សៀមរាបៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោងជាង ១៥ បានចុះអនុវត្តវិធានការរដ្ឋបាល នៅទីតាំងមួយកន្លែងស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាកន្លែងធ្វើអាជីវកម្ម បោះដុំ ចែកចាយ នូវប្រភេទបារីអេឡិចត្រូនិក ( ECigarett ) និងអេចឈ៍ ធី ភី ដោយបានធ្វើការដកហូត មានចំនួនសរុប ១៨ កេសធំស្មើនឹង ៤៧ កេសតូច។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯង អ៊ុ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
នៅក្នុងការបង្ក្រាបនេះ ពុំមានការចាប់ឃាត់ខ្លួនអ្នកលក់បារីអេឡិចត្រូនិកដែលត្រូវបានហាមឃាត់នេះទេ ដោយសមត្ថកិច្ច គ្រាន់តែបានធ្វើកិច្ចសន្យាលើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយចាប់ពីពេលនេះតទៅ តែប៉ុណ្ណោះ។
បើតាមស្នងការដ្ឋាននគរបាលខេត្តសៀមរាប កន្លងមកផែនការងារប្រឆាំងគ្រឿងញៀនកម្លាំងនគរបាល បានធ្វើការអប់រំផ្សព្វផ្សាយណែនាំ និងហាមឃាត់មិនឱ្យមានការចរាចរណ៍នាំចូល និងចែកចាយផលិតផល SISHA បារីអេឡិចត្រូនិក( ECigarett ) និងអេចឈ៍ ធី ភី ដែល តែងហៅថា (Hybrid) ទាំងនេះឡើយ៕