​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ​ ឱ្យ​កោះហៅ​អ្នកសារព័ត៌មាន​អន​ឡាញ​មួយចំនួន មក​ធ្វើ​ការអប់រំ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ស្នើឱ្យ​បញ្ចប់​ជម្លោះ​រវាង​អ្នកសារព័ត៌មាន និង​អ្នក​ជួយ​លើក​ម៉ូតូ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​។​

​ការ​ថ្លែង​របស់លោក ​ហ៊ុន សែន គឺ​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ពេលនោះ​មាន​អ្នកសារព័ត៌មាន​កំពុង​ធ្វើការ​ផ្សាយ​ផ្ទាល់ បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ទៅលើ​បុរស​ម្នាក់​ដែល​មកជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ខណៈដែល​សមត្ថកិច្ច​មិនទាន់​ដោះស្រាយ​និង​វាស់វែង​លើ​ករណីនេះ​។​

​ក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ជាង​ ៣ ​​ពាន់​នាក់ នៅ​ថ្ងៃទី​ ២៦ ខែមករា​ លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែងថា សម្តី​ដែល​អ្នកសារព័ត៌មាន​រូ​ប​នោះ​ប្រើ​មកលើ​បុរស​ដែល​ខិតខំ​ជួយ​លើក​ម៉ូតូ​នោះ មិន​សម​ហេតុផល​នោះឡើយ​។

​លោក​ថា​៖ «​រឿង​ហ្នឹង​វា​អត់​អី​ត្រូវ​ទាល់តែសោះ ដំបូង​បំផុត​ចាំបាច់​ត្រូវ​ជួយ​គ្នា​សិន​ ​រឿង​យ៉ាងណាក៏ដោយ ប៉ុន្តែ​អត់​សម​ហេតុ​សម​ផល​ទេ នូវ​ការប្រើ​ពាក្យសម្តី​បែបនេះ បើ​ខ្លួន ​(​អ្នកសារព័ត៌មាន​) ​ជា​ប៉ូលិស​ខ្ញុំ​មិន​ថា​ទេ ប៉ុន្តែ​ខ្លួន​ត្រឹម​មាន​ទូរស័ព្ទ​ផ្សាយ​ផ្ទាល់ (live) ហើយ​បើ​សម្តី​វិញ​...»​។​ប៉ុន្តែ​អ្នកខ្លះ​ក៏មាន​មតិ​ជ្រុល​ហួស​ថា គួរតែ​លុបចោល​អាជ្ញាប័ណ្ណ អ្នកខ្លះ​ថា សុំឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់ អត់​ត្រូវ​ទេ បញ្ចប់​ត្រឹមនេះ​ទៅ ហើយ​ដក​ពិសោធន៍​វា​ទៅ​»​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន សែន បាន​ប្រាប់​ឱ្យ​លោក ខៀវ កាញារីទ្ធ កោះហៅ​អ្នកសារព័ត៌មាន​អន​ឡាញ មក​ធ្វើ​ការអប់រំ ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ផងដែរ​។ លោក​ថា​៖ «​ឥឡូវ ខៀវ កាញារីទ្ធ ល្មម​ហៅ​អ្នកសារព័ត៌មាន អន​ឡាញ​ទាំង​ប៉ុន្មាន​ទៅ​អប់រំ​ឱ្យទៅ​ទទួល​បទពិសោធន៍​ទាំងអស់គ្នា គួរឱ្យ​ហៅ​មក​ប្រជុំ​ដើម្បី​ពង្រឹងថា អ្នកណា​ធ្វើ​សកម្មភាព​បែបនេះ កុំ​បណ្តោយ​ពេក កន្លងទៅ​យើង​បណ្តោយ​ជ្រុល យើង​មិន​មែនបិទ​សិទ្ធិ​ទេ ប៉ុន្តែ​ត្រូវគោរព សិទ្ធិ​គេ​អ្នកដទៃ​ផង​បានទេ​»​។​

​បន្ថែម​ពីនេះ​លោក ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​បុរស​ជា​អ្នក​ជួយ​លើក​ម៉ូតូ​នោះថា ​គឺជា​កាយវិការ​ដ៏​ល្អ​ក្នុងការ​ជួយសង្គ្រោះ​មនុស្ស និង​បញ្ចៀស ការកកស្ទះ​ចរាចរណ៍​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុ​ភ័​ណ្ឌ បាន​ថ្លែងថា ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​ទៅតាម​អនុសាសន៍ របស់លោក​នាយករដ្ឋមន្ត្រី​ដោយ​នឹង​កំណត់​នូវ​យន្តការ និង​ការរៀបចំ​ជាវ​គ្គ បណ្តុះបណ្តាល វគ្គ​អប់រំ​ខ្លីៗ​ដល់​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ប្រកប​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​កាន់​តែមាន​សមត្ថភាព​វិជ្ជាជីវៈ​បន្ថែមទៀត ពាក់ព័ន្ធ​ផ្លូវច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បីឱ្យ​គាត់​ស្វែងយល់​ពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។​

​លោក​ថា​៖ «​ពាក់ព័ន្ធ​បងប្អូន​អ្នកសារព័ត៌មាន ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ ច្បាប់​ផ្សេងៗ គឺ​ក្រសួង​ព័ត៌មាន​បានដាក់​ចេញ​នូ​វិធានការ​មួយចំនួន គឺ​ការអប់រំ ណែនាំ​តម្រង់ទិស ដែល​គាត់​បាន​ប្រព្រឹត្ត​ខុស ឱ្យ​គាត់​បាន​យល់​និង​កែប្រែ​កំហុស​របស់គាត់​តាមរយៈ​កិច្ចសន្យា​។ បន្ថែម​ពីនេះ​យើង​ក៏មាន​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល ក៏ដូចជា​វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​មួយចំនួន​ផងដែរ​»​។​

