ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លើកទឹកចិត្ត​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ពង្រឹង​ការទទួលខុសត្រូវ និង​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​នាពេល​អនាគត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​និរន្តរភាព ដើម្បី​រួមចំណែក​ឱ្យមាន​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

​ការលើកទឹកចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង ខណៈ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម «​ក​.​ជ​.​ស​.​ប​»​លោកស្រី ឱ វណ្ណឌី​ន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ស្តីពី​ការបង្កើន​ការថែទាំ​សុខភាព​បឋម​នៅ​សហគមន៍ ដោយមាន​ការចូលរួម​ពី​លោកស្រី លី អា​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០២៣​។​

​ពាក់ព័ន្ធ​កិច្ចការ​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់ និង​ជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​នៅ​សហគមន៍ ដែលជា​គំរូ​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល (UHC) ជាមួយនឹង​ការពង្រឹង​ការងារ​ផ្តល់​សេវា​នៅតាម​មណ្ឌល​សុខភាព ដោយ​ផ្តោតលើ​ការផ្តល់សេវា​តាមបែប​អភិក្រម​ប្រជាជន​ជា​មជ្ឈមណ្ឌល​កណ្តាល ដើម្បី​ធ្វើឱ្យ​បានល្អ​ប្រសើរឡើង​នូវ​សុខភាព​ប្រជាជន​ទូទៅ​។

​លោកស្រី​ថា​៖«​ការរៀបចំ​បង្កើតឱ្យមាន​សហគមន៍​គំរូ ដែលមាន​ប្រជាជន​សុខភាព​ល្អ និង​អាយុ​វែង នឹង​ជួយ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ព្រមទាំង​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​ឌីជីថល​ក្នុង​ផ្នែក​នេះ​ផងដែរ​»​។

​ទោះជា​យ៉ាងណាក្តី ការពង្រឹង​សមត្ថភាព​ការងារ​របស់​គណ​:​កម្ម​ការគ្រប់គ្រង​មណ្ឌល​សុខភាព (HCMC) ក្រុម​ទ្រទ្រង់​សុខភាព (VHSG) និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ (​គ​.​ក​.​ន​.​ក​) ឱ្យមាន​គុណភាព និង​នៅតាម​តំបន់​ឱ្យមាន​ការចូលរួម​ពី​សហគមន៍​ដើម្បី​កាត់បន្ថយ​ហានិភ័យ​លើ​សុខភាព និង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ចំណាយ​ក្នុងការ​ព្យាបាល​ជំងឺ គឺជា​កត្តាចាំបាច់​មួយ​ដែល​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ជំរុញ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ដោយមាន​ផែនការ​ត្រឹមត្រូវ និង​មានការ​គាំទ្រ​លើកទឹកចិត្ត​។

​ក្នុងនាម​អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ប្រតិភូ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក នៅលើ​ទឹកដី​ខេត្តតាកែវ ព្រមទាំង​បាន​ប្តេជ្ញា​ជាមួយ​ក្រសួងសុខាភិបាល ចូលរួម​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម (PHC) នៅ​ខេត្តតាកែវ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យ​កាន់តែ​រីកចម្រើន​។

​ជាមួយគ្នា​នោះដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អា​ឡែ​ន បានលើកឡើង ៣​ចំណុច ដែល​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​នឹង​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ទី​១ ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ និង​ត្រៀមខ្លួន​ឆ្លើយតប​នឹង​វិបត្តិ​សុខភាព​នានា​ដែល​អាច​កើតមានឡើង​នាពេល​អនាគត ទី​២ បន្ថែម​ការវិនិយោគ​លើ​សុខភាព​សាធារណៈ និង​ទី​៣ វិនិយោគ​លើ​ការងារ​ថែទាំ​សុខភាព​បឋម (PHC) ឆ្លើយតបបាន​តាម​តម្រូវការ​ពិតប្រាកដរ​បស់​សហគមន៍​។

​បន្ថែម​ពីនេះ​លោកស្រី បាន​លើកទឹកចិត្ត​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ពង្រឹង​ការទទួលខុសត្រូវ​ក្នុង​ភាពជា​ម្ចាស់ ធានា​ឱ្យបាន​នូវ​ការអនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​នាពេល​អនាគត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​និរន្តរភាព​។ លោកស្រី​ថ្លែងថា​៖«​ការចូលរួម​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន ជាការ​កំណត់​គោលដៅ​ដែលមាន​សុពលភាព និង​ជាក់ស្តែង​អាចអនុវត្ត​បាន​នាពេល​អនាគត​» ៕