ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារនាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងក្នុងឱកាសនោះថា ជាការពិត ការដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំនេះកាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ គឺជាការផ្តល់ការគាំទ្រ ក្នុងការរួមចំណែកផ្តល់ជាផែនទីបង្ហាញផ្លូវ និងអនុសាសន៍សំខាន់ៗសំដៅពង្រឹងយន្តការអធិការកិច្ចការងារ ដែលជាកិច្ចការអាទិភាព បានកំណត់ជាអភិក្រមក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។ ទាំងនេះគឺសំដៅធានា និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ ស្របតាមការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ផងដែរ។
សៀវភៅគោលការណ៍ណែនាំនេះ បានពន្យល់លម្អិតអំពីបច្ចេកទេស និងនីតិវិធីនៃការធ្វើអធិការកិច្ចការងារស្របតាមច្បាប់ និងបទប្បញ្ញត្ដិពាក់ព័ន្ធនឹងវិស័យការងារ ព្រមទាំងអនុលោមតាមបទដ្ឋានអន្តរជាតិខាងការងារ និងបានបង្ហាញផងដែរនូវឧត្ដមានុវត្ដន៍របស់អង្គការអន្តរជាតិខាងការងារ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីគោលការណ៍អធិការកិច្ចការងារ។
សៀវភៅគោលការណ៍ណែនាំនេះ គឺមានភាពចាំបាច់ ក្នុងការពង្រឹង និងធានាយន្តការអធិការកិច្ចការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ឆ្លើយតបទៅនឹងចរន្តនៃការវិវត្តថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងតម្រូវការអភិវឌ្ឍន៍ក្នុងកម្រិតវិស័យការងារ និង ម្យ៉ាងទៀត ដើម្បីចាប់យកកាលានុវត្តភាពនានា សំដៅលើកកម្ពស់វិស័យនេះ ឱ្យចូលរួមកាន់តែល្អប្រសើរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្រៅពីនោះលោកក៏បានចែករំលែកគំនិត ចំពោះតួនាទី ភារកិច្ច និងទិសដៅអាទិភាពមួយចំនួន ដែលត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតផងដែរ។ ក្នុងនោះរួមមាន អធិការការងារ ត្រូវស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមសៀវភៅគោលការណ៍ណែនាំនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការចុះធ្វើអធិការកិច្ចការងារ សំដៅធានាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
ម្យ៉ាងវិញទៀត អធិការកិច្ចការងារ ត្រូវខិតខំតាមដានឱ្យបានទ្វេដង ដើម្បីស្រូបយកនូវចំណេះដឹងថ្មីៗ និងបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះក្នុងកម្រិតអតិបរមា ហើយយកគោលការណ៍អធិការកិច្ចការងារនេះ ទៅអនុវត្តឱ្យបានត្រឹមត្រូវ ទន់ភ្លន់ និងម៉ឺងមាត់ សមជាមន្ត្រីរាជការ ដែលបានប្រែក្លាយជាមន្ត្រីនគរបាលយុត្តិធម៌។ ទាំងនេះគឺក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព ប្រកបដោយសក្តានុពល ពីបដិវត្តឧស្សាហកម្ម៤.០ ការលើកកម្ពស់បរិវត្តកម្មឌីជីថល ជាពិសេសប្រែក្លាយវិបត្តិជំងឺកូវីដ ១៩ នេះ ឱ្យទៅជាកាលានុវត្តភាព ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមចំណែកផ្តល់នូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