ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានអំពាវនាវគ្រិស្តបរិស័ទបន្តសកម្មភាពចូលរួមការអភិវឌ្ឍនៅកម្ពុជា ដើម្បីរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈនៃការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាព្រឹកថ្ងៃសុក្រទី ២៧ ខែមករានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសូមឱ្យទាំងអស់គ្នាចូលរួមនូវសកម្មភាពទាំងឡាយ ទាក់ទងជាមួយនឹងការអភិវឌ្ឍប្រទេសរបស់យើងនូវគ្រប់សកម្មភាពតាមតែអាចធ្វើទៅបាន។ ជាមួយគ្នានេះក៏ត្រូវបន្តការចូលរួម ដើម្បីរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈនៃការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីធានាថា នៅគ្រប់សាសនាទាំងអស់ ជាពិសេសក្នុងចំណោមគ្រិស្តបរិស័ទរបស់យើង ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនទាំងអស់»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ពិធីជួបជុំនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាព មិត្តភាព ការយោគយល់អធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នាប្រកបដោយមេត្តារវាងសហគមន៍គ្រិស្តសាសនានៅកម្ពុជា។ វាក៏ជាការបង្ហាញឱ្យឃើញពីការរីកចម្រើនគ្រិស្តសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព និងផ្តល់ឱកាសសម្រាប់អង្គពិធីជួបជុំប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកលើកស្ទួយសុខដុមរមណីយកម្ម វិស័យគ្រិស្តសាសនា សំដៅរក្សាសុខសន្តិភាព និងស្ថិរភាពសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
លោក ហ៊ុន សែន បានថ្លែងផងដែរថា គ្រិស្តបរិស័ទដែលបានចុះបញ្ជីមានចំនួន ១ ១៤ ៤០២ នាក់នៅកម្ពុជា។ លោកបានធ្វើការកត់សម្គាល់ថា នាបច្ចុប្បន្ននេះ គ្រិស្តបរិស័ទក៏បានចូលរួមសកម្មភាពសង្គមជាច្រើន តាមរយៈសកម្មភាពអប់រំ មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈអង្គការសមាគម ដូចជាការជួយសាងសង់សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ អំណោយក្តីស្រលាញ់ដល់កុមារ ក្មេងកំព្រា ចាស់ជរាជាដើម៕