យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីជំរុញបន្តឱ្យប្រជាពលរដ្ឋ និងអ្នកជួញដូរ ចូលរួមការពារសត្វព្រៃដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស។
បើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការបន្តយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ គឺដោយសារយុទ្ធនាការដំណាក់កាលទី១ បានបង្ហាញអំពីភាពជោគជ័យរបស់យុទ្ធនាការអន្ទាក់សូន្យ ដែលមានផលវិជ្ជមានច្រើន រួមមាន ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងច្រើនអំពីផលនៃការដាក់អន្ទាក់ ដែលវាប៉ះពាល់ទៅលើជីវៈចម្រុះ ជាពិសេសសត្វព្រៃ។ មួយវិញទៀត ធ្វើឱ្យអ្នកដាក់អន្ទាក់ អ្នកជួញដូរ និងអ្នកបរិភោគសត្វព្រៃ មានការយល់ដឹងទូលំទូលាយពីសារៈប្រយោជន៍នៃសត្វព្រៃ និងឱ្យពួកគាត់បញ្ឈប់ជាបន្ទាន់ក្នុងការបរិភោគ និងការជួញដូរជាដើម។
ក្រៅពីនេះទៀត ក្រោយបញ្ចប់ដោយជោគជ័យយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងខេត្តចំនួន ៦ នៅឆ្នាំ ២០២២ មក លោកថា ក្រសួងបរិស្ថាននឹងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្ត ៦ ទៀត រួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង-ប៉ៃលិន និងខេត្តសៀមរាប។ ហើយយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នឹងចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
លោក នេត ភក្ត្រា ថា៖ «អ៊ីចឹងយើងត្រូវបង្កើននូវការផ្សព្វផ្សាយបន្ថែមទៀតក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ខាងមុខនេះ ដើម្បីពង្រីកនៃចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋជុំវិញការជួញដូរសត្វព្រៃ និងការដាក់អន្ទាក់»។
ក្រោយបញ្ចប់ដោយជោគជ័យយុទ្ធនាការអន្ទាក់សូន្យក្នុង ៦ ខេត្តនៅឆ្នាំ ២០២២ លោកថា ក្រសួងបរិស្ថាននឹងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្ត ៦ ទៀត រួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង-ប៉ៃលិន និងខេត្តសៀមរាប។ ហើយយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF គឺលោក សេង ទៀក បានប្រាប់ថា មូលហេតុដែលបន្តធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមនាខែមីនាខាងមុខនេះ ដោយសារយុទ្ធនាការដំណាក់កាលទី១ ដែលបានអនុវត្តជាលើកដំបូងកន្លងមកនេះ បានបង្ហាញថាមានផលប៉ះពាល់ជាច្រើនក្នុងដំណាល់កាលទី១ នេះ។
លោកបន្តថា ក្នុងនោះមានមូលហេតុចម្បងមាន ៤ ចំណុចសំខាន់ៗ ដែលឱ្យស្ថាប័នរដ្ឋ និងអង្គការដៃគូធ្វើការសហការ និងបន្តយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នេះបន្តទៀត រួមមាន ចំណុចទី ១ គឺដោយផ្អែកតាមប្រជាពលរដ្ឋជាង ៣ លាននាក់ ដែលទទួលបានសារៈសំខាន់ៗចេញពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ហើយសារៈសំខាន់ៗមួយចំនួននោះ មានដូចជា សារៈសំខាន់សត្វព្រៃ ស្ថានភាពសត្វព្រៃ និងបញ្ហាប្រឈមរបស់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសវិបត្តិអន្ទាក់ ដែលជាឃាតករលាក់មុខនៅក្នុងព្រៃ និងសារមួយចំនួន ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមអភិរក្សសត្វព្រៃជាដើម។
ចំណុចទី២ លោកថា គឺតាមរយៈបណ្ដាញសង្គម ដែលចេញពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ មានប្រជាពលរដ្ឋជាច្រើនស្នើឱ្យមានការបន្តការអប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ ដើម្បីផ្លាស់ប្ដូរឥរិយាបថបញ្ឈប់ការបរិភោគសត្វព្រៃ។ ចំណុចទី ៣ គឺយោងតាមការប្រមូលរបាយការណ៍នៅក្នុងខេត្តទាំង ៦ ដែលចេញពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានធ្វើកន្លងមក ឃើញថាចំនួនអន្ទាក់ត្រូវបានថយចុះនៅសល់ ៣៥១៩៣ អន្ទាក់ បើធៀបជាមួយទិន្នន័យមូលដ្ឋានដែលមិនទាន់ធ្វើយុទ្ធនាការ មានចំនួន ៦១១៦១ អន្ទាក់ និងចំណុចទី ៤ គឺដោយពិនិត្យឃើញការអនុវត្តច្បាប់មិនទាន់តឹងរ៉ឹង ដូចជានៅកន្លែងលក់សត្វព្រៃ មានបើកចំហជាដើម។
លោកថា៖ «ដូច្នេះឈរលើមូលដ្ឋានទាំង ៤ ហ្នឹង ដែលជាផលប៉ះពាល់វិជ្ជមាន ទើបយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នេះ យើងគិតថាគួរតែត្រូវបានបន្ត និងអនុវត្តទៅលើខេត្តដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជាយើង។ ជាពិសេសនៅក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាបជាដើម»។
លោកបន្តថា ខេត្តទាំងនោះ កាលពីយុទ្ធនាការដំណាក់កាលទី១ មិនទាន់បានគ្របដណ្ដប់ឡើយ ដូច្នេះក្នុងដំណាក់កាលទី២ នេះ ក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ បានចូលរួមគ្នាសហការគ្នាធ្វើយុទ្ធនាការដំណាក់កាលកាលទី២ នេះឡើង។
លោកបន្ថែមថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នេះ នឹងបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសត្វព្រៃឱ្យបានគង់វង្សបន្តទៀត និងផ្ដល់សំខាន់ទៅកាន់អ្នកដាក់អន្ទាក់ អ្នកជួញដូរ ជាពិសេសអ្នកដែលចូលចិត្តបរិភោគសត្វព្រៃ គួរតែបញ្ឈប់ជាបន្ទាន់ផងដែរ។
សូមជម្រាបថា ការរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន តំណាងអង្គការដៃគូរួមមានអង្គការ មូលនិធិសកលសម្រាប់ធម្មជាតិ (WWF ) អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Morodok Baitang) គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI) អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP៕