ភ្នំពេញៈ លោក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ បាន​ដឹកនាំ​មន្ត្រីនគរបាល​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ជប៉ុន​រយៈពេល ​៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ​២៦ ខែមករា ដើម្បី​ដក​ពិសោធន៍​ការងារ​លើ​កិច្ចការពារ​ព្រឹត្តិការណ៍​កីឡា​ធំៗ និង​ការអនុវត្ត​ប្រព័ន្ធ​ការងារ​របស់​នគរបាល​មូលដ្ឋាន (KOBAN) របស់​ជប៉ុន​។

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានបញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២៨ ខែមករា ថា ប្រតិភូ​នគរបាលជាតិ​កម្ពុជា​បាន​ដក​ពិសោធន៍​លើ​ការងារ​ការពារ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក (Tokyo 2020) ដែល​ទីភ្នាក់ងារ​នគរបាលជាតិ​ជប៉ុន​បាន​អនុវត្ត​កន្លងទៅ ដើម្បី​សិក្សា​យក​ចំណុច​ល្អៗ​មក​អនុវត្ត​ក្នុងការ​ការពារ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA GAMES) ឆ្នាំ​២០២៣ និង​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍ (ASEAN PARA GAMES) ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ខែឧសភា ខាងមុខនេះ​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​ទន្ទឹមនេះ ប្រតិភូ​នគរបាលជាតិ​កម្ពុជា ក៏បាន​ចុះ​សិក្សា​អំពី​ប្រព័ន្ធ​នគរបាល​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​»​។​

​ប្រភព​ដដែល​បន្តថា ប្រតិភូ​នគរបាលជាតិ​កម្ពុជា បាន​ជួប​ជាមួយ​លោក Yasuhiro Tsuyuki អគ្គស្នងការ នៃ​ទីភ្នាក់ងារ​នគរបាលជាតិ​ជប៉ុន ដោយ​ភាគី​ទាំង​២​បានលើកឡើង​អំពី​ទំនាក់ទំនង នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ និង​វិស័យ​នគរបាល​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​ភាគី​នគរបាលជាតិ​ក​ម្ពុ​ជា បានលើកឡើង​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សមត្ថកិច្ច​ក​ម្ពុ​ជា លើ​ការការពារ​សន្តិសុខ សុវត្ថិភាព និង​ការដោះស្រាយ​បញ្ហា ជូន​ដល់​អ្នកវិនិយោគទុន​ជប៉ុន ក៏ដូចជា​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​»៕​