ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៧ ខែមករានេះ បានធ្វើការជូនដំណឹងបន្ថែមពីស្ថានភាពធាតុអាកាសថា តាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុឃើញថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើប្រទេសកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C។
រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១°C។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០°C។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។
ក្រសួងបានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