ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា កម្ពុជាមិនទាន់វ័ណ្ឌកដោយសារបំណុលសាធារណៈទេ ប៉ុន្តែអ្វីដែលត្រូវព្រួយបារម្ភ គឺបំណុលឯកជនខណៈដែលរដ្ឋកំពុងបង្កើនការគ្រប់គ្រងឱ្យបានល្អ។
ថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ ២០២៣» នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ លោក វង្សី វិស្សុត បានលើកឡើងថា ដោយសារតែការដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាលនៃបណ្តាប្រទេសធំៗក្នុងពិភពលោក បានធ្វើឱ្យបំណុលឯកជនកាន់តែធំដែលធ្វើឱ្យបន្ទុកសេវាបំណុលរបស់ប្រជាជនក្នុងផ្នែកវិស័យឯកជនកាន់តែធ្ងន់ធ្ងរដោយកាលពីមុនអត្រាការប្រាក់ដែលមានពី ៧ ទៅ ៨ ភាគរយ បានឡើងដល់ ៩ ទៅ ១០ ភាគរយ។
ទោះជាបែបនេះក្តី លោកបានបញ្ជាក់ថា៖« យើងមានសង្ឃឹមថា អាមេរិកលែងដំឡើងអត្រាការប្រាក់លឿនទៀតហើយ បើទោះជាឡើង ក៏ក្នុងកម្រិតតិចតួច និងយឺតដែរ។ ដោយសារតែនិន្នាការនៃការធ្លាក់ចុះនៃអតិផរណារបស់ពិភពលោក»។
លោកបានបន្ថែមថា៖«ការខ្ចីចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីពីបរទេស និងក្នុងស្រុក ចំនួន ១ ៨០០ លានដុល្លារ ក្នុងឆ្នាំ ២០២៣ មានទំហំមិនស្មើនឹង ២០ ភាគរយ នៃចំណាយសរុបឆ្នាំ ២០២៣ ទេ។ ដោយខុសពីឆ្នាំ ១៩៩៥ ដែលពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាងក្រៅរហូតដល់ ៧៥ ភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួនឯងរហូតដល់ ៨៣ ភាគរយ ពឹងផ្អែកថវិកាខាងក្រៅតែជាង១៧ ភាគរយប៉ុណ្ណោះ»។
បើតាមលោក វង្សី វិស្សុត គិតត្រឹមដំណាច់ឆ្នាំ ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួនជិត ១ ម៉ឺនលានដុល្លារ (៩ ៩៧២,៥៩ លានដុល្លារ)ក្នុងនោះបំណុលក្រៅប្រទេស ៩ ៩៥៥,០៨ លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលមានជិត ២០ លានដុល្លារ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារូបនេះបានឱ្យដឹងថា បំណុលសាធារណៈរបស់កម្ពុជា មានកម្រិតប្រមាណ ៣៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ានគឺកម្ពុជាមានបំណុលសាធារណៈតិចជាងគេបង្អស់ បន្ទាប់ពីប្រទេសប៊្រុយណេ ដែលជាប្រទេសមិនមានខ្ចីបំណុលពីបរទេសឡើយ។
លោកបានបញ្ជាក់ថា៖ «ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជានៅតិចជាងគេទាំងអស់នៅអាស៊ាននេះបំណុលសាធារណៈរបស់កម្ពុជា គឺតិចជាងគេ បន្ទាប់ពីប៊្រុយណេ ព្រោះប៊្រុយណេ មិនមានខ្ចីលុយគេចាយទេ។ដោយឡែកបំណុលសម្រាប់ពលរដ្ឋម្នាក់ៗក៏ទាបដែរ ប្រជាជនយើងម្នាក់ជំពាក់ប្រមាណ ៦០០ ដុល្លារ ខណៈនៅអាមេរិកវិញបំណុលមានជាង ១២០ ទៅ ១៣០ ភាគរយ នៃGDP»។
លោកបានបន្ថែមថា តួលេខនេះបង្ហាញថា កម្ពុជាមានឯករាជភាពខ្លួនឯង ពឹងផ្អែកខ្លាំងចំណូលផ្ទៃក្នុងរបស់កម្ពុជា ពន្ធគយ និងពន្ធដារ ដែលមានការកើនឡើង កាត់បន្ថយនៃការពឹងផ្អែកថវិកាពីបរទេស។
គិតត្រឹមចុងឆ្នាំ ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេសចំនួន៩៩៥៥,០៨លានដុល្លារ ក្នុងនោះបំណុលប្រទេសចិនចំនួន ៤០ ភាគរយ,បំណុលធនាគារអភិវឌ្ឍន៍អាស៊ី ២១ ភាគរយ,បំណុលទ្វេភាគីផ្សេងៗចំនួន ២២ ភាគរយ, បំណុលធនាគារពិភពលោក ៩ ភាគរយ,បំណុលមរតក ចំនួន ៦ ភាគរយ និងបំណុលពហុភាគី ២ ភាគរយ។ច្បាប់ថវិកាឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩ ៦០០ លានដុល្លារ ក្នុងនោះចំណូលត្រូវរកឱ្យបាន ៧ ២០០ លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន១ ៨០០ លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០ លានដុល្លារ៕