ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយទីភ្នាក់ងារ GIZ គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ចំនួន ៥ លើកបន្ថែមទៀត នៅទូទាំងប្រទេសបន្ទាប់បានបញ្ចប់បេសកកម្មផ្សព្វផ្សាយលើកទី១ រយៈពេល ២ ថ្ងៃ នៅខេត្តកែប។
អគ្គនាយកដ្ឋាន ក.ប.ប. បានប្រកាសថា កាលពីថ្ងៃទី២៦ និងថ្ងៃទី ២៧ មករា អគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយទីភ្នាក់ងារ GIZ បានរៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅខេត្តកែប។
សិក្ខាសាលាថ្ងៃទី១មានអ្នកពាក់ព័ន្ធចូលរួមប្រមាណ១៥០នាក់ដែលជាតំណាងមកពីម្ចាស់អាជីវករក្នុងខេត្តកែប សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភាពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ស្ថាប័នអយ្យការខេត្តកែប និងមន្ត្រីសាខា។
ចំណែកសិក្ខាសាលាថ្ងៃទី២គឺមានមន្ត្រីបច្ចេកទេសចូលរួមប្រមាណ៦០នាក់ដែលជាតំណាងមកពីមន្ទីរពាណិជ្ជកម្មខេត្តកែប ខេត្តកំពត ខេត្តកណ្តាល ខេត្តតាកែវ និងមន្ត្រីសាខា ក.ប.ប. ខេត្តកែប ខេត្តកំពត តាកែវ កណ្តាលនិងរាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ។
លោក ផាន អូន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៩ មករាថា សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងដល់មន្ត្រីអនុវត្តន៍ច្បាប់ឱ្យបានទូលំទូលាយ ជាពិសេសប្រកាសចំនួន៤ រួចមាន១-ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ២-ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង៣-ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និង៤-ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោកផាន អូន បានអះអាងថា សិក្ខាសាលានេះបានចូលរួមផ្តល់ចំណេះដឹងដល់មន្ត្រីអនុវត្តន៍ច្បាប់ដែលទទួលបានការចាត់តាំងជាមន្ត្រីស៊ើបអង្កេតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជានគរបាលយុត្តិធម៌តាមប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព។
លោកបានបញ្ជាក់ថា៖«សិក្ខាសាលានៅខេត្តកែបនេះ គឺជាសិក្ខាសាលាលើកទី១ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែងនិងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយក.ប.ប.គ្រោងនឹងរៀបចំឡើងចំនួន៥លើកបន្ថែមទៀតនៅទូទាំងប្រទេសតាមចង្កោមរាជធានី-ខេត្ត ដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ»។
កាលពីឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ បានរួមគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅទូទាំងប្រទេសដោយមានគោលបំណងស្រដៀងគ្នា ហើយក្នុងឆ្នាំ២០២៣នេះ ភាគីទាំង២ មានផែនការរៀបចំសិក្ខាសាលាផ្សាព្វផ្សាយបែបនេះសរុបចំនួន៦។
កញ្ញា រី ណូយែល ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជននៃទីភ្នាក់ងារ GIZ បានថ្លែងថា ចំពោះសិក្ខាសាលាលើកទី២ ភាគីទាំង២បានជ្រើសរើសខេត្តស្ទឹងត្រែងជាទីតាំងសិក្ខាសាលា ដែលមានសិក្ខាកាមមកពីខេត្តជិតខាងចំនួន៣ផ្សេងទៀត មានខេត្ត រតនគិរី មណ្ឌលគិរី និងក្រចេះ ដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមតាមការគ្រោងទុក។
កញ្ញា រី ណូយែល បានចាត់ទុកសិក្ខាសាលាទាំងនេះ គឺជាវេទិកាផ្សព្វផ្សាយមួយក្នុងការលើកកម្ពស់ការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធអំពីការអនុវត្តនិងសារៈសំខាន់នៃច្បាប់ទាំង៣ជាពិសេសគឺអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវាដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះក្នុងគោលបំណងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ក៏ដូចជាអាជីវកម្មប្រកបដោយភាពស្មោះត្រង់ជាមួយនឹងការប្រតិបត្តិ និងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់។
កញ្ញា បានបញ្ជាក់ថា៖ «ជាផ្នែកមួយនៃសិក្ខាសាលា សិក្ខាកាមក៏បានសិក្សាតាមរយៈការធ្វើបទបង្ហាញស្តីពីបទល្មើស និងការដាក់ទណ្ឌកម្មក្រោមបទប្បញ្ញត្តិពាក់ព័ន្ធ និងមានឱកាសពិភាក្សាអំពីកង្វល់ និងសំណួររបស់ពួកគេជាមួយអ្នកធ្វើបទបង្ហាញ»៕