​បទល្មើស​នេសាទ​មួយចំនួន ត្រូវបាន​កាត់បន្ថយ ជាពិសេស​នៅ​តំបន់​ផ្សោត​រស់នៅ​។​

​លោក​បញ្ជាក់ថា​៖ «​ការ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​នៅ​តំបន់​ផ្សោត​រស់នៅ​អត្រា​ស្លាប់​នៃ​ផ្សោត​តាំងពី​សម្តេចនាយក​រដ្ឋមន្ត្រី​មាន​អនុសាសន៍​រហូតមកដល់​ឥឡូវ គឺ​អត់​ឃើញ​មាន​សញ្ញា​ណាមួយ​នាំឱ្យ​ផ្សោត​ស្លាប់​ទេ​»៕

វីដេអូ៖