ភ្នំពេញៈ លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមក្នុងកម្មវិធីពិភាក្សាពិគ្រោះយោបល់ អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ។
កម្មវិធីនោះ ក៏មានទាំងសិក្ខាសាលាអំពី “ការកៀរគរវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា” (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតនៃចក្រភពអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣។
ការអញ្ជើញនេះ បានធ្វើឡើងខណៈដែលលោក Dominic Williams និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី១៦ខែមករា។
ជាការឆ្លើយតប លោកស៊ុន ចាន់ថុល បានឯកភាពក្នុងការចាត់តាំងថ្នាក់ដឹកនាំក្រសួង អមដោយមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីចូលរួមក្នុងកម្មវិធីពិភាក្សាពិគ្រោះយោបល់ និងសិក្ខាសាលានោះ។
នៅក្នុងជំនួបនេះដែរ ក្រៅពីលើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជា លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ។
បន្ថែមពីនេះ លោកស៊ុន ចាន់ថុល ក៏បានលើកពីការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន៕