ភ្នំពេញៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានរៀបចំកម្មវិធីសម្ពោធបើកយុទ្ធនាការផ្សព្វផ្សាយសម្ភារអប់រំ ពីជំងឺអេដស៍និងកាមរោគនៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃសុក្រ ទី ២៧ ខែមករានេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងកាមរោគនៅកម្ពុជា។
សម្ភារផ្សព្វផ្សាយពីជំងឺអេដស៍ និងកាមរោគត្រូវបានផលិតឡើង ដែលរួមមានដូចជា វីដេអូរឿងអប់រំ ចំនួន ១០រឿង ដែលមាន ១៥ភាគ រូបភាពភ្ជាប់ជាមួយសារអប់រំដល់ទៅ ១៥០ រូប ល្ខោននិយាយ (អប់រំ) ចំនួន ១៥ភាគ និងសម្ភារផ្សព្វផ្សាយជាច្រើនទៀតនៅក្នុងការផ្សព្វផ្សាយជាទម្រង់ឌីជីថល។
លោក អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានមានប្រសាសន៍ថា៖“វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគ នៅព្រះរាជាណាចក្រកម្ពុជា”។
ការបង្កើតមាតិកា (សម្ភារផ្សព្វផ្សាយ) ប្រើពេលជិតមួយឆ្នាំ គឺតាំងពីដើមឆ្នាំ ២០២២ រហូតមកដល់ពេលនេះ។ ដំណើរការធ្វើមាតិកានេះត្រូវបានរៀបចំសម្រិតសម្រាំងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ជាមួយនឹងដៃគូសហការ ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
គោលបំណងនៅក្នុងយុទ្ធនាការនេះ គឺផ្តល់នូវការយល់ដឹងពីសុខភាពបន្តពូជពិសេសទាក់ទងទៅនឹងជំងឺអេដស៍ និងកាមរោគដែលនៅតែមានភាពចាំបាច់សម្រាប់ក្រុមគោលដៅដូចជា ស្រី្តធ្វើការនៅតាមសេវាកម្សាន្ត បុរសរួមភេទជាមួយបុរស ក្រុមប្លែងភេទ និង អ្នកប្រើប្រាស់គ្រឿងញៀន។ ក្រៅពីនោះមានការណែនាំពីវិធានការណ៍ក្នុងការបង្ការការឆ្លងមេរោគអេដស៍ផងដែរ ដូចជា សេវាប្រឹព (ការបង្ការការឆ្លងមេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម) និង សេវាប៉ឹព (ការបង្ការការឆ្លងមេរោគអេដស៍ក្រោយពេលប្រឈម) និងមានការណែនាំ អំពីឧបករណ៍តេស្តរហ័សរកមេរោគអេដស៍ដោយខ្លួនឯងផងដែរ។
លើសពីនេះ យុទ្ធនាការនៅតែរំឭកអំពីសារៈសំខាន់ទៅលើការប្រើប្រាស់ស្រោមអនាម័យ ការធ្វើតេស្តរកមេរោគអេដស៍ ជាមួយនឹងការប្រើប្រាស់ថ្នាំព្យាបាលមេរោគអេដស៍ផងដែរ។
លោក អ៊ុក វិជ្ជា បានបន្ថែមថា រឿងដែលមានចំណងជើងថា ហេតុអ្វីជាខ្ញុំ ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក ការពារខ្លួនអ្នកកាលពីថ្ងៃទី២០ មករានេះ បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនារហូតដល់ទៅ ១,៧ លាន views ក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ។
មជ្ឈមណ្ឌលជាតិជឿជាក់ថា វីដេអូរឿងអប់រំដែលនឹងត្រូវផ្សព្វផ្សាយបន្តបន្ទាប់ទៀតនឹងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងច្រើនខ្លាំងក្លាថែមទៀតតាមរយ:បណ្តាញទំនាក់ទំនងសង្គម។
មជ្ឈមណ្ឌលជាតិសង្ឃឹមថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់ ជាពិសេស ក្រុមប្រឈមមុខខ្ពស់ និងប្រជាជនប្រឈមផ្សេងៗទៀត នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពីការបង្ការ ថែទាំនិងព្យាបាលជំងឺអេដស៍ និងកាមរោគ ជាទុនសម្រាប់ផ្លាស់ប្តូរការប្រព្រឹត្ត ដែលមានហានិភ័យខ្ពស់ទៅជាការប្រព្រឹត្តប្រកបដោយសុវត្ថិភាពនិងទៅទទួលបានសេវានានាដែលទាក់ទងនឹងជំងឺអេដស៍កាមរោគ ឱ្យបានសមស្របនិងទាន់ពេល ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥។
នៅប្រទេសកម្ពុជា អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន ០,៥% ។ ប៉ុន្តែអត្រាប្រេវ៉ាឡង់ ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកម្រិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៤,៩% (២០២២) បុរសរួមភេទជាមួយបុរស ៤,០% (២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (២០១៩) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧)។ នេះបើយោងតាមឯកសាររបស់មជ្ឈមណ្ឌលជាតិមួយនេះ៕