មណ្ឌលគិរីៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ រួមនឹងស្ថាប័នពាក់ព័ន្ធបានដាក់ឱ្យដំណើរការ សួនបច្ចេកវិទ្យាកសិកម្ម នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីលើកម្ពស់ការស្រាវជ្រាវិស័យកម្មសិកម្ម។
ពិធីសម្ពោធសួនបច្ចេកវិទ្យាកសិកម្មនេះ ធ្វើឡើងនៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួមជាមួយនឹងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។
យោងតាមក្រសួងកសិកម្ម ឱ្យដឹងថា សួនបច្ចេកវិទ្យាកសិកម្មនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជាថ្នាលសម្រាប់រៀនសូត្ររបស់កសិករនិងតួអង្គពាក់ព័ន្ធ, ជាទីតាំងសម្រាប់ការស្រាវជ្រាវ, ជាថ្នាលសម្រាប់កម្មវិធីហាត់ការកសិកម្ម ដល់និស្សិតនិងកសិករ, ជាកម្មវិធីសហការអនុវត្តសកម្មភាពជាមួយដៃគូ និងជាវេទិកាភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន។
ក្រសួងបានបន្តថា ៖ «សួនបច្ចេកវិទ្យាកសិកម្មនេះដែរ ស្ថិតក្នុងទីធ្លាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទើបតែចាប់ផ្តើមរៀបចំសកម្មភាពប៉ុន្មានខែចុងក្រោយនេះ ដែលទាមទារនូវការរៀបចំ និងកែលម្អបន្ថែមទៀត ដើម្បីក្លាយជាទីតាំងកាន់តែប្រសើរមួយសម្រាប់ចូលរួម និងបម្រើជាផលប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា»។
បើតាមក្រសួងដដែលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះមកសហការជាមួយមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរីនេះជាច្រើនឆ្នាំមកហើយ ក្នុងការស្រាវជ្រាវពីសក្តានុពលនៃដំណាំដំឡូងបារាំង និងបានជួយបណ្តុះបណ្តាលប្រជាកសិករធ្វើផលិតកម្មដំណាំដំឡូងបារាំងបានដោយជោគជ័យ និងបានជួយបណ្តុះបណ្តាលប្រធានមន្ទីរកសិកម្ម ធ្វើការស្រាវជ្រាវនិក្ខេបបទ លើដំណាំដំឡូងបារាំងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា បានឱ្យដឹងថា USAID បានផ្តល់មូលនិធិលើគម្រោងរៀបចំសួនបច្ចេកវិទ្យាកសិកម្ម នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នេះ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចាប់ដៃគូជាមួយ « មន្ទីរពិសោធន៍ច្នៃប្រឌិតអាំងតង់ស៊ីតេប្រកបដោយនិរន្តរភាព» នៅសាកលវិទ្យាល័យនៃរដ្ឋ Kansas សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា គោលបំណងនៃមជ្ឈមណ្ឌលនេះ ដើម្បីជំរុញឱ្យមានការបង្កើតថ្មីក្នុងវិស័យឯកជន ស្រាវជ្រាវកសិកម្ម សិក្សា បណ្តុះបណ្តាល និងការពង្រីក រួមជាមួយនឹងការកសាង សមត្ថភាពវិស័យរដ្ឋ និងឯកជន តាមរយៈការបង្កើនកិច្ចសហការ និងចែករំលែកចំណេះដឹងដែលត្រូវបានផ្តោតលើការលើកកម្ពស់ម្ហូបអាហារ និងសុវត្ថិភាពចំណីអាហារដែលមានជីវជាតិក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបានឱ្យដឹងដែរថា ស៊ីសេន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នជាច្រើន ដើម្បីបង្កើតសួនបច្ចេកវិទ្យាកសិកម្ម ក្នុងទីតាំងជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច មួយចំនួន រួមមាន នៅក្នុងទីក្រុងភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង។
សួនបច្ចេកវិទ្យា សម្រាប់កសិកម្ម រួមជាមួយនឹងសួនថ្មី នៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាមជ្ឈមណ្ឌលសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកអនុវត្ត ដើម្បីអភិវឌ្ឍ, ធ្វើតេស្ត, ការបង្ហាញ និងចែករំលែកពីសក្តានុពល, បច្ចេកវិទ្យាបង្កើតថ្មី ទៅនឹងការពង្រីកវិសាលភាពប្រកបដោយចីរភាព និងប្រែក្លាយប្រព័ន្ធកសិដ្ឋាន។
ជាមួយគ្នានេះ លោក Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានថ្លែងដែរថា ៖ «ខ្ញុំមានមោទនភាពចំពោះការគាំទ្រសហរដ្ឋអាមេរិក ដែលសាកលវិទ្យាល័យផ្តល់ដី ក្នុងការបង្កើតសួនឧទ្យានទាំងនេះ ដើម្បីបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីជួយកសិករបង្កើនផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ»។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ង៉ោ ប៊ុនថាន បានអបអរសាទរចំពោះគម្រោង CE SAIN សម្រាប់ការផ្ទេរនិងពង្រីកបច្ចេកវិទ្យាកសិកម្មរបស់ខ្លួន។
លោកបានថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណដល់ USAID សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសាកលវិទ្យាល័យ Kansas State សម្រាប់តួនាទីសម្របសម្រួលរបស់ខ្លួន។ ជាមួយគ្នានេះយើងសូមលើកទឹកចិត្តយ៉ាងមុតមាំដល់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើសមាហរណកម្មនិរន្តរភាព និងការផ្គត់ផ្គង់និងទិដ្ឋភាពតម្រូវការជាធាតុផ្សំស្នូល ទៅក្នុងគម្រោងអនាគតទាំងអស់ដែលត្រូវអនុវត្ត»។
លោកង៉ោ ប៊ុនថាន បន្ថែមទៀតថា តាមរយៈ CE SAIN ការច្នៃប្រឌិតកសិកម្មដែលបានអនុវត្តពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនឹងផ្តល់ជូនដល់កសិករក្នុងស្រុកនៅក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្មនេះ។ និស្សិត អ្នកស្រាវជ្រាវ វិស័យឯកជននិងអ្នកពាក់ព័ន្ធមានចំណុចស្នូលក្នុងការប្រាស្រ័យទាក់ទងជាមួយកសិករដើម្បីស្តាប់ដោយផ្ទាល់និងធ្វើសកម្មភាពលើតម្រូវការបច្ចេកវិទ្យារបស់កសិករក្នុងខេត្តមណ្ឌលគិរីនិងខេត្តជិតៗ
៕