​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់ថា មូលហេតុ​ដែល​កម្ពុ​ជាស​ម្បូ​រ​ទៅដោយ​ធនធានធម្មជាតិ ប៉ុន្តែ​មិនទាន់​អាច​ប្រែ​ក្លាយទៅជា​ប្រទេស​អ្នក​មានបាន​នោះ គឺ​ដោយសារ​កំហុស​ផ្នែក​នយោបាយ ដែល​បាន​អូសទាញ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ទើប​ធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស ដែលជា​កត្តា​រារាំង​ដល់​ការអភិវឌ្ឍ​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នៅ​ថ្ងៃទី​ ២៦ ខែមករា លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែងថា ប្រទេស​ដែលមាន​ធនធានធម្មជាតិ​សម្បូរបែប មិន​ប្រាកដថា ជា​ប្រទេស​ក្លាយទៅជា​ប្រទេស​អ្នកមាន នោះទេ រីឯ​ប្រទេស​ដែល​គ្មាន​ធនធានធម្មជាតិ ក៏​មិន​ប្រាកដថា នឹង​មិនអាច​ក្លាយទៅជា​អ្នកមាន​ដែរ​។

​លោក​ថា​៖ «​ឥឡូវ​យើង​លើក​ឧទាហរណ៍​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ អាស៊ាន​ទៅ​ចុះ ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​អាច​និយាយបានថា មាន​ធនធានធម្មជាតិ​សម្បូរបែប មាន​តាំងពី​មាស ត្បូង ធ្យូងថ្ម គ្រាន់តែ​យើង​មិនទាន់បាន​ប្រើ យើង​កំពុង​ដាក់ឱ្យ​វិនិយោគ​សម្រាប់​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​។ យើង​មាន​រ៉ែ​ដែក ប៉ុន្តែ​យើង មិនទាន់​បានធ្វើ​អាជីវកម្ម​។ យើង​មាន​ផ្នែក​ដទៃទៀត​ដែល​សុទ្ធតែជា​ធនធានធម្មជាតិ ប៉ុន្តែ​ប្រទេស​យើង​នៅតែ​ជា​ប្រទេស​ក្រីក្រ​»​។

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​នេះ​បើសិនជា​មិនមាន​សង្គ្រាម​ឆ្នាំ​ ១៩៧០ ​ផ្តើម​ដោយ​រដ្ឋប្រហារ ១៨ មីនា​ ១៩៧០​ ទម្លាក់​សម្តេចព្រះ​នរោត្តមសីហនុ ពេលនេះ​ប្រទេស​កម្ពុជា​របស់​យើង​កំពុងមាន​ការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់ គ្រប់​វិស័យ​ទាំងអស់​ដែល​យុវជន​សម័យ​នោះ​ក៏បាន​ទាញយក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន ពី​សន្តិភាព​ដែល​កើតចេញ​ក្រោយ​សម័យ​ឯករាជ្យ​ដឹកនាំ​ដោយ​សម្តេច ព្រះបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ​របស់​យើង​»​។

​ប៉ុន្តែ​កំហុស​ខាង​នយោបាយ​នៃ​ការសម្រេចចិត្ត​ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ នាំឱ្យ​ប្រទេស​នេះ មិន​ត្រឹមតែ​មិនអាច​អភិវឌ្ឍ​បានទេ ក៏ប៉ុន្តែ​ប្រទេស​នេះ​ត្រូវបាន​បំផ្លាញ​ដល់​ឫសគល់​តែម្តង​គឺ​ធ្វើឱ្យមាន​ការលំបាក​ណាស់ ពីព្រោះ​សង្គ្រាម​បាន​ដុត​រោល​ទូទាំងប្រទេស​។ លោក​ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កំហុស​ខាង​នយោបាយ​មួយ​នេះ ធ្វើឱ្យ​ប្រទេស​កម្ពុជា ដើរ​ថយក្រោយ​ក្នុងពេលដែល​ប្រទេស​ដទៃ​ដើរ​ទៅមុខ ដោយ​លោក​សង្កត់ធ្ងន់ថា កំហុស​ខាង​នយោបាយ​នេះ គឺ​ត្រូវតែ​ចៀសវាង​។

​លោក​ថា​៖ «​ដែល​យើង​តែងតែ​និយាយថា ខិតខំ​រក្សា​សន្តិភាព ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​ឱ្យខាងតែបាន ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវការពារ​សន្តិភាព​ឱ្យបាន​សិន ហើយ​កំហុស​ខាង​នយោបាយ​មិនត្រូវ​ឱ្យមាន​បន្តទៀត​នៅ​កម្ពុជា​នោះទេ​»​។​

