ភ្នំពេញៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសបំភ្លឺពីសមត្ថកិច្ចរបស់ខ្លួនក្នុងការចាត់វិធានការលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កើតចេញពីអ្នកបើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឱ្យទារកអាយុ ២ ខែបាត់បង់ជីវិត និងមនុស្ស ២ នាក់ទៀតរងរបួសធ្ងន់ ក្រោយសម្រេចចោទប្រកាន់ពីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ។
លិខិតចុះថ្ងៃទី ២៥ មករា របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានសំណុំរឿងនេះពីមន្ត្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឱ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។
ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភ័ស្ដុតាងនានាក្នុងសំណុំរឿង តំណាង អយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងមានរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅចំណុច លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ តាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
កាលពីម៉ោង ២ ព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១ បានកើតឡើងនៅចំណុចគល់ស្ពានជ្រោយចង្វារ។ ក្នុងនោះមានយុវជនម្នាក់បានបើកបររថយន្តស៊េរីទំនើប ១ គ្រឿង ម៉ាក Lexus ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូចំនួន ៣ នាក់ បុរសជាអ្នកបើកបរ និងស្ត្រីជាម្តាយ និងទារកអាយុ ២ខែ ផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ ម៉ែត្ររងរបួសធ្ងន់ និងកំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗគ្នា។ ប៉ុន្តែក្រោយមក ទារក ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យ និងបានបញ្ជូនទៅធ្វើបុណ្យនៅវត្តទួលសង្កែ រាជធានីភ្នំពេញ។
ក្រោយកើតហេតុនេះភ្លាម សាធារណជនមួយចំនួន បានបង្ហាញប្រតិកម្ម និងទាមទាររកយុត្តិធម៌ជំនួសជនរងគ្រោះ ក្រោយពីមានសាច់ញាតិជនបង្ក បានផ្តល់សំណងចំនួន ២ ៥០០ ដុល្លារទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង និងជាថ្នូរឱ្យបាននៅក្រៅឃុំ។ ប៉ុន្តែសំណងនោះ ត្រូវបានជនរងគ្រោះ ប្រកាសបដិសេធ ដោយអះអាងថា ខ្លួនស្មានតែឯកសារផ្ដិតមេដៃនេះ គឺជាពាក្យបណ្តឹង ដើម្បីប្ដឹងបន្តទៅតុលាការ ដោយមិនដឹងថា ជាឯកសារបញ្ចប់រឿងនោះទេ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានលំនៅផ្ទះលេខ ៥៣ ផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៦ ខែមករា បានបញ្ជាក់ថា សមត្ថកិច្ច នៅតែបន្តកិច្ចសហការ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជននេះ បើទោះជាគិតមកត្រឹមថ្ងៃទី ២៦ ខែមករានេះ នៅមិនទាន់ត្រូវបានរកឃើញ បន្ទាប់ពីសមត្ថកិច្ច បានសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដោយមានលោក ធូ វិរៈ ជាមន្ត្រីនគរបាលអាវុធជាតិផ្ទុះ ជាអ្នកធានា។
លោក ផន ផល្លា ដែលត្រូវបានគេស្គាល់ថា ជាជនម្នាក់ បានចូលខ្លួនក្នុងការរ៉ាប់រងក្នុងអំឡុងពេលមានគ្រោះថ្នាក់ បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីតាមដានក្នុងករណីនេះ ដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានវិធានការឱ្យខានតែបាន ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកថ្លែងថា៖ «តើតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការអ្វីបន្តទៀតដែរ សម្រាប់ជនបង្កដែលរឹងក្បាល ឈ្លើយប្រមាថអាយុជីវិតគេដោយមិនខ្លាចរអានឹងច្បាប់រូបនេះ ដែលសូម្បីតែចេញដីកាហើយ ក៏ជននេះ មិនត្រូវបានសមត្ថកិច្ចនាំខ្លួនបាននៅឡើយ។ តាមរយៈការមិនចូលខ្លួន ឬអាចនាំខ្លួននេះ សរបញ្ជាក់ឱ្យឃើញថា ជននេះ គឺពិតជាល្មើសច្បាប់ ហើយមានបំណងមិនទទួលខុសត្រូវនឹងទង្វើរបស់ខ្លួន»។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៥៣ មិល្លីក្រាម ក្នុង ១ លីត្រខ្យល់។
មាត្រា ៨៣ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុង ១ លីត្រឈាមឡើងទៅ បណ្តាលឱ្យមាន របួសច្រើននាក់ អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១៥ លានរៀល។
ចំណែកមាត្រា ៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាល់កុលចាប់ពី ០,៤០ មិល្លីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុង ១ លីត្រឈាមឡើងទៅ អំពើល្មើសខាងលើនេះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លាន រៀល ទៅ ២៥ លានរៀល៕