ភ្នំពេញៈ ទីផ្សារការងារនៅសាធារណរដ្ឋកូរ៉េ នៅតែជាជម្រើសសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលរយៈពេលនៃការបម្រើការងារនៅទីនោះ ភាគច្រើនក្នុងចន្លោះពី ៤ ឆ្នាំដល់ ៥ ឆ្នាំ។ ប៉ុន្តែក្នុងឆ្នាំ ២០២៣ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រកាសជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករទៅបម្រើការងាររយៈពេលខ្លី (៥ ខែ) ក្នុងវិស័យកសិកម្មចំនួន ៥០០ នាក់ សម្រាប់ខែមីនា និងខែសីហា ១ ០០០ នាក់។
ការប្រកាសជ្រើសរើសនេះក៏បានធ្វើឱ្យក្រុមយុវជនមួយចំនួនដែលកំពុងរៀនភាសាកូរ៉េសម្រាប់ត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េនោះមានការសាទរផងដែរ។
យុវជន ម៉ន ភិរម្យ អាយុ ២៤ ឆ្នាំ រស់នៅភូមិព្រះម្លូ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននិយាយថា ប្អូនបានរៀនចប់ថ្នាក់ទី១២ ក្នុងឆ្នាំ ២០២០ ហើយប្អូនក៏ចង់រៀនបន្តទៅសាកលវិទ្យាល័យដែរ តែដោយសារមានបងប្អូនស្រី ៥ នាក់ទៀត ម្យ៉ាងគ្រួសារក្រីក្រផង ទើបមិនអាចរៀនបន្តទៀតបាន។កាលណោះ ដោយសារតែជីវភាពក្នុងគ្រួសារជួបការលំបាកបែបនេះហើយបានជំរុញឱ្យប្អូនទៅធ្វើការនៅប្រទេសថៃទាំងមិនស្របច្បាប់។
យុវជន ភិរម្យ បន្តថា កាលពីនៅប្រទេសថៃ រូបគេធ្វើការជាកម្មករសំណង់ ហើយការងារនេះក៏មិនផ្តល់ជាចំណេះជំនាញអ្វីសម្រាប់ជាអាជីពផ្ទាល់ខ្លួនទៅអនាគតបានឡើយ ពោលគឺបានត្រឹមតែមួយរស់ៗប៉ុណ្ណោះ។ ដោយសារតែបែបនេះហើយទើបលោកសម្រេចចិត្តឈប់ពីការងារសំណង់ ហើយវិលត្រឡប់មកស្រុកកំណើតវិញ។ ប៉ុន្តែពេលនេះលោកគិតថានឹងស្វែងរកការងារធ្វើនៅប្រទេសកូរ៉េម្តង ព្រោះការងារនៅប្រទេសកូរ៉េមានតម្លៃពលកម្មខ្ពស់ ដែលអាចសន្សំប្រាក់បានខ្លះជួយដល់ឪពុកម្តាយ។
យុវជន ភិរម្យ បាននិយាយបន្តថា៖ «គោលបំណងខ្ញុំទៅប្រទេសកូរ៉េ គឺដើម្បីចង់ផ្លាស់ប្តូរជីវភាពគ្រួសារឱ្យប្រសើរជាងនេះ ពីព្រោះខ្ញុំធ្វើការរាល់ថ្ងៃ គឺខ្ញុំអត់សន្សំលុយបានទេ ហើយក៏មិនអាចផ្លាស់ប្តូរជីវភាពគ្រួសារខ្ញុំបានល្អដែរ។ខ្ញុំកំពុងរៀនភាសាកូរ៉េនៅទីរួមខេត្តពោធិ៍សាត់ដើម្បីប្រឡងទៅប្រទេសកូរ៉េហើយខ្ញុំចង់ធ្វើផ្នែកកសិកម្ម»។
ដោយឡែកយុវតី ឈ្មោះ មាន សម្ផស្ស អាយុ ២៣ ឆ្នាំ រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បាននិយាយថា នាងទើបតែប្រឡងចប់ថ្នាក់ទី១២ កន្លងមកថ្មីៗនេះ តែនាងមិនបានរៀនបន្តទៅសាកលវិទ្យាល័យទេ នាងចង់ទៅធ្វើការនៅប្រទេសកូរ៉េ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ឪពុកម្តាយ។ នាងកំពុងរៀនភាសាកូរ៉េនៅសាលាឈ្មោះកាប៊ែង ក្នុងទីរួមខេត្តកំពង់ឆ្នាំង។
កញ្ញា សម្ផស្ស បានបន្តថា នាងទើបរៀនភាសាកូរ៉េបានតែ ១ ខែទេ ហើយក៏បានឃើញសេចក្តីប្រកាសព័ត៌មាននៅក្នុងផេចហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ់ៈដែរ គឺត្រូវការជ្រើសពលករធ្វើការនៅប្រទេសកូរ៉េរយៈខ្លី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជ្រើសរើសពលករទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល ៥ ខែផ្នែកកសិកម្ម។
