លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបង្កើតសារមន្ទីរកៅស៊ូនៅខេត្តត្បូងឃ្មុំ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា និងបានលើកឡើងពីការគួរដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ ចំពោះដើមកៅស៊ូជិត ៥០០ ដើម ដែលមានអាយុកាលជាង ១០០ ឆ្នាំ។
លោក ឌិត ទីណា បានថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា កាលពីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។ លោកបានលើកឡើងថា ដំណាំកៅស៊ូ ក្នុងចម្ការកៅស៊ូជប់ ដែលមានទីតាំងស្ថិតនៅឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ ដែលបច្ចុប្បន្ន នៅសេសសល់ជិត ៥០០ ដើម និងមានអាយុជាង ១០០ ឆ្នាំទៅហើយនោះ គួរត្រូវបានចាត់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ។
លោកថ្លែងថា៖ «យើងត្រូវធ្វើការការពារ និងអភិរក្សដំណាំកៅស៊ូនៅ [ចម្ការកៅស៊ូជប់] ឱ្យបានល្អ សម្រាប់ជាសម្បត្តិបេតិកភណ្ឌជាតិ ហើយទៅថ្ងៃមុខយើងនឹងរៀបចំទីនេះ ទៅជាសារមន្ទីរកៅស៊ូ សម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា»។
យោងតាមឯកសារស្រាវជ្រាវមួយ របស់ក្រសួងកសិកម្ម ចម្ការកៅស៊ូជប់ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩២២ ដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Campagnie du Cambodge ដោយបានដាំកៅស៊ូនៅលើដីសម្បទានទំហំជិត ១៧ ០០០ ហិកតា។
បច្ចុប្បន្ន ដើមកៅស៊ូចាស់ៗ ដែលត្រូវបានដាំនៅក្នុងចម្ការកៅស៊ូនេះ តាំងពីដំបូងទីមក ត្រូវបានគេកត់ត្រាថា មាននៅសេសសល់ចំនួន ៤៧៧ ដើម នៅលើផ្ទៃដីប្រមាណត្រឹមតែ ១៤ ហិកតាប៉ុណ្ណោះ ហើយដើមនីមួយៗមានទំហំមុខកាត់ចាប់ពី ០,៧៥ ម៉ែត្រ ទៅ ១,៥ ម៉ែត្រ និងមានភាពធននឹងអាកាសធាតុ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញ ចុះពិនិត្យព្យាបាល និងអភិរក្សដើមកៅស៊ូចាស់ៗទាំងនោះឱ្យបានល្អ ដោយត្រូវរៀបចំបង់លេខសម្គាល់លើដើមកៅស៊ូនីមួយៗឱ្យបានត្រឹមត្រូវ ព្រោះវាជាស្តុកនៃពូជសម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ការផលិតពូជបន្តទៀត។
ជាមួយគ្នានេះ លោកបានណែនាំឱ្យស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធដែលជាដៃគូលើវិស័យនេះបង្កើនការផលិតពូជថ្មីសម្រាប់កសិករយកទៅដាំដុះ ហើយត្រូវយកចិត្តដាក់លើការពិសោធន៍ជ័ររាវ ព្រោះវាមានសារៈសំខាន់ ក្នុងការស្វែងយល់ពីប្រសិទ្ធភាពនៃដើមកៅស៊ូ។ ជាពិសេស ត្រូវពិនិត្យមើលលើលទ្ធផលចៀរជ័រប្រចាំឆ្នាំ តម្លៃទីផ្សារ និងគិតគូរពីកម្លាំងពលកម្មផងដែរ។
ជុំវិញគម្រោងប្រែក្លាយចម្ការកៅស៊ូជប់ទៅជាសារមន្ទីរកៅស៊ូ លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលជាក្រុមហ៊ុនដាំដុះនិងនាំចេញកៅស៊ូដ៏ធំមួយនៅកម្ពុជា បានសម្ដែងការសាទរ ហើយថា ចម្ការកៅស៊ូជប់មានពូជកៅស៊ូច្រើនប្រភេទ និងជាពូជដែលល្អថែមទៀត។
លោកថ្លែងថា៖ «ចម្ការកៅស៊ូជប់ ជាតំបន់ដែលបង្កើតចម្ការកៅស៊ូធំៗមុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំគាំទ្រចំពោះការប្រែក្លាយចម្ការកៅស៊ូនេះ ទៅជាសារមន្ទីរកៅស៊ូ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំកៅស៊ូនៅកម្ពុជា»។
យោងតាមបទបង្ហាញរបស់លោក លីម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ដីពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា បានបង្ហាញថា ដំណាំកៅស៊ូកម្ពុជា មានសក្តានុពលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងលូតលាស់ល្អសមស្របនឹងលក្ខខណ្ឌបរិស្ថានប្រទេសកម្ពុជា។
ទោះយ៉ាងណា លោក សុភក្តិ បាននិយាយថា ពូជកៅស៊ូដែលបាននិងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺមានជាង ២០ ពូជ ដែលត្រូវបាននាំចូលពីបណ្តាប្រទេសផ្សេងៗ ជាពិសេស ប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាម ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះ កៅស៊ូដែលអាចចៀរជ័របានមានផ្ទៃដីចំនួន ៣១៥ ៣៣២ ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ៕