ពោធិ៍សាត់ៈ ក្រសួងបរិស្ថានប្រកាសបើកគម្រោង «លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអនុវត្តកសិរុក្ខកម្ម និងក្សេតបរិស្ថាន» នៅស្រុកក្រវាញ ខេត្តពោធិ៍សាត់ ដែលមានរយៈពេល ២ ឆ្នាំ ក្រោមហិរញ្ញប្បទានរបស់ក្រសួងបរិស្ថាន។
កាលពីថ្ងៃទី២៧ ខែមករា លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង បានធ្វើជាអធិបតីភាពក្នុងពិធីប្រកាសបើកគម្រោងនេះ នៅស្រុកក្រវាញ។
អ្នកចូលរួមក្នុងពិធីនេះរួមមានលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ទីប្រឹក្សាអមក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ សរុបចំនួន៦៥នាក់។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២៨ ខែមករា ថា៖ «តាមរយៈគម្រោងនេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ មានសេចក្ដីសប្បាយរីករាយ និងមានក្ដីសង្ឃឹមយ៉ាងខ្លាំង»។
ក្រសួងបរិស្ថានបញ្ជាក់ថា ប្រជាសហគមន៍បានថ្លែងអំណរគុណដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយសារលោកតែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រជាសហគមន៍ និងបានជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវជាសហគមន៍ដំបូងគេចំនួន៣ ដែលទទួលបានគម្រោងនេះ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ នៅទូទាំងប្រទេស៕