
ពលរដ្ឋងាយរងគ្រោះដែលទទួលបានការឧបត្ថម្ភកន្លងមក។ រូបថត អង្គការគាំពារសង្គមកម្ពុជា ហេង ជីវ័ន
ភ្នំពេញៈ គិតត្រឹមថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៩៣០ លានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់បានទទួលពីការឧបត្ថម្ភនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយកូវីដ ១៩ មានចំនួន ១១ ជុំ និង ៣១ លើក ដោយក្នុងនោះរដ្ឋបានចំណាយទឹកប្រាក់ចំនួន ៩៣១,៧១ លានដុល្លារ។
ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបានពីការឧបត្ថម្ភនេះមានចំនួន ២ ៧៨៨ ០៦៥ នាក់នៃចំនួន ៧០៦ ៦៤៨ គ្រួសារ។ ពលរដ្ឋដែលទទួលផលក្នុងនោះកុមារចាប់ពីអាយុ ០-៥ ឆ្នាំ មានចំនួន ១៦៥ ៦៤៣ នាក់ មនុស្សវ័យចាស់អាយុពី ៦០ ឆ្នាំឡើងទៅចំនួន ៣៦៦ ១៥៨ នាក់ ជនមានពិការភាពចំនួន ៦៤ ៥៧៦ នាក់ ព្រមទាំងផ្តល់ជូនដល់គ្រួសារដែលមានជំងឺអេដស៍មានប្រមាណ ២ ០៣៦ នាក់ផងដែរ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី ១២ លើកទី ១ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានរយៈពេល ៣០ ថ្ងៃសម្រាប់ទៅដកប្រាក់។
ព្រមជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ចស្នើសុំឱ្យអ្នកទទួលផលទាំងអស់ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីនេះឱ្យបានត្រឹមត្រូវដោយចៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឱ្យអបាយមុខផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការអន្តរាគមន៍ជំនួយជាសាច់ប្រាក់នេះ។
ក្រសួងសង្កត់ធ្ងន់ថា «ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ខុសគោលដៅបែបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរ។ បើក្នុងករណីអ្នកទទួលផលទាំងនោះមិនរាងចាលនោះទេ មេឃុំចៅសង្កាត់ ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពបណ្ណក្រីក្រនោះឡើងវិញ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព បានថ្លែងថា ការបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតមកទល់ពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការជួយឱ្យពលរដ្ឋមានលទ្ធភាពស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញបន្តិចម្តងៗ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានការត្រេកអរ ដែលរដ្ឋាភិបាលនៅបន្តជួយគាត់ ទោះបីកូវីដរាងស្បើយបន្តិចក៏ដោយ ប៉ុន្តែជីវភាពពលរដ្ឋនៅតែមានការលំបាកនៅឡើយ។ អ្នកខ្លះមិនទាន់អាចចាប់ផ្តើមមុខរបរបានច្បាស់លាស់ អ្នកខ្លះចាប់ផ្តើមហើយដួលទៅវិញជាពិសេសអ្នករកស៊ីតូចតាច។ អ៊ីចឹងបើរដ្ឋមិនផ្តល់ការឧបត្ថម្ភទេ បញ្ហានេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋខ្លាំងណាស់»។
អគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឈួរ សុបញ្ញា ធ្លាប់បានពន្យល់ថា ការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្របានចែកចេញជា ៣ ប្រភេទ គឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទហើយគ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ទៅតាមទំហំគ្រួសារ។
លោកថា៖ «ជាមធ្យមនៅជនបទទទួលបាន ២០ ម៉ឺនរៀលក្នុង ១ ខែ សម្រាប់ ១ គ្រួសារ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែលផ្តល់នេះមិនមែនសុខៗយើងឱ្យសាច់ប្រាក់ខុសគ្នាទេ ផ្តល់នេះផ្អែកលើមូលដ្ឋាននៃការសិក្សាលើប្រាក់ចំណូល។ ការសិក្សានេះមានការចូលរួមពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី»៕