ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយការិយាល័យមេធាវី Building Bridge USA (BBUSA) លើការ “លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការប្រើប្រាស់បណ្ណាល័យច្បាប់អេឡិចត្រូនិក”នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
តាមរយៈកិច្ចសហការនេះ នឹងជួយជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវចំណេះដឹងនិងជំនាញផ្នែកច្បាប់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា តាមរយៈការប្រើប្រាស់ដោយឥតគិតថ្លៃបណ្ណាល័យច្បាប់អេឡិចត្រូនិករបស់អាមេរិក កិច្ចប្រជុំសិក្ខាសាលា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ របស់ចៅក្រម ព្រះរាជអាជ្ញា មេធាវី អ្នកជំនាញផ្នែកច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត នៃប្រទេសទាំងពីរផងដែរ។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លោក ជិន ម៉ាលីន បានធ្វើការបើកកម្មវិធី បឋកថា ស្តីពី "Trust Relationship & Service in the digital age" ដោយអញ្ជើញជាវាគ្មិន (១) លោកអតីតចៅក្រមសហរដ្ឋអាមេរិក John C.Coughenour និង (២) លោកអតីតប្រធានគណៈមេធាវី Bill Pickett ជូនសិក្ខាកាមជាសិស្សចៅក្រម-ព្រះរាជអាជ្ញា សារការី និងអាជ្ញាសាលា ចំនួន ១៣០នាក់ផងដែរ។ នេះបើយោងតាមក្រសួងយុត្តិធម៌៕