តាមរយ:បទពិសោធន៍នៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីខណ្ឌដូនពេញមុនគេ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាឱកាសនោះលោកបានលើកឡើងថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសើរជាងមុន ៧០% បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយអង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។ លោកបញ្ជាក់ថា៖«តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀតដំណាលគ្នា ដោយចាប់ផ្តើមពីខណ្ឌដូនពេញមុនគេ»។
លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានីយអង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។
ប្រភពពីក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ក្នុងដំណើរការពង្រីកគុណភាពសេវានេះ មានប្រជាពលរដ្ឋមួយចំនួនតូចបានតវ៉ាមិនឱ្យសាងសង់ ប៉ុន្តែលោក ជា វ៉ាន់ដេត ជម្រាបជូនថា នឹងស្ដាប់មតិភាគច្រើន ពោលបើសិនមានប្រជាពលរដ្ឋលើសពី៧០% មានសំណូមពរ ឱ្យបំពាក់អង់តែនបន្ថែម លោក នឹងគោរពស្នើសុំគោលការណ៍ដើម្បីសាងសង់នូវគម្រោងទី២នោះ។
លោក ជា វ៉ានដេត បញ្ជាក់ថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។
ឆ្លៀតក្នុងនាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើទាំង 4G និង 5G ឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង៕