​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេ​ម​បូ​ចា លោក ណុប វី យល់ឃើញថា ទាក់ទង​នឹង​ការផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ថែមទៀត អំពី​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ឥរិយាបថ​របស់​អ្នកសារព័ត៌មាន គឺជា​អ្វីដែល​យើង​គួរ​គប្បី​ធ្វើ​បន្ថែមទៀត​។ ប៉ុន្តែ​លោក​ថា ការចាត់តាំង​ឱ្យ​មន្ត្រី​រដ្ឋាភិបាល កោះហៅ​អ្នកសារព័ត៌មាន​ទៅ​អប់រំ ណែនាំ​នោះ គឺជា​ផ្នែក​មួយ ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ទៅដល់​ការអនុវត្ត​ការងារ​របស់​អ្នកសារព័ត៌មាន​។

​លោក​ថា​៖ «​ទី​១ អាចធ្វើឱ្យ​ពួកគាត់​មាន​អារម្មណ៍​ភ័យខ្លាច នៅពេលដែល​មានការ​កោះហៅ​ពី​មន្ត្រី​រដ្ឋាភិបាល ធ្វើឱ្យ​គាត់​មានការ​បារម្ភ​អំពី​សុវត្ថិភាព​។ សម្រាប់​ខ្ញុំ​ផ្ទាល់​គិតថា ជាការ​ពិត ការអប់រំ​យើង​ត្រូវតែ​ធ្វើ ក៏ប៉ុន្តែ​យើង​គួរតែមាន​ការរៀបចំ​ឱ្យមាន​យុទ្ធនាការ​បណ្តុះបណ្តាល យុទ្ធនា​ការអប់រំ​ឱ្យបាន​ទូលំទូលាយ​វិញ ជាជាង​យើង​ចាត់តាំង​មន្ត្រី​រដ្ឋាភិបាល​ឬ​ចាត់តាំង​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​រដ្ឋាភិបាល​កោះហៅ​អ្នកសារព័ត៌មាន​ទៅ​អប់រំ ណែនាំ​»​។​

​ជាមួយគ្នានេះដែរ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​លោក ហ៊ុយ វណ្ណៈ លើកឡើងថា ក្រមសីលធម៌​អ្នកសារព័ត៌មាន គឺជា​អាវ​ក្រោះ​ដ៏​សំខាន់​សម្រាប់​អ្នកសារព័ត៌មាន ហើយ​បើកាលណា​ក្រមសីលធម៌ សារព័ត៌មាន​មិនល្អ​គឺ​ប៉ះពាល់​ដល់​អ្នកអនុវត្ត​ន៍​នោះ​។

​លោក​បន្តថា បញ្ហា​សព្វថ្ងៃនេះ គឺ​ស្ថិតនៅលើ​បញ្ហា​សារព័ត៌មាន​អន​ឡាញ​ដែល​មិនទាន់​គោរព​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ដែលនាំឱ្យ​ប៉ះពាល់​គុណ​តម្លៃ​សារព័ត៌មាន​។

លោក​ថ្លែងថា​៖ ​​«​អ្នកសារព័ត៌មាន​គឺថា ទៅយក​ព័ត៌មាន ឃើញ​ហេតុការណ៍​យ៉ាងម៉េច សាក្សី​អ្នកជិតខាង​និយាយ​ប្រាប់ថា​ម៉េច​ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​មាន​រូបភាព​បែបណា​? នេះហើយ​ជា​អ្វី ដែល​អ្នកសារព័ត៌មាន ទៅយក​ដំណឹង​បង្ហាញ​ទៅ​អ្នកមើល​។ អាកប្បកិរិយា​លើសពីនេះ មិនមែនជា​តួនាទី​ទេ ខុស​ឬ​ត្រូវ​ទុកឱ្យ​សមត្ថកិច្ច​អ្នក​វិនិច្ឆ័យ​»​។​

​លោក​លើកឡើងថា បច្ចុប្បន្ននេះ ក្រមសីលធម៌​អ្នកសារព័ត៌មាន​មួយ​ជ្រុង​តូច​ណាមួយ​ហាក់បីដូចជា​មានការ​ឆ្គាំឆ្គង ហើយ​ការ​ឆ្គាំឆ្គង​នៃ​ជ្រុង​តូច​នេះ វា​បាន​ជះឥទ្ធិពល​ទៅដល់​ជំនឿ គុណ​តម្លៃ នៅក្នុង​វិស័យ​សារព័ត៌មាន ដែល​ករណីនេះ​ទាមទារ​នូវ​ការកែលម្អ ភ្ញាក់រឭក​ចាប់ពី​ខ្លួនឯង​។

​លោក​ថា​៖ «​រឿងនេះ​ពិបាក បើសិនជា​អង្គភាព​សារព័ត៌មាន មានការ​ចាត់តាំង​រឹងមាំ​ជា​និពន្ធ​នាយក ចាងហ្វាង​ការផ្សាយ គឺមាន​ការណែនាំ​ល្អ​ហើយ ប៉ុន្តែ​នៅក្នុង​របប​នៃ​សារព័ត៌មាន​អន​ឡាញ​ជា​បុគ្គល​ម្នាក់ ២​ នាក់​គឺថា ទប់​អត់​ជាប់​ហើយ​ធ្វើឱ្យមាន​ការប៉ះពាល់ ដែល​នេះ​ជាការ​ព្រួយបារម្ភ​»៕