ភ្នំពេញៈ គ្រូសូត្រឆ្វេង​ដែល​យក​ចានថ្ម​វាយ​ព្រះ​កេស​នេន​១​អង្គ​បែកឈាម​ស្រោច​ព្រះកាយ ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២៥ ខែមករា ប្រព្រឹត្ត​នៅ​វត្ត​ទ្រព្យ​គរ​ ស្ថិតក្នុង​ឃុំ​ត្រពាំង​សាប ស្រុកបាទី ខេត្តតាកែវ​នោះ ត្រូវបាន​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​ហើយ​នៅ​ថ្ងៃទី​ ២៦ ខែមករា បន្ទាប់ពី​ព្រះ​អនុគណ​ស្រុក​បាទី​ចាប់​ផ្សឹក​ក្រោយពី​បាន​ប្រព្រឹត្ត​ហិង្សា​បាន​ប៉ុន្មាន​ម៉ោង​។​

លោក​ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឈ្មោះ នួន ឆា​នី អាយុ ៣២​ឆ្នាំ ជា​អតីត​គ្រូសូត្រឆ្វេង​ដែលជា​បុគ្គល​ប្រព្រឹត្ត​អំពើហិង្សា​ម្នាក់​នោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែមករា ឆ្នាំ ២០២៣​។ ការចាប់ខ្លួន​នេះ​ប្រសិនបើ​ភាគី​​ជនរងគ្រោះ​មិន​ប្ដឹង ក៏​សមត្ថកិច្ច​របស់លោក​ត្រូវតែ​អនុវត្ត​ដែរ​ ព្រោះ​ក្នុងតួនាទី​ជា​នគរបាល​យុត្តិធម៌​។​

លោក​ថ្លែងថា​៖«​ដោយសារ​ពេលមុន​គាត់​នៅ​ជា​ព្រះសង្ឃ​ឥឡូវ​គាត់​ត្រូវបាន​ផ្សឹក​ហើយពី​ថ្ងៃ​ម្សិលមិញ​(​ថ្ងៃទី​២៥​មករា​)​។​បុគ្គល​ម្នាក់​នោះ​យើង​បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​»​។​

ជុំវិញ​ការប្រើ​អំពើហិង្សា​នេះ​ត្រូវបាន សង្ឃ​១​អង្គ​គង់នៅ​វត្ត​ទ្រព្យ​គរ​ ព្រះនាម ប៊ុត​ ចាន់​ថាច មាន​ថេរ​ដីកា​ថា កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០២៣ សាមណេរ​ឈ្មោះ​ពេជ្រ សាវុធ បាន​និមន្ត​មកពី​បិណ្ឌ​បាត​ជាមួយនឹង​សាមណេរ​ជាច្រើន​អង្គ​ទៀត​។​បន្ទាប់​ពេលនោះ​សាមណេរ​អង្គ​នោះបាន​រៀបចំ​ចង្ហាន់​ដែល​ចង្ហាន់​នោះ​មាន​វង់​ជាន់​លើ​សម្រាប់​ព្រះចៅអធិការ និង​គ្រូសូត្រស្តាំ​គ្រូសូត្រឆ្វេង​និង​វង់​ក្រោម​សម្រាប់​លោក​ជា​សាមណេរ​ឆាន់​រួមគ្នា​។​

ព្រះអង្គ​បន្តថា ​ពេល​កំពុង​រៀបចំ​ចាត់ចែង​បង្ហា​ន់​ទៅតាម​លំដាប់លំដោយ​ជា​ទម្លាប់​ដែល​ពេលនោះ​សាមណេរ​ពេជ្រ សាវុធ ឃើញថា​ ចង្ហាន់​នៅ​វង់​លើ​មាន​ច្រើនពេក​ក៏​យក​២​ទៅ​៣​ស្រាក់​មក​រំលែក​ដាក់​នៅ​ក្នុង​វង់​ក្រោម​វិញ​សម្រាប់​សង្ឃ​ឆាន់​រួមគ្នា​។​ស្របពេល​នោះឯង​ក៏មាន​គ្រូសូត្រឆ្វេង​ ព្រះនាម ​នួន ឆា​នី​ និមន្ត​មក​ទាន់​ឃើញ​សកម្មភាព​ចាត់ចែង​ចង្ហាន់​បែបនេះ​ក៏​យក​ចាន​គប់​សាមណេរ​រងគ្រោះ​ហើយ​វាយ​ទៅលើ​លោក​ពីរ​បី​ដៃ​។ ​អំពើ​វាយ​នេះ​មិន​អស់ចិត្ត​ថែមទាំង​យក​ចានថ្ម​វាយ​ព្រះ​កេស​លោក​ឱ្យ​របួស​ចេញឈាម​ស្រោច​ព្រះ​ទៀតផង​។​

ព្រះអង្គ ប៊ុត​ ចាន់​ថាច មាន​ថេរ​ដីកា ថា​៖«​ពេល​ដែលមាន​បញ្ហា​នោះ​នេនៗ​ជាច្រើន​អង្គ​ដែល​កំពុង​អង្គុយ​ចាន់​ក៏​ផ្អើល​ឈុ​ល​ឡើង​ហើយ​នាំគ្នា​ចុះ​ពី​សាលាឆាន់​អស់​។​ម្នាក់ៗ​នាំគ្នា​ជូត​ឈាម​សាមណេរ​រងគ្រោះ​ហើយ​ដឹក​យកទៅ​គ្លីនិក​ឯកជន​ដេរ​អស់​៧​ថ្នេរ​»​។​

បើតាម​ថេរ​ដីកា របស់​ព្រះអង្គ ចាន់​ថាច នៅ​ថ្ងៃ​ដដែល​នោះដែរ​បន្ទាប់ពី​មាន​អំពើហិង្សា​នេះ​កើត​ឡើងមក​ក៏​មាន​ព្រះគ្រូ​អនុគណ​ស្រុក​បាទី​ព្រះនាម​ភួង ម៉ិ​ញ ​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះមក​ដល់​វត្ត​ទ្រព្យ​គរ​ ហើយក៏​ប្រជុំ​បន្ទាន់ និង​សម្រេច​ចាប់​ផ្សឹក​ភិក្ខុ​បង្កហេតុ​អង្គ​នោះ​ភ្លាមៗ​ដែរ​។​ចំពោះ​សាមណេរ​រងគ្រោះ​បន្ទាប់ពី​គ្រូពេទ្យ​ដេរ​របួស​មក​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សឹង​នៅផ្ទះ​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​ព្យាបាល​របួស​។​

​ បើតាម អធិការ​ស្រុក​បាទី លោក ឆាយ កែវ​មុន្នី ជនសង្ស័យ​ឈ្មោះ​នួន ឆា​នី នឹងត្រូវ​ចាប់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ​ បន្តទៀត​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់លោក​បញ្ចប់​ការសាកសួរ​៕