សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញឥណ្ឌាសហការគ្នាទល់ទ្រខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលរហែកប្រេះធ្នឹមនៅចំពាក់កណ្តាលដែលអាចនឹងមានហានិភ័យ ដើម្បីថែរក្សាការពារឱ្យមានសុវត្ថិភាពឡើងវិញ បន្ទាប់ពីបានបិទចរាចរណ៍បណ្តោះអាសន្ន។
អស់រយៈពេលជាង ២ សប្ដាហ៍មកហើយ ដែលខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម ត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន ដើម្បីទល់ទ្រថ្មធ្នឹមផ្នែកខាងកើត ក្នុងការជួយសង្គ្រោះខ្លោងទ្វារនេះ ព្រមទាំងការពារសុវត្ថិភាពចំពោះភ្ញៀវទេសចរផង។
អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា តាមអនុសាសន៍អ្នកជំនាញអាយស៊ីស៊ី-អង្គរ នៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីនៅចុងឆ្នាំ ២០២២ កន្លងទៅ តម្រូវឱ្យមានការទល់ទ្រ ក្នុងនោះក្រុមការងារក៏បានប្រើដែកអ៊ីណុកចំនួនបីដើម យកមកដាក់ដើម្បីឱ្យធ្នឹមនេះមានលំនឹងឡើងវិញ។ ជាមួយគ្នានោះដែរ ក៏មានការរើថ្មដែលក្រៀកហែកមួយចំនួន រួចហើយរៀបដាក់ទៅកន្លែងដើមឡើងវិញ។
លោក Sing Sood បានបន្តថា បច្ចុប្បន្ន ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្មនេះ ដោយសារតែអាយុកាលរបស់សំណង់ កំពុងមានការរហែកប្រេះធ្នឹម មានការស្រុតគ្រឹះតួខ្លោងទ្វារ ហើយមុខព្រហ្មទាំងបួន នៅកំពូលខាងលើត្រូវបានក្រៀកហែក។
ករណីនេះ ក្រុមអ្នកជំនាញបានប្រើខ្សែកាបរឹតបន្ដឹងការពារការរលុះធ្លាក់ថ្មដោយយថាហេតុណាមួយ។ នៅពេលការងារនេះបានបញ្ចប់រួចរាល់ ក្រុមការងារនឹងពិនិត្យតាមដានស្ថានភាពខ្លោងទ្វារនេះ មុននឹងសម្រេចបើកឱ្យដំណើរការចរាចរណ៍ធម្មតាឡើងវិញ៕