​លោក​បន្ថែមទៀតថា ចំណុច​មួយទៀត​នោះ​គឺ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​ដែល​ត្រូវបាន​បាត់បង់​ក្នុងអំឡុង ប្រទេស​មាន​សង្គ្រាម បើទោះបីជា​បច្ចុប្បន្ន​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែលមាន​សន្តិភាព​និង​ឯកភាព​ទឹកដី​បញ្ចប់​នូវ​ការបែកបាក់​ពី​ប្រទេសមួយ តំបន់​ត្រួតត្រា​ច្រើន​មកកាន់​ប្រទេសមួយ​តំបន់​ត្រួតត្រា​តែមួយ ប៉ុន្តែ​ការអភិវឌ្ឍ​របស់​យើង​មិនបាន​លឿន​គឺ​ស្ថិត​នៅត្រង់ថា ធនធានមនុស្ស​មា​នក​ម្រិ​ត​នៅឡើយ​។​

​លោក​ថា​៖ «​អ្នកវិនិយោគ​គេ​មើល ថា​យើង​មាន​ធនធានមនុស្ស​ដើម្បី​បម្រើការ​ឱ្យគេ​ទេ​ការពិត​ប្រទេស​កម្ពុ​ជាមាន​យុវជន​ច្រើន ក៏ប៉ុន្តែ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​តម្រូវការ​នៃ​រោងចក្រ សហគ្រាស និង​បណ្តា​ក្រុមហ៊ុន​នានា ដែល​មក​វិនិយោគ​នៅ​កម្ពុជា​សុទ្ធ​តែមាន​កម្រិត​។​ប៉ុន្តែ​យើង​ពិនិត្យមើល​សាំង​ហ្គា​ពួរ វិញ អត់​មានអី​ទេ សូម្បីតែ​ទឹកសាប​ក៏​គ្មាន​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​ទេ ត្រូវ​ទិញ​ទឹក​ពី​ម៉ាឡេស៊ី​ដើម្បី​មក​ប្រើ ប៉ុន្តែ​ហេតុ​អី​បានជា​សាំង​ហ្គា​ពួរ ក្លាយទៅជា​អ្នកមាន​បាន ព្រោះ​សាំង​ហ្គា​ពួរ មាន​ធនធានមនុស្ស ចំណុច​នេះ​យើង​ត្រូវ​ហ៊ាន​ទទួល​ការពិត​មាន​ធនធានមនុស្ស​ពូកែ​ពិតប្រាកដ​»​។​

​យ៉ាងណាមិញ​លោក​ថា នាពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាននិងកំពុង​ពង្រឹង​លើ​វិស័យ​អប់រំ និង​ធនធានមនុស្ស​ឱ្យមាន​គុណភាព ខណៈ​លោក​ក៏​អំពាវនាវ​ដល់​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់ ជំរុញ​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​គុណភាព​នៃ​ការអប់រំ​ផងដែរ​។​

​អគ្គលេខាធិការ​រាជបណ្ឌិត្យ សភា​កម្ពុជា​លោក យង់ ពៅ បាន​ថ្លែងថា ជាការ​ពិត ការអភិវឌ្ឍ​ប្រទេស​នីមួយៗ​ពឹងផ្អែក​ទៅលើ​ធនធាន​ជាច្រើន មិនមែន​ប្រាកដថា ធនធានធម្មជាតិ​ជា​កត្តា​នៃ​ការអភិវឌ្ឍ​នោះទេ ព្រោះ​ប្រទេស​មួយចំនួន ដូចជា​នៅ​អ្រា​ហ្វិ​ក​ក្តី អាស៊ី​ក្តី មាន​ធនធាន​ច្រើន ក៏ប៉ុន្តែ​កត្តា​ដែល​អភិវឌ្ឍ​មែនទែន​នោះ គឺ​ស្ថិរភាព និង​ធនធានមនុស្ស​ជា​កត្តាចាំបាច់​បំផុត​សម្រាប់​ការអភិវឌ្ឍ​សង្គម​។

លោក​ថា​៖ «​សម្រាប់​កម្ពុជា ការរាំងស្ទះ​លើ​ការអភិវឌ្ឍ​គឺ​កត្តា​សង្គ្រាមស៊ីវិល ដែល​យើង​ទើបតែ​បញ្ចប់ និង​ឯកភាព​ទឹកដី​នៅ​ចុងឆ្នាំ ១៩៩៨ អ៊ីចឹង​ការអូសបន្លាយ​នៃ​សង្គ្រាមស៊ីវិល​នេះ វា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​»​។​

​មិន​ខុសពី​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះដែរ លោក យង់ ពៅ ថ្លែងថា ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​តទៅ​មុខ គឺ​ត្រូវ​ធានា​ឱ្យបាន​នូវ​ស្ថិរភាព​សង្គម សន្តិភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ពីព្រោះ​ធន ធាន​មនុស្ស​សំខាន់​ណាស់​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ដែលជា​ធនធាន​ទ្រទ្រង់​សេដ្ឋកិច្ចសង្គម​៕

វីដេអូ៖