ការងាររយៈពេលខ្លីនេះប្រសិនបើនាងបានទៅ ក៏ល្អដែរ ដើម្បីជាបទពិសោធន៍ផង និងដើម្បីបានប្រាក់ខែសម្រាប់ទុកធ្វើជាដើមទុនខ្លះពេលនាងប្រឡងភាសាកូរ៉េលើកក្រោយៗទៀត។
កញ្ញា សម្ផស្ស បញ្ជាក់ថា៖ «ខ្ញុំទៅប្រទេសកូរ៉េ គឺចង់រកលុយជួយម្តាយឪពុកខ្ញុំ។ ខ្ញុំមានសាច់ញាតិខ្ញុំកំពុងនៅធ្វើការនៅប្រទេសកូរ៉េ ហើយគាត់ប្រាប់ខ្ញុំថា ធ្វើការនៅប្រទេសកូរ៉េបានប្រាក់ខែច្រើន។ សាច់ញាតិខ្ញុំគាត់ធ្វើការនៅកូរ៉េបាន ១ ខែ ជាង ២ ពាន់ដុល្លារ ផ្នែកឧស្សាហកម្ម តែខ្ញុំចង់ធ្វើការផ្នែកកសិកម្មតាមកម្លាំងរបស់ខ្ញុំ»។
ពាក់ព័ន្ធសាលាបង្រៀនភាសាកូរ៉េវិញ លោកឌុច ភត្រា ជាអ្នកគ្រប់គ្រងនៅសាលាភាសាកូរ៉េយីហោកាប៊ែងដែលមានទីតាំងស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សាលារបស់លោកបានចាប់ផ្តើមដំណើរការបង្រៀនតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ រហូតដល់ពេលនេះ។ចំពោះយុវជនដែលមករៀនភាសាកូរ៉េនៅសាលារបស់លោកគឺមានអ្នកខ្លះមកពីទីជនបទឆ្ងាយៗ និងខ្លះទៀតនៅទីរួមខេត្តកំពង់ឆ្នាំងតែម្តង។
លោកបានឱ្យដឹងថា សាលារបស់លោកក៏មានបន្ទប់សម្រាប់ឱ្យអ្នកដែលនៅតំបន់ឆ្ងាយៗពីទីរួមខេត្តមកស្នាក់នៅរៀនសូត្រដែរ។ ពាក់ព័ន្ធនឹងការសិក្សាភាសាវិញ គឺខាងសាលាបានសម្រួលដល់សិស្សទាំងការសិក្សា ទាំងការស្នាក់នៅ ១ ចប់តែម្តង។ ចំពោះចំនួនក្រុមយុវជនដែលមករៀននៅសាលារបស់លោកក្នុង ១ ឆ្នាំៗមានសិស្សប្រហែលជាង ២០០ នាក់។
លោកថ្លែងថា៖ «ខាងសាលាខ្ញុំមានតែខិតខំបង្ហាត់បង្រៀនដល់សិស្សៗហើយពួកគេក៏យកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងស្តាប់ការពន្យល់របស់គ្រូដែរ។ យើងមានតែជនជាតិខ្មែរបង្រៀនភាសាកូរ៉េ តែពួកគាត់មានបទពិសោធន៍បង្រៀនល្អ ហើយសិស្សចេញពីសាលាខ្ញុំភាគច្រើនប្រឡងជាប់បានទៅប្រទេសកូរ៉េ ភាគច្រើន»។
ដោយឡែកលោក ហុង ដាវុធ នាយករងនៃសាលាឧត្តមភាពដែលមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ចំពោះស្ថានភាពយុវជនសិក្សាភាសាកូរ៉េនេះគឺលោកបានកត់សម្គាល់ឃើញថា កាលពីមុនមានករណីជំងឺកូវីដ ១៩ គឺចំនួនយុវជនរៀនភាសាកូរ៉េមានច្រើនជាង ៥០០ នាក់ក្នុង ១ ថ្ងៃៗ។ ប៉ុន្តែចំនួននេះបានថយចុះច្រើនពេលមានជំងឺកូវីដរាតត្បាតខ្លាំងព្រោះសិស្សមិនបានមករៀនផ្ទាល់។
ក៏ប៉ុន្តែក្រោយពីស្ថានភាពជំងឺកូវីដធូរស្រាល ហើយម្យ៉ាងក្រសួងការងារបានបើកដំណើរការឱ្យពលករប្រឡងសមត្ថភាពភាសាកូរ៉េឡើងវិញមក ចំនួនយុវជនដែលមករៀនភាសាកូរ៉េក៏មានកំណើនច្រើនមែនទែន។ ពិសេសអំឡុងពេលចូលឆ្នាំសកលដំណាច់ឆ្នាំ ២០២២ កន្លងមកថ្មីៗនេះ។
