កំពង់ស្ពឺៈ ប្រជាសហគមន៍មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ ក្នុងខេត្តកំពង់ស្ពឺ បានលើកគ្នា ជិត ១០០ នាក់ មកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ ដើម្បីស្នើសុំឱ្យក្រសួងនេះ ពន្លឿននីតិវិធី ដោះស្រាយលើសំណុំរឿងដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់។
លោក សឹង សុខុម តំណាងប្រជាពលរដ្ឋមកពីឃុំត្រពាំងជង នៃស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិវាទដីធ្លីនៅក្នុងសហគមន៍របស់ពួកគាត់ ជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ បានកើតឡើងតាំងពីឆ្នាំ២០១០មកម្លេ៉ះ ប៉ុន្ដែមិនទាន់ការដោះស្រាយនោះទេ។
លោកសុខុមថ្លែងថា៖«ជាង១០ឆ្នាំមកនេះ យើងខ្ញុំជាពលរដ្ឋរងគ្រោះ ទទួលបានត្រឹមតែពាក្យរង់ចាំ និងការសុំឱ្យពួកយើងអត់ធ្មត់។ តើពួកយើងត្រូវអត់ធ្មត់និងរង់ចាំដំណោះស្រាយនេះដល់ពេលណា? ហើយនេះជាមូលហេតុ ដែលយើងខ្ញុំមកកាន់ទីនេះ ដើម្បីជំរុញឱ្យក្រសួង ស្ថាប័នជំនាញទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ពន្លឿននីតិវិធីដោះស្រាយសំណុំរឿងរបស់ពួកយើងឱ្យបានឆាប់»។
ស្រដៀងគ្នានេះ អ្នកស្រី ហាក់ អ៊ីន អាយុ៦៨ឆ្នាំ មកពីឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លើកនេះមិនខុសគ្នាកាលពីលើកមុនៗនោះទេ អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានប្រាប់ឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំដំណោះស្រាយពីថ្នាក់ដឹកនាំ។
អ្នកស្រីបានបន្តថា ពួកគាត់មកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដី ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ គឺដើម្បីរង់ចាំជួបលោកស្រី នន់ ភានី អនុប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ ដើម្បីសុំឱ្យគាត់ជួយអន្តរាគមន៍ ពន្លឿននិតិវិធីដំណោះស្រាយដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ព្រោះការធ្វើដំណើរឡើងមករាជធានីភ្នំពេញ មិនមែនជាការងាយស្រួលនោះទេ សម្រាប់ពួកគាត់ជាពលរដ្ឋរងគ្រោះ ដែលតវ៉ាទាមទារដំណោះស្រាយក្នុងជម្លោះដីធ្លីបែបនេះ។
អ្នកស្រី អ៊ីន បានបញ្ជាក់ថា៖«យើងខ្ញុំមកនេះ គឺចង់ជួបលោកជំទាវ នន់ ភានី ដើម្បីសុំឱ្យគាត់ជួយអន្តរាគមន៍ពន្លឿននីតិវិធីដោះស្រាយវិវាទដីធ្លីរបស់ពួកយើងជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ ឱ្យបានឆាប់ ព្រោះពួកយើងត្រូវការដីបង្កបង្កើនផល សម្រាប់លើកស្ទួយជីវភាពគ្រួសារ»។
លោក ញ៉ិល ភាព អ្នកសម្របសម្រួលការងារសហគមន៍ នៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជីវភាពរស់នៅរបស់ប្រជាកសិករ គឺអាស្រ័យលើដីកសិកម្ម ហេតុដូច្នេះ អាជ្ញាធរគួរតែពិនិត្យទៅលើផលប៉ះពាល់ជាក់ស្ដែង និងផ្ដល់ដំណោះស្រាយឱ្យបានសមស្រប និងឆាប់រហ័ស ដើម្បីពួកគេទទួលបានដី សម្រាប់ការបង្កបង្កើនផលដោយស្របច្បាប់។
លោកថ្លែងថា៖«ដីកសិកម្ម គឺជាអាយុជីវិតរបស់ប្រជាកសិករ។ វិវាទដីធ្លីរវាងប្រជាពលរដ្ឋក្នុងឃុំអមលាំង ឃុំត្រពាំងជោរ និងឃុំរស្មីសាមគ្គី នៃស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយក្រុមហ៊ុនចម្ការអំពៅ លី យ៉ុងផាត់ បានកើតឡើងជាង១០ឆ្នាំមកហើយ។ នៅពេលនេះ អាជ្ញាធររដ្ឋាភិបាល គួរដល់ពេល ដោះស្រាយបញ្ចប់វិវាទនេះ ហើយប្រគល់ដីធ្លីជូនដល់ពលរដ្ឋ ដើម្បីបានបង្កបង្កើនផលឡើងវិញ»។
ជុំវិញករណីនេះ លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មិនអាចទាក់ទងស្នើសុំការអត្ថាអធិប្បាយបានទេ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
ទោះយ៉ាងណា លោក អុល សុខយស អនុប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកប្រាប់ក្រុមអ្នកភូមិទាំងនោះថា លោកស្រី នន់ ភានី បានចុះបេសកកម្មការងារទៅតាមបណ្ដាខេត្ត និងប្រាប់ឱ្យអ្នកភូមិទាំងនោះត្រឡប់ទៅផ្ទះវិញ ដើម្បីកុំឱ្យខាតពេលវេលា និងលុយកាក់ ក្នុងការចំណាយលើការស្នាក់នៅ ក្នុងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖«សំណុំរឿងដីធ្លីរបស់បងប្អូន ក្រសួងកំពុងដំណើរការនីតិវិធីដោះស្រាយហើយ យ៉ាងយូរនៅដើមខែកុម្ភៈខាងមុខនេះ ក្រសួងនឹងជូនដំណឹងឱ្យបងប្អូនបានដឹង។ សូមបងប្អូនត្រឡប់ទៅផ្ទះវិញសិនចុះ ហើយខ្ញុំនឹងពាំនាំនូវទុក្ខកង្វល់របស់បងប្អូន ទៅជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីជ្រាបនិងដោះស្រាយឱ្យបានឆាប់» ។
បន្ទាប់ពីស្ដាប់ការពន្យល់របស់លោក សុខយស នៅរសៀលថ្ងៃទី២៦ ខែមករា ដដែលនោះ ក្រុមអ្នកភូមិ ដែលមានគ្នាទាំងអស់៩៧នាក់ បាននាំគ្នាវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ដោយមធ្យោបាយរៀងៗខ្លួន៕