កំពតៈ លទ្ធផលបឋមនៃជម្រឿនសត្វស្លាបទឹកអាស៊ីប្រចាំឆ្នាំ ២០២៣ បានបង្ហាញថា សត្វស្លាបចំនួន ៩១ ប្រភេទ ត្រូវបានកត់ត្រានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងចំនួន ៣៤ ប្រភេទ ត្រូវបានកត់ត្រានៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
កាលពីសប្ដាហ៍ទី៣ ខែមករា អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើជំរឿនសត្វស្លាបទឹកអាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ២០២៣។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងតាមរយៈហ្វេសប៊ុកនាថ្ងៃទី២៨ ខែមករា ថា៖ «ជាទល្ធផល សត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាក្នុងនោះដែរ មានចំនួន៩១ប្រភេទកត់ត្រានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងចំនួន ៣៤ប្រភេទ កត់ត្រានៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត»៕