លោកថ្លែងថា៖ «តាមដែលខ្ញុំកត់សម្គាល់គឺបុរសចូលរៀនច្រើនជាងនារី។មូលហេតុដោយសារបុរសគាត់មានជម្រើសការងារធ្ងន់ៗច្រើនខាងផ្នែកឧស្សាហកម្ម ការងារសំណង់ ផ្នែកកសិកម្ម និងសេវាកម្មអ៊ីចឹងទៅ។ចំណែកនារីវិញក៏មានគ្រប់ការងារដែរ គ្រាន់តែដកសំណង់ចេញ»។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ ដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបាន បានសរសេរថា នៅឆ្នាំ ២០២៣ នេះ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករតាមរដូវកាលទៅបម្រើការងារក្នុងវិស័យកសិកម្ម។
ចំពោះការងារផ្នែកកសិកម្មនេះមាន ដាំដុះដំណាំ ប៉េងប៉ោះ ម្ទេស ទំពាំងបាយជូរ សារី និងមានការងារចិញ្ចឹមសត្វ គោ ជ្រូក មាន់នៅតាមបណ្តាក្រុងស្រុក នៃសាធារណរដ្ឋកូរ៉េក្នុងរយៈពេល ៥ ខែ តាមកម្មវិធីពលកររដូវកាលបរទេស (Foreign Seasonal Workers)។លើកទី ១ យកប្រមាណ ៥០០ នាក់នៅក្នុងខែមីនា និងលើកទី២ ចំនួន ១ ០០០ នាក់នៅក្នុងខែសីហា។កម្មវិធីនេះជាការបំពេញបន្ថែមលើប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ហើយអាទិភាពត្រូវបានផ្តល់បងប្អូនដែលចេះភាសាកូរ៉េ និងធ្លាក់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPSTOPIK) កន្លងមក។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា «ពលករដែលបានចប់ការងារ ៥ ខែ ពេលវិលត្រឡប់មកវិញ នឹងត្រូវបានផ្តល់អាទិភាពទៅប្រកបការងារនៅក្រុងស្រុកមួយផ្សេងទៀតដែលនៅតែមានតម្រូវការ។ ដូច្នេះជារៀងរាល់ឆ្នាំពលករម្នាក់អាចធ្វើការបានចំនួន ១០ ខែ។ ទន្ទឹមនឹងនេះ មុនពេលចេញដំណើរ ពលករក៏អាចដាក់ពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPSTOPIK) ដើម្បីត្រៀមមកប្រឡងតេស្ដភាសាកូរ៉េវិញ នៅពេលដែលអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRDKorea) កំណត់កាលបរិច្ឆេទនៃការប្រឡងពិតប្រាកដ»។
ពាក់ព័ន្ធនឹងចំនួនពលករទៅធ្វើការនៅប្រទេសកូរ៉េក្នុងឆ្នាំ ២០២២ កន្លងមកនេះ និងអំពីការជ្រើសរើសពលករធ្វើការរយៈពេលខ្លីនៅប្រទេសកូរ៉េនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំព័ត៌មានបន្ថែមពីខាងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ប៉ុន្តែបើយោងតាម លោកស្រី ជ្រឹងបុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២២ កន្លងមកនេះ ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េមានចំនួនប្រមាណ ៤៩ ៧៣៨ នាក់ (ស្រី ១១ ៨៣៩ នាក់)។
លោកស្រីថ្លែងថា៖ «យើងត្រូវទទួលស្គាល់ថា ទីផ្សារការងារនៅសាធារណរដ្ឋកូរ៉េជាទីផ្សារការងារល្អ ជម្រើសល្អ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ»។
លោកស្រីឯកអគ្គរាជទូតថ្លែងថា៖ «លើសពីនេះ ពលករកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ បានចូលរួមចំណែកជួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់។ ពលករទទួលបានជំនាញ ចំណេះដឹង ធនធាន និងបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់របស់ប្រទេសកូរ៉េដែលជាប្រទេសជឿនលឿន មានបច្ចេកទេសទំនើប»៕