ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​លោក គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ឱ្យ​ការពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី​បម្រើសេវា​កម្សាន្ត​នៅ​ទូទាំងប្រទេស ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យនេះ ខណៈដែល​ស្ត្រី​មួយចំនួន​តែង​រង​ការ​បៀតបៀន​។ នោះ​បើតាម​ការ​បង្ហោះ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ។​

តាមរយៈ​សារ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ​លោក​ខៀវ កា​ញា​រី​ទ្ធ បាន​លើកឡើងថា​៖ «​សម្តេច​តេ​ជោ លើក​គំនិត​ពី​ការផ្តល់​មេធាវី​ដើម្បី​ការពារ​នារី​ក្នុង​សេវា​កម្សាន្ត (​ខារ៉ាអូខេ បៀ​រហ្គាកា​ដេ​ន អ្នករត់​តុ …) ក៏ដូចជា​ជួយ​ក្នុងការ​ផ្តល់​បណ្ណ ប​.​ស​.​ស​. (​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​) ដល់​ពួកគេ​ផងដែរ​»​។​

មតិ​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានធ្វើ​ឡើង​ក្នុងសម័យ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន នៅ​វិមាន ៧ មករា ថ្ងៃទី ​២៩ ខែមករា ឆ្នាំ ​២០២៣​។​

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន លោក គី តិច បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​២៩ ខែមករា​នេះ​ថា បច្ចុប្បន្ននេះ ក្រុមការងារ​បាន​រៀប និង​ចាត់ចែង​មេធាវី​នៅតាម​បណ្តា​ខេត្ត​រួចជាស្រេច ដើម្បី​ចាំ​ជួយ​ដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​នោះ​អ្នកបម្រើ​ការងារ​នៅ​ផ្នែក​សេវា​កម្សាន្ត​។

លោកថ្លែងថា​៖ «​យើង​មាន​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន និង​មានការ​បែងចែក​ឱ្យទទួល​បន្ទុក​ផ្តល់​សេ​វា តាម​ខេត្ត តាម​តំបន់ រួចជាស្រេច​។ យើង​ក៏មាន​ការរៀបចំ មធ្យោបាយ​សម្រាប់​ទំនាក់​ទំនង ដើម្បី​ទទួលបាន​សេ​វាការពារ​ផ្សព្វផ្សាយ​ជា​សាធារណ​: រួចរាល់»​។​

លោក​បញ្ជាក់​បន្ថែមថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ទទួល​ការពារ និង​ជួយ​ចំពោះ​ស្ត្រី​រងគ្រោះ ទទួលរង​នូវ​ការរំលោភបំពាន​សិទ្ធិ ដែល​ច្បាប់​បានការ​ពារ​។​

លោក គី តិច បានឱ្យ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ ថា​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ​មេធាវី​របស់​សម្តេច​តេ​ជោ​សែន បានធ្វើ​សកម្មភាព​ជួយ​ជនរងគ្រោះ​ក្រីក្រ​ទូទាំងប្រទេស​យ៉ាង​ផុសផុល​។​

លោក​ថ្លែងថា​៖ «​មេធាវី​ទាំងអស់​ទទួល​ការពារ​ក្តី​ជូន​ស្ត្រី ដែលមាន​ជីវភាព​ខ្វះខាត ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ ឬ​ស្ត្រី​ងាយ​រងគ្រោះ គឺ​ក្រុម​មេធាវី​សម្តេច​តេ​ជោ ការពារ​ដោយ​មិន​ទទួល​ថវិកា​ជា​សេវា​អ្វី​នោះទេ​។ សូម្បី​ការ​តបស្នង​តាមរយៈ​ការជូន​អ្វីមួយ​របស់​ជនរងគ្រោះ​ពេល​ការពារ​ក្តី​រួចហើយ ក៏​មិន​អនុញ្ញាត​ឱ្យទទួល​នោះឡើយ គឺ​ក្រុម​មេធាវី​បាន​ជួយ​ដោយស្មោះ និង​អនុវត្ត​តាម​បទបញ្ជារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»។​

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ថ្លែងថា ការផ្តល់​អនុសាសន៍រ​បស់​លោកនាយក​រដ្ឋមន្ត្រី គឺជា​ចំណុច​ប្រសើរ​ ១​ ដែលជា​ផ្នែក​ ១​ ជួយ​ការពារ​សិទ្ធិ​ដល់​ស្ត្រី​បម្រើ​ការងារ​នៅ​ផ្នែក​សេវា​កម្សាន្ត​។

