ក្រចេះ/ស្ទឹងត្រែងៈ ការកំណត់អត្តសញ្ញាណសត្វផ្សោតលើកទី១ នៃឆ្នាំ ២០២៣ នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមករា ឆ្នាំ ២០២៣ ដោយមានការចូលរួមផងដែរពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិមកពីកម្មវិធីស្រាវជ្រាវសត្វផ្សោតសារ៉ាសូតា គណៈកម្មការថនិកសត្វសមុទ្រសហរដ្ឋអាមេរិក និងក្រុមអ្នកឯកទេសថនិកសត្វសមុទ្រ IUCN SSC។ នេះបើយោងតាមអង្គការ WWF កម្ពុជានៅថ្ងៃទី ២៧ ខែមករានេះ។
ការកំណត់អត្តសញ្ញាណសត្វផ្សោត ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការតាមដានអំពីចំនួន និងស្ថានភាពនៃសត្វផ្សោតក្នុងទន្លេមេគង្គ ដែលត្រូវធ្វើឡើងជារៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ដោយក្រុមអ្នកស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF ក្នុងតំបន់ទីជម្រកតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា ចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។
ទិន្នន័យដែលប្រមូលបានពីការសិក្សាពេលនេះនឹងត្រូវដាក់បញ្ចូលជាមួយទិន្នន័យ ដែលនឹងទទួលបានពីការចុះសិក្សាកំណត់អត្តសញ្ញាណចំនួន ២ លើកបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដើម្បីឈានដល់ការបូកសរុបដើម្បីប៉ាន់ប្រមាណ និងចងក្រងរបាយការណ៍អំពីចំនួនសត្វផ្សោតនៃឆ្នាំ ២០២៣។
អង្គការបានបញ្ជាក់ថា៖ «របាយការណ៍នេះមានសារៈសំខាន់ ក្នុងការផ្តល់បច្ចុប្បន្នភាពនៃចំនួនសត្វផ្សោតដែលរស់នៅក្នុងតំបន់អភិរក្ស គាំទ្រដល់ភ្នាក់ងាររបស់រាជរដ្ឋាភិបាលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ស្ថាប័នអង្គការដៃគូ ព្រមទាំងអ្នកវិទ្យាសាស្ត្រអភិរក្សទាំងអស់ក្នុងការស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែម ដើម្បីពង្រឹងការការពារសត្វផ្សោតទន្លេមេគង្គកុំឱ្យបាត់បង់»។
យោងតាមជំរឿនសត្វផ្សោតឆ្នាំ ២០២០ មានសត្វផ្សោតត្រឹមតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ ការគំរាមកំហែងរបស់សត្វផ្សោតរួមមានការនេសាទខុសច្បាប់ និងការសាងសង់ទំនប់វារីអគ្គិសនីនៅប៉ែកខាងលើមេគង្គជាដើម។ អង្គការ WWF បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សប្រកបដោយប្រសិទ្ធភាពសំដៅធានាការការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌជាតិមានជីវិតនិងជា ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតមួយក្នុងសកលលោកឱ្យគង់វង្ស៕