បាត់ដំបងៈ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតស្ថិតនៅក្នុងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ( Provincial water supply and Sanitation project ) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី នេះថា បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះសាងសង់រួច សេវាផ្គត់ផ្គង់ទឹកស្អាត កាន់តែត្រូវ បានពង្រីកវិសាលភាព បណ្តាញចែកចាយកាន់តែទូលំទូលាយបានមួយកម្រិតធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៥០ ០០០ ម៉ែត្រត្រីគុណ ក្នុង ១ ថ្ងៃ ហើយនៅទីប្រជុំជន ក្រុងបាត់ដំបងនឹងទទួលបានទឹកស្អាតប្រើប្រាស់ ១០០% ក្នុងឆ្នាំ ២០២៥។
លោកបន្តថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបានជាង ៣ ម៉ឺនម៉ែត្រត្រីគុណ ក្នុង ១ ថ្ងៃ ដែលមានប្រជាជនសរុបក្នុងតំបន់សេវាកម្មជាង ២៥ ម៉ឺននាក់ ហើយការផ្គត់ផ្គង់ទឹកស្អាតបានត្រឹមតែ ៦៨,៧៥% ប៉ុណ្ណោះ។
បើតាម លោក ចម ប្រសិទ្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺ មនុស្ស ,ទឹក ,ភ្លើង ,និងផ្លូវ ដែលជាក់ស្តែងរដ្ឋបាលខេត្តបាត់ដំបងបានចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធទឹកស្អាត ១ ដែលមានសមត្ថភាពផ្គត់ផ្គង់ ៥០ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ហើយនេះជាការបង្កើតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខ្នាតធំ ១ ជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុននៅក្នុងខេត្តបាត់ដំបង។
លោកបានថ្លែងថា៖ «មានទឹកស្អាតទើបមានការអភិវឌ្ឍ ផ្តើមចេញពីការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់នេះហើយ ទើបអាចជួយដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ហើយយើងមានលទ្ធភាពអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់ គ្រប់ ក្រុង ស្រុក ខេត្តរបស់យើងបាន ក៏ដូចជាសមិទ្ធផលថ្មីនេះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដោះស្រាយបញ្ហាទាំងអស់នេះ»។
លោក ខន ណារិទ្ធិ មន្ត្រីនៃអង្គភាពរដ្ឋាករទឹកបាត់ដំបង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ក៏បានថ្លែងដែរថា គម្រោងនេះ ជាកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍បារាំង (AFD) ដែលមានទឹកប្រាក់ប្រហែលជាង ៣៣,៦ លានដុល្លារអាមេរិក ដែលត្រូវសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ។
លោកថា វាមានសមត្ថភាពផលិតទឹកស្អាត ៥០ ០០០ ម៣/ថ្ងៃ ស្ថានីយបូមទឹកឆៅ និងពង្រីកបំពង់មេបញ្ជូនទឹកស្អាតប្រវែង ៩៣ គីឡូម៉ែត្រត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន The China Civil Engineering Construction Corporation (CCECC) និងមានការតាមដានត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃការអនុវត្តគម្រោងដោយក្រុមហ៊ុន PIAC។
លោក ខន ណារិទ្ធិ បានបន្តថា ៖ «គម្រោងនេះ មានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាត សម្រាប់ក្រុងបាត់ដំបងទាំងមូល និងតាមឃុំ នានា របស់ស្រុក២ គឺស្រុកថ្មគោល និងស្រុកសង្កែ ដែលមានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង ដែលជាការខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវផែនការអភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាត ‘ទឹកស្អាតដើម្បីទាំងអស់គ្នា’ ជូនដល់ប្រជាពលរដ្ឋតាមទីប្រជុំជនឲ្យបាន ១០០% នៅត្រឹមឆ្នាំ ២០២៥៕