លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការផ្តល់​សេរីភាព​ខាង​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាជន​ទូទៅ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការពង្រឹង សុខដុម​នីយកម្ម រវាង​សាសនិក​នៃ​គ្រប់កាយ​សាសនា និង​ប្រឆាំង​រាល់​ទង្វើ​រើសអើង​ក្នុងចំណោម​ប្រជាជន ដែល​បណ្តា​មកពី​ភាពខុសគ្នា​នៃ​ជំនឿ​សាសនា សំដៅ​ទប់ស្កាត់ ការយក​សាសនា​ធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​។ នេះ​ជាការ​ថ្លែង​របស់​លោក នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប ១០០ ឆ្នាំ​នៃ​គ្រិស្តសាសនា «​មរតក​ដំណឹង​ល្អ ១០០ ឆ្នាំ (១៩២៣-២០២៣)» នៅ​កម្ពុជា។​

​លោក ហ៊ុន សែន មានប្រសាសន៍​បន្តថា ពិធី​ជួបជុំ​នេះ គឺ​បង្ហាញ​ឱ្យឃើញ​នូវការ​រីកចម្រើន​របស់​ជំនឿ​គ្រិស្តសាសនា​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព និង​ផ្តល់ឱកាស​សម្រាប់​អង្គពិធី​ជួបជុំ​ប្រាស្រ័យ​ទាក់ទង​គ្នា កាន់តែ​ជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោបល់ ចែករំលែក​បទពិសោធន៍​ល្អ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ដើម្បី​រួមចំណែក​ក្នុងការ​លើកស្ទួយ​សុខដុម​នីយកម្ម​វិស័យ​គ្រិស្តសាសនា​នៅ​កម្ពុជា​សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព សុវត្ថិភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ស្មារតី​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ។​

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​ប្រទេសជាតិ និង​ប្រជាជន បាន​ខិតខំ​ធ្វើឱ្យ​សាសនា​ទាំងអស់​ទទួល​បាន​នូវការ​គាំពារ ធានា និង​លើក​ទឹកចិត្ត​សុខដុម​ណីយកម្ម សាសនា ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន និង​រស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក​កោតសរសើរ និង​មាន​មោទនភាព​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ប្រកាន់​ភ្ជាប់​សាសនា​ផ្សេងគ្នា ប៉ុន្តែ​មាន​សាមគ្គីភាព​គ្នា​យ៉ាង​ល្អប្រសើរ ដែល​នេះ​មិនមែន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា​មោទនភាព​សម្រាប់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​និយាយ​ច្រើនលើក​ហើយ​ថា ការខុស​គ្នា​ខាង​ជាតិ​សាសន៍ និង​សាសនា មិនមែន​ជា​ឧបសគ្គ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​នោះទេ សូមកុំ​នាំគ្នា​ចាប់បង្ខំ​ឱ្យ​អ្នកនេះ​ជឿ​សាសនា​នេះ ជឿ​សាសនា​នោះ ឬ​និកាយ​នេះ ឬ​និកាយ​នោះ វា​មិនអាច​ទៅរួច​ទេ​។ ហើយ ៧ មករា មិនមែន​គ្រាន់តែ​ធ្វើឱ្យ​រស់​ឡើងវិញ​នៃ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បា​នធ្វើឱ្យ​រស់​ឡើងវិញ​នូវ​គ្រប់​សាសនា​ទាំងអស់»។​

​លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឱ្យដឹងថា ពិធី​អបអរសាទរ «​មរតក​ដំណឹង​ល្អ ១០០ ឆ្នាំ» ធ្វើឡើង ដើម្បី​អរ​ព្រះគុណ​ព្រះយេស៊ូ ក្នុង​ជំនឿ​គ្រិស្តបរិស័ទ នៅលើ​ទឹកដី​កម្ពុជា ដ៏​ស្រស់បំព្រង និង​អរគុណ​សន្តិភាព​ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប៉ិនប្រសប់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​

​លោក​ថា​៖ «​ព្រឹត្តិការណ៍​នេះ ជាការ​បង្ហាញ​យ៉ាងច្បាស់​អំពី​សិទ្ធិ និង​សេរីភាព​ពេញលេញ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ការគោរព និង​ប្រតិបត្តិ​ជំនឿ​សាសនា​នៅ​កម្ពុជា ហើយ​រាល់ការ​ធ្វើសកម្មភាព និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​នីមួយៗ ត្រូវបាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ»។

​បើតាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​កម្ពុ​ជាមាន​គ្រិស្តបរិស័ទ​ចំនួន ១១៤ ៤០២ នាក់ ដែល​បាន​ចុះបញ្ជី​។ លោក​ថ្លែងថា​៖ «បច្ចុប្បន្ន​គ្រិស្តបរិស័ទ​ក៏បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន តាមរយៈ​សកម្មភាព​អប់រំ​មនុស្សធម៌ និង​កិច្ចការ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​អង្គការ​សមាគម ដូចជា​ការជួយ​សាងសង់​សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយ​មនុស្សធម៌ អំណោយ​ជាក្តី​ស្រឡាញ់​ដល់​កុមារ ក្មេង​កំព្រា ចាស់ជរា​។ល​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ និង​កោតសរសើរ​ចំពោះ​សេចក្តី​ស្រឡាញ់​ទាំងនេះ​របស់​គ្រិស្តបរិស័ទ»៕​