ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យបញ្ឈប់វិធីសាស្ត្រអប់រំសិស្សដោយការចាប់បង្ខំ ខណៈលោកបានចាត់ទុកសកម្មភាពរបស់គ្រូអនុវត្តវិន័យនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន ដែលបានដើរឈូសសក់សិស្សថា ជារឿងអស់យល់ ព្រោះតែមើលទៅសក់សិស្សានុសិស្សហាក់មិនមានសភាពវែងនោះទេ។
ការថ្លែងពាក់ព័ន្ធទៅនឹងសកម្មភាពគ្រូអនុវត្តវិន័យនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូននេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីករណីនេះ មានប្រតិកម្ម និងជជែកវែកញែកជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកថា ជារឿងមិនត្រឹមត្រូវ ក្រោយមានការបង្ហោះរូបជាច្រើនសន្លឹកក្នុងការចុះអនុវត្តវិន័យនៅក្នុងសាលានេះកាលពីថ្ងៃទី ២៣ ខែមករា។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «និយាយរឿងគ្រូកាត់សក់សិស្ស អស់ឆ្ងល់ អស់យល់តែហ្មង។ តែខ្ញុំនិយាយនេះ មិនមែនសំដៅគ្រូទូទាំងប្រទេសទេ។ ប៉ុន្តែសំដៅទៅលើគ្រូដែលបានធ្វើសកម្មភាពនេះ នៅវិទ្យាល័យនេះ ហើយជាវិទ្យាល័យដែលខ្ញុំធ្វើឱ្យទៀត ទៅកើតរឿងក្នុងវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូនហ្នឹងទៀត»។
លោកបានថ្លែងបន្តថា៖ «លោកគ្រូអើយលោកគ្រូ បើសិនជាយើងចង់តម្រូវ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ដឺទៅឈូសសក់គ្នាកណ្តាលថ្នាក់អ៊ីចឹងទេ។ កូនសិស្សរបស់យើង ដូចកូនរបស់យើងអ៊ីចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ។ អ៊ីចឹងរៀបចំកាត់សក់ឱ្យសិស្សទៅ បើគង់តែមានត្រង់ដឺដែរនោះ ហើយសិស្សហ្នឹង ក៏មើលទៅជាសក់ដូចជាមិនជាសក់វែងអីទេ។ សឹងតែសក់គ្រូហ្នឹង វែងជាងសក់សិស្សទៅទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ថ្លែងដោយបានស្នើឱ្យមានការកែប្រែឥរិយាបថពីការប្រើប្រាស់វិធីបង្ខំបែបនេះ ទៅជាការអប់រំណែនាំឱ្យសិស្សកាត់ដោយស្ម័គ្រចិត្ត ស្របជាមួយនឹងការលើកឡើងពីម៉ូដសក់របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួន ដែលពីអតីតកាលមានសភាពវែងជាងហ្នឹងឆ្ងាយណាស់។
លោកបានបញ្ជាក់ថា៖«ខ្ញុំសុំស្នើឱ្យកែប្រែឥរិយាបថពីការប្រើវិធីបង្ខំបែបនេះ ទៅជាមួយនឹងការអប់រំណែនាំឱ្យសិស្សកាត់។ ឮថាសាលាតម្រូវឱ្យសិស្សកាត់បែប PM (ឌឺមីរ៉ែកុម្ម៉ង់) ... គួរតែត្រូវបានអប់រំ»។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៦ ខែមករា មិនអាចសុំការឆ្លើយតបបានទេ បន្ទាប់មានការណែនាំពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ព្រោះទូរស័ព្ទចូលមិនមានអ្នកទទួល។ ប៉ុន្តែលោក ធ្លាប់បានបកស្រាយកាលពីថ្ងៃទី ២៤ មករាថា ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូននេះ គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់សាលាតែប៉ុណ្ណោះ ហើយគណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាល ក៏បានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ (PM)។
លោក យី សុងគី ថ្លែងថា នៅអំឡុងពេលអនុវត្តវិន័យ កាលពីថ្ងៃទី ២៣ មករានោះ គឺមានសិស្សប្រុសដែលមិនព្រមអនុវត្តតាមវិន័យសាលារហូតក្រុមប្រឹក្សាវិន័យកាត់សក់នេះចំនួន ២៣ នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះដំណោះស្រាយ និងការណែនាំទៅកាន់វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សំពៅលូន គឺគួរតែអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលបានណែនាំ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ពេលនេះ សូមយោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោករណីនេះដែលបានថ្លែងនាថ្ងៃនេះ (២៦ មករា ២០២៣)»។
គិតមកត្រឹមថ្ងៃទី ២៦ មករានេះ ការបង្ហោះនូវរូបជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពឈូសសក់សិស្សនៅលើទំព័រហ្វេសប៊ុករបស់វិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូន ត្រូវបានចែករំលែកបន្តជាង ៣០ ០០០ ដង និងមានការចូលបញ្ចេញមតិជិត ២០ ០០០ មតិ ដោយភាគច្រើនបានបង្ហាញការមិនពេញចិត្ត និងប្រតិកម្មទៅនឹងសកម្មភាពទាំងនោះថា ជាទង្វើគ្មានសីលធម៌ មិនត្រឹមត្រូវ ខណៈមានមតិតិចតួចបង្ហាញការគាំទ្រ៕