ភ្នំពេញៈ អ្នកជំនាញមកពីគណៈកម្មការទី៥ នៃរដ្ឋសភា តំណាងគណៈកម្មការពាក់ព័ន្ធ និងក្រសួងព័ត៌មាន បាននិងកំពុងរួមគ្នាជំរុញលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា ខណៈស្ថាប័នទាំងនេះយល់ថា ព័ត៌មានគឺមានសារៈសំខាន់បំផុត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសតវត្សរ៍ថ្មីនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សារវាង គណៈកម្មការទី៥ ជាមួយនឹងក្រសួងព័ត៌មាន កាលថ្ងៃទី ២៥ ខែមករា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានឱ្យដឹងថា កិច្ចប្រជុំរវាងគណៈកម្មការជំនាញរដ្ឋសភា ជាមួយក្រសួងព័ត៌មាននេះ ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធសារព័ត៌មាននៅកម្ពុជា សំដៅលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។
លោកបានឱ្យដឹងបន្តថា៖ «កិច្ចពិភាក្សាគ្នាក៏បានផ្តោតសំខាន់លើការពង្រឹងគុណភាព និងគុណតម្លៃរបស់សារព័ត៌មាន និងមធ្យោបាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានឱ្យមានក្រមវិជ្ជាជីវៈត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាដែលអនុញ្ញាត ឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលយកព័ត៌មាន ការទទួលខុសត្រូវក្នុងការទទួលព័ត៌មានស្របតាមច្បាប់»។
ជាងនេះទៀត ប្រធានគណៈកម្មការទី៥ រូបនេះ បានបញ្ជាក់បន្ថែមថា ព័ត៌មានមានសារៈសំខាន់បំផុត សម្រាប់ការដឹកនាំនៅក្នុងសតវត្សរ៍ថ្មី ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានល្អគឺជួយសង្គម ការផ្សព្វផ្សាយព័ត៌មានមិនល្អ គឺជាការជាន់ពន្លិចសង្គម។ ហេតុនេះតម្លៃនៃអ្នកសារព័ត៌មាន គឺចាំបាច់ត្រូវការសិក្សានិងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីរាយការណ៍ព័ត៌មានពិត ត្រឹមត្រូវ មិនកុហក។
ថ្លែងក្នុងសន្និសីទនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មាន គឺជាវិជ្ជាជីវៈសេរី ហើយការធ្វើព័ត៌មាន គឺជាសិទ្ធិ១ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបុគ្គលណាក៏អាចធ្វើព័ត៌មានបានដែរ។ ដោយឡែក ចំពោះកំហុសការផ្សាយព័ត៌មាន កំហុសវិជ្ជាជីវៈ និងកំហុសសីលធម៌ គឺក្រសួងមានតែវិធានការអប់រំ និងណែនាំជាធំ ខណៈការអប់រំនេះ គឺទាមទារពេលវេលាផងដែរ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា៖«សព្វថ្ងៃនេះ យើងមានសមាគមអ្នកកាសែតរហូត ៥៣ អ៊ីចឹងក្រសួងតែងអំពាវនាវឱ្យសមាគមទាំងនោះ ជួយពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រសួងធ្វើបែបនេះ ដើម្បីផ្តល់សិទ្ធិដល់សមាគម និងចង់ឱ្យសមាគមចេះដោះស្រាយបញ្ហាដោយខ្លួនឯង។ ប៉ុន្តែករណីមានអ្នកសារព័ត៌មានណាម្នាក់សរសេរខុស ក្រសួងតែងសម្រួលឱ្យមានការកែតម្រូវ និងដកអត្ថបទនោះចេញ ហើយក្នុងករណីមានអ្នកណាយល់ឃើញថា ការ សរសេរព័ត៌មានប៉ះពាល់ដល់ខ្លួន គឺអ្នកនោះមានសិទ្ធិប្តឹងទៅតុលាការបាន»។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់ថ្ងៃអនាគត ក្រសួងនឹងរៀបចំធ្វើវិសោធនកម្មលើច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឱ្យសមស្របទៅនឹងបរិបទជាក់ស្តែងនៃសង្គមជាតិផងដែរ។
សូមបញ្ជាក់ដែរថា ការរីកចម្រើនរបស់វិស័យព័ត៌មាន ក្នុងបរិបទនៃសម័យបច្ចេកវិទ្យាទំនើប បានធ្វើឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មានទាំងសាធារណៈ និងឯកជននៅកម្ពុជា មានការកើនឡើងច្រើនទាំងកាសែត វិទ្យុ ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយ អនឡាញ។
ទន្ទឹមគ្នានេះ គណៈកម្មការទី៥ នៃរដ្ឋសភា និងក្រសួងព័ត៌មាន ក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅក្នុងការងារគ្រប់គ្រងព័ត៌មានមិនពិត និងបានចូលរួមផ្សព្វផ្សាយព័ត៌មានច្បាស់លាស់អំពីបញ្ហាជំងឺកូវីដ១៩ ដោយបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង។
យ៉ាងណាមិញ ភាគីទាំង ២ ក៏បានលើកឡើងអំពីសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលច្បាប់នេះគឺជាច្បាប់ដ៏សំខាន់ មានភាពស្មុគស្មាញ និងមានការពាក់ព័ន្ធ ក្រសួងស្ថាប័នជាច្រើន ដែលត្រូវធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ស្ថិតនៅក្រសួងយុត្តិធម៌ កំពុងពិនិត្យមើលលើជំពូកស្ដីពីទោសប្បញ្ញត្តិ និងមានគម្រោងសម្រេចដាក់ប្រើប្រាស់ឱ្យបាននៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខ៕