ព្រះសីហនុៈ កិច្ចប្រជុំក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងក្រុងព្រះសីហនុ ដើម្បីដាក់ចេញផែនការយុទ្ធសាស្ត្រកាយរឹទ្ធិជាតិកម្ពុជា២០២៣-២០២៧ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាមកពីរាជធានីខេត្ត២៥ និងក្រសួងស្ថាប័ននៅកម្ពុជា។ នេះបើយោងតាមក្រសួងអប់រំកាលពីថ្ងៃទី២៦ខែមករា។
លោកហង់ជូន ណារ៉ុន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយ អំពីចលនាកាយរឹទ្ធិនៅកម្ពុជា និងដើម្បីពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗសម្រាប់ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តកាយរឹទ្ធិជាតិកម្ពុជា២០២៣-២០២៧។ ផែនការយុទ្ធសាស្រ្តនេះនឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជាឆ្លើយតបទៅនឹងចក្ខុវិស័យ កំណើនសមាជិកចំនួន២៥ម៉ឺននាក់នៅឆ្នាំ២០២៧ ហើយប្រែក្លាយជាអង្គការយុវជនឈានមុខគេ ក្នុងការអប់រំដល់កុមារ និងយុវជននៅកម្ពុជា។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានថ្លែងនូវបាឋកថាគន្លឹះស្ដីពី "កាយរឹទ្ធិអ្នកនាំសារសន្តិភាព" ដើម្បីចែករំលែកបទពិសោធន៍ដំណើរស្វែងរកសន្តិភាព នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាគរុគណៈនៃកាយរឹទ្ធិជាតិកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានដឹកនាំគណៈប្រតិភូមេដឹកនាំកាយរឹទ្ធិ ធ្វើទស្សនកិច្ចអំពីសមិទ្ធផលរបស់ខេត្តព្រះសីហនុ ដែលជាលទ្ធផល និងផ្លែផ្កានៃសុខសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍនយោបាយឈ្នះឈ្នះ នៅកម្ពុជា។
ក្រៅពីនោះ ក៏មានការធ្វើលំហាត់ប្រាណ និងវិបស្សនានា នៃការបោះជំរំមេដឹកនាំកាយរឹទ្ធិផងដែរ។
លើសពីនោះ មានការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ លើកទី១ និងពិធីបំពាក់កន្សែងជូនដល់នូវកាយរឹទ្ធិ និងផ្លាស់ប្តូរកន្សែង ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ឧត្តមទីប្រឹក្សាជាន់ខ្ពស់ អភិបាល-តំណាងនៃគណៈអភិបាលរាជធានីខេត្ត ដែលជាប្រធានកាយរឹទ្ធិរាជធានីខេត្ត ប្រធានស្នងការកាយរឹទ្ធិរាជធានីខេត្តទាំង២៥ និងមេដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ជាសមាជិកក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា ជាច្រើនរូបទៀតផងដែរ៕