ភ្នំពេញៈ អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងក្រសួងការបរទេសកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាជាថ្មីក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ «ជិតស្និទ្ធ» ហើយអង្គការ UNICEF ក៏បានសន្យាបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជាពិសេសសំដៅលើកុមារ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វីល ផាកស៍ (Will Parks) តំណាងតែងតាំងថ្មីនៃអង្គការ UNICEFប្រចាំកម្ពុជា ក្នុងឱកាសប្រគល់សារតាំងជូន លោក អ៊ុច បូររិទ្ធ ពីថ្ងៃទី ២៤ មករា នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណចំពោះគម្រោងអង្គការ UNICEF លើវិស័យអប់រំ សុខភាព និងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាត និងអនាម័យ ព្រមទាំងគោលនយោបាយ និងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដែលផ្សព្វផ្សាយនៅយប់ថ្ងៃទី ២៥ ខែមករា។
ក្រសួងបញ្ជាក់ថា កិច្ចប្រឹងប្រែងថ្មីៗរបស់ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារនិងក្រុមគ្រួសារពួកគេក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ ១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ។
ក្រសួងបានបញ្ជាក់ថា «អង្គការ UNICEF បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា។ នេះជាការបញ្ជាក់របស់លោក Will Parks»។
លោក អ៊ុច បូររិទ្ធ បានស្វាគមន៍ និងបានអះអាងចំពោះលោក វីល អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរូបលោកនិងក្រុមការងារ ក្នុងការបំពេញការងារអង្គការ UNICEF នៅកម្ពុជា។
លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF មានប្រវត្តិដ៏យូរលង់ដោយ UNICEF បានផ្តល់ជំនួយក្រោយពីការដួលរលំរបបខ្មែរក្រហម ដែលបានរួមចំណែកបន្ធូរការលំបាករបស់ប្រជាជនកម្ពុជានាពេលនោះ។
បើយោងតាមក្រសួង លោកវីល បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF មានភាពរឹងមាំ។លោកក៏បានអះអាងពីការប្តេជ្ញាចិត្តក្នុងការថែរក្សាទំនាក់ទំនងនេះហើយនឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធលើវិស័យដែលបានគូសបញ្ជាក់ខាងលើ។
ក្រសួងបញ្ជាក់ថា «ភាគីទាំង ២ បានអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF»។
អង្គការ UNICEF ប្រចាំកម្ពុជា ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុក ផ្លូវការកាលពីថ្ងៃទី ២៥ ខែមករា ថា លោក វីល ធ្លាប់ជាតំណាងយូនីសេហ្វប្រចាំប្រទេសប៊ូតង់និងអ៊ីរ៉ង់ដោយមានបទពិសោធន៍ ៣០ ឆ្នាំក្នុងការងារអភិវឌ្ឍន៍នៅក្នុងប្រទេសចំនួន ៤៣។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដីលោក វីល ថ្លែងក្នុងជំនួបនេះថា៖ «យូនីសេហ្វនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រកុមារក្នុងការស្តារទ្បើងវិញពីជំងឺរាតត្បាត»។ លោក វីល ចាត់ទុកការបាត់បង់ការសិក្សារបស់កុមារជាអាទិភាពសំខាន់។
ប្រភពដដែលបន្តថា៖ «លោកវីល ក៏បានបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់យូនីសេហ្វក្នុងការធ្វើឱ្យជីវិតរបស់កុមារប្រសើរឡើងក្នុងរយៈពេលវែងតាមរយៈការពង្រឹងវិស័យទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនិងការធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារសង្គម អាហារូបត្ថម្ភ កិច្ចការពារកុមារ និងការថែទាំសុខភាពសម្រាប់កុមារគ្រប់រូប»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការប្តេជ្ញាចិត្តរួមគ្នារវាងភាគីទាំង ២ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺជាការវិវត្តល្អសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារ។
លោកបន្តថា៖ «ប៉ុន្តែយ៉ាងណាកុមារកម្ពុជាភាគច្រើននៅតែប្រឈមចំពោះសុវត្ថិភាព សុខភាព និងកង្វះអាហារូបត្ថម្ភជាពិសេសកុមារនៅតាមទីជនបទ។ការបោះបង់ការសិក្សា ការខ្វះខាតជីវភាព ភាពក្រីក្រគ្រឿងញៀននៅក្នុងសហគមន៍នៅតែជាការគំរាមដល់កុមារ និងអនាគតល្អរបស់ពួកគេ»៕