មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញផ្ទុកសារធាតុគីមីលើសកម្រិត ដែល បណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខាភាព ខណៈក្រសួងកំពុងតាមដាន និងប្រមូលផលិតផលនេះមក វិញ។
ការហាមឃាត់នេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានរកឃើញថា ឱសថ AMBRONOL SYRUP ផលិតដោយរោងចក្រ ផលិតឱសថ MARION BIOTECH PVT. LTD, នៅប្រទេសឥណ្ឌា មានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដា ដែលក្បួនច្បាប់ឱសថ (Pharmacopoeia) បានអនុញ្ញាត។
យោងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «សារជាតិគីមី Diethylene Glycol និងEthylene Glycol លើសកម្រិតបទដ្ឋានស្ដង់ដា អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់ បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ ដែលអាចបង្កឱ្យស្លាប់បាន»។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាព និងធ្វើការតាមដានឱ្យបានហ្មត់ចត់ គឺក្រសួងសុខាភិបាល បានចាត់ចែងនូវវិធានការហាមឃាត់ការចែងចាយបន្ត និងស្នើឱ្យបញ្ឈប់ការប្រើប្រាស់ជាបណ្តោះអាសន្នផងដែរ។
លោកស្រីថា៖ «បច្ចុប្បន្នយើងក៏ប្រមូលបាននូវឱសថទាំងនោះត្រឡប់យកមកវិញហើយ ក៏បានស្នើសុំទៅអង្គការសុខភាពពិភពលោកដើម្បីសហការឱ្យជួយក្នុងលក្ខណៈបច្ចេកទេសដើម្បីពិនិត្យឱ្យបានហ្មត់ចត់ជាទីបំផុតនូវឱសថដែលយើងប្រមូលបានមកនេះ ថាតើឱសថនេះមានបញ្ហាដូចការចេញផ្សាយដូចឡូតិ៍ផ្សេងៗទៀត ដែលមានការចេញផ្សាយដោយអង្គការសុខភាពពិភពលោកដែលឬទេ»។ ហើយនៅពេលណាដែលយើងទទួលបាននូវព័ត៌មានផ្សេងៗទៀតពីអង្គការសុខភាពពិភពលោក ឬក៏មានបញ្ហាអីផ្សេងទៀត ក្រសួងសុខាភិបាលនឹងបន្តជូនព័ត៌មានដល់សាធារជនឱ្យបានជ្រាបផងដែរ។
យ៉ាងណាក៏ដោយលោកស្រី ឱ វណ្ណឌីន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តទៅតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ។
នៅក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួង សុខាភិបាល បានតម្រូវឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថ AMBRONOL SYRUP ត្រូវប្រមូលមកវិញនូវឱសថនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។ ក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ខណៈក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។
ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