ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា អង្គការហេឡែន ខេលល័រ អន្តរជាតិ គាំទ្រដោយក្រសួងសុខាភិបាល បានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរនៅក្នុងខេត្តគោលដៅចំនួន ៣។
ថ្លែងក្នុងសិក្ខាសាលាណែនាំគម្រោងព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ហ៊ូ ក្រើន នាយកអង្គការហេឡែន ខេល័រអន្តរជាតិ បានឱ្យដឹងថា គម្រោងព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ មានរយៈពេលប្រាំឆ្នាំខាងមុខ (២០២៣-២០២៧) នឹងត្រូវអនុវត្តន៍នៅក្នុងខេត្តតាកែវ សៀមរាប និងកំពង់ឆ្នាំង។
លោកបន្តគម្រោងនេះ មានគោលបំណងសំខាន់ ដើម្បីរួមចំណែកកាត់បន្ថយកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរជាមួយក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការព្យាបាលថែទាំកុមារអាយុក្រោម ៥ឆ្នាំ នៅខេត្តគោលដៅទាំង៣នេះ ដែលក្នុងនោះខេត្តតាកែវមានចំនួន២ស្រុក (ស្រុកបាទី ស្រុកដូនកែវ) ខេត្តសៀមរាបចំនួន២ស្រុក(ស្រុកប្រតិបត្តិសៀមរាប ស្រុកសូតនិគមន៍) និងខេត្តកំពង់ឆ្នាំងចំនួន២ស្រុក (ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍)។
លោកបញ្ជាក់បន្ថែមថា៖«គម្រោងដែលអនុវត្តរយៈពេល៥ឆ្នាំនេះ សម្រាប់ឆ្នាំទី១ យើងរំពឹងថា ក្រុមគោលដៅកុមារជាង១ពាន់នាក់ នឹងទទួលបានការព្យាបាលលើកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ហើយសម្រាប់ឆ្នាំអនុវត្តន៍គម្រោងបន្តបន្ទាប់ទៀត គឺអាស្រ័យលើភាពជោគជ័យនៃការអនុវត្តន៍ឆ្នាំទី១»។
នាយកអង្គការហេឡែន ខេល័រអន្តរជាតិរូបនេះ បានបញ្ជាក់ដែរថា ទោះបីជាអាហារូបត្ថម្ភសម្រាប់កុមារជាអាទិភាពសំខាន់មួយក្នុងឯកសារអភិវឌ្ឍន៍ជាតិកម្ពុជាក៏ដោយ ប៉ុន្តែគោលនយោបាយផែនការ និងកម្មវិធីមិនត្រូវបានផ្សារភ្ជាប់គ្រប់គ្រាន់ជាមួយនឹងការវិនិយោគដើម្បីទទួលបានធនធានគ្រប់គ្រាន់នោះទេ ជាក់ស្តែងកុមាររហូត ៦ម៉ឺននាក់មានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ខណៈការព្យាបាលបានតែ១០ភាគរយប៉ុណ្ណោះ។ ហេតុនេះ តាមរយៈគម្រោងនេះ លោករំពឹងថា នឹងជួយបង្កើនការព្យាបាលកុមារអាយុក្រោម ៥ឆ្នាំ ដែលជួបបញ្ហានេះឱ្យមានភាពប្រសើរឡើង។
ពាក់ព័ន្ធនឹងដំណើរការគម្រោងខាងលើនេះដែរ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងដែរថា តាមរយៈគម្រោងនេះ យើងនឹងផ្តោតលើការបណ្តុះបណ្តាលជាមួយមន្ត្រីសុខាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីឱ្យយល់ដឹងពីការវាស់ថ្លឹងកុមារ កំណត់ពិន្ទុកុមារដែលជួបបញ្ហាអាហារូបត្ថម្ភ ដើម្បីឱ្យគាត់ចេះពិនិត្យមើលថា កុមារបែបណាត្រូវបញ្ជូនទៅព្យាបាលថែទាំនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបានទាន់ពេល។
លោកស្រីបន្តថា៖«តាមរយៈគម្រោងនេះ កុមារាអាយុក្រោម ៥ឆ្នាំ ដែលជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ នឹងទទួលបានការព្យាបាលកង្វះអាហារូបត្ថម្ភដោយឥតគិតថ្លៃ ហេតុនេះខ្ញុំរំពឹងថា កុមារទាំងនោះ នឹងទទួលបានការព្យាបាលនៅមូលដ្ឋានសុខាភិបាលបានច្រើន ខណៈកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភក្នុងក្រុមគោលដៅទាំងនោះ ក៏នឹងទទួលបានការផ្តល់នូវចំណីក្នុងស្រុកដែលធ្វើពីត្រីដែលហៅថា "Nutrix" ដើម្បីព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យមនិងធ្ងន់ធ្ងររបស់ពួកគេផងដែរ»។
សិក្ខាសាលាខាងលើ ក៏បានបង្ហាញរបាយការណ៍បឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ដែរថា កុមារកម្ពុជាប្រមាណ១០ភាគរយមានបញ្ហាស្គមស្គាំង។ នេះគឺជាស្ថិតិពាក់ព័ន្ធដែលអាចកាន់តែធ្ងន់ធ្ងរឡើងដោយផលប៉ះពាល់ សេដ្ឋកិច្ចសង្គមដែលកំពុងបន្តមាន ដូចជាកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ បច្ចុប្បន្នដោយសារវិបត្តិទាំងនេះ គំរាមកំហែងដល់សន្តិសុខស្បៀងក្នុងគ្រួសារតាមរយ:ការកើនឡើងតម្លៃ វិបត្តិអតិផរណា និងការបាត់បង់ប្រាក់ចំណូល។
ទន្ទឹមគ្នានេះ ខណៈពេលដែលអាហារូបត្ថម្ភត្រូវបានបញ្ចូលក្នុងបញ្ជីអាទិភាពគោលនយោបាយថវិការបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៧ ថវិកាត្រូវបានបែងចែកគឺគ្រប់គ្រាន់សម្រាប់ព្យាបាលករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន ៣២00 ករណីប៉ុណ្ណោះក្នុងមួយឆ្នាំ។ លើសពីនេះ ការបែងចែកនេះគឺសម្រាប់លទ្ធកម្មអាហារព្យាបាលកុមារមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរប៉ុណ្ណោះ ហើយមិនគ្របដណ្តប់លើការចំណាយប្រតិបត្តិការដែលត្រូវការដើម្បីបង្កើនទំហំកម្មវិធីនោះទេ។
បច្ចុប្បន្ននេះ ធនធានរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គឺអាចព្យាបាលកុមាចំនួនប្រមាណតែ១០ភាគរយនៃកុមាការដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរត្រូវការការសង្គ្រោះអាយុជីវិត ដែលមិនបានសម្រេចគោលដៅដែលបានកំណត់ដោយផែនការជាតិឆ្នាំ ២០១៤ គឺត្រឹមឆ្នាំ២០២០ សម្រេចឱ្យបានការព្យាបាលកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ចំនួន ២៥០០នាក់ជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ តាមរយៈសិក្ខាសាលាដែលមានការចូលរួមពីភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានបង្ហាញក្តីរំពឹងថា តាមរយៈការដាក់ដំណើរការគម្រោងខាងលើនេះ នឹងជួយកាត់បន្ថយកម្រិតនៃកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកម្ពុជា នាំពួកគេឱ្យមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ មានIQ ខ្ពស់ និងជួយកាត់បន្ថយអត្រាមរណៈភាពកុមារកម្ពុជាថែមទៀត៕