ប៉ុន្តែ​លោក​ថា ដើម្បីឱ្យ​កាន់តែ​ប្រសើរ​ជាងនេះទៀត រដ្ឋ​គួរតែ​ជំ​រុញឱ្យ​អនុវត្ត​ច្បាប់​តែម្ដង គឺ​ច្បាប់​ស្ដីពី​ការងារ​ដោយ​ទី​១ ​ផ្តល់​សិទ្ធិ​ឱ្យ​គាត់​មានឱកាស​ក្នុងការ​ចូលរួម​ចងក្រង​បង្កើត​ទៅជា​សហជីព ទី​២ ​អាច​បង្កើតជា​ឯកសារ​គតិយុត្ត​ពិសេស​១​ដើម្បី​គាំពារ​គាត់​ដែល​នេះ​វា​ជា​ចំណុច​ល្អ​បន្ថែម​ទៅនឹង​អ្វីដែល​ជាការ​លើកឡើងរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

លោក​ថា​៖«​យើង​គួររៀបចំ​ជា​ច្បាប់​ពិ​សេសមួយ​សម្រាប់​ការពារ​អ្នក​បម្រើសេវា​កម្សាន្ត​តែម្តងទៅ ព្រោះនេះ​ជា​ចំណុច​ល្អ បង្កើត​ទៅជា​យន្តការ​ច្បាប់​វា​មាន​លក្ខណៈ​យូរអង្វែង ជា​ពិ​សេ​ជំ​រុញឱ្យ​ថៅកែ​ក្លិប​កម្សាន្ត ឬ​ផ្នែក​សេវា​កម្សាន្ត​ទាំងអស់​ឱ្យ​ថៅកែ​ទទួលខុសត្រូវ​សុវត្ថិភាព​សន្តិសុខសម្រាប់​ពួកគាត់ និង​ជំរុញ​ឱ្យ​ថៅកែ​ផ្តល់​កិច្ច​គាំពារ​សង្គម​តាមរយៈ​របប​សន្តិសុខ​សង្គម ព្រោះនេះ​ជាការ​ទទួលខុសត្រូវរ​បស់​ថៅកែ និង​អាជ្ញាធរ​រដ្ឋ​»​។​

លោក​ថ្លែងថា បច្ចុប្បន្ន​ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​ជួប​បញ្ហា​ប្រឈម​ច្រើន​ ទី​១ ​ប្រឈម​នឹង​ការ​បៀតបៀន​ផ្លូវភេទ ទី​២ ប្រឈម​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ភ្ញៀវ​ឬ​ពី​សំណាក់​និយោជក​របស់គាត់ ដោយ​ការបង្ខំ​គ្រប់បែបយ៉ាង​ឱ្យទទួល​ភ្ញៀវ​និង​ទី​៣​គឺជា​ការបង្ខំ​ឱ្យ​គាត់​ផឹកស្រា​។​លោក​បន្តថា ចំណុច​ប្រឈម​ខ្លាំង​មួយទៀត​ជាពិសេស​ស្ត្រី​បម្រើ​នៅ​ក្លិប​កម្សាន្ត នៅពេល​គាត់​មាន​ផ្ទៃពោះ គឺ​ថៅកែ​គេ​មិន​យក​ធ្វើការ ដែល​រង​ការបាត់បង់​ការងារ និង​បញ្ឈប់​ការងារ​ដោយ​មិនមាន​ប្រាក់​សំណង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ លោក​បន្ថែមថា​៖«​បើសិនជា​រដ្ឋ​រៀបចំ​គោលនយោបាយ​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពួកគាត់ ហើយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​បម្រើ​ការងារ​ក្នុង​សេវា​កម្សាន្ត​»​។​

​ដោយឡែក ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយបុគ្គលិក​បម្រើ​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផ្នែក​សេវា​កម្សាន្ត​ទេសចរណ៍ មនុស្សពេញវ័យ មកពី​ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ សរុប​ជិត ៣០០​ នាក់ កាលពី​ថ្ងៃទី​ ១២ ខែមករា កន្លងទៅនេះ លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ចថ្លែងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​បុគ្គលិក​បម្រើការ​ងារ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ។

លោកស្រី​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល បាន​ជំរុញ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម តាមរយៈ ការពង្រឹង និង​អភិវឌ្ឍ​ជំនួយ​សង្គម និង​ប្រព័ន្ធ សន្តិសុខ​សង្គម​ឱ្យ​កាន់​តែមាន​វិសាលភាព និង​ប្រសិទ្ធភាព ពង្រឹង​សន្តិសុខ​ស្បៀង និង​អាហា​រូប​ត្ថ​ម្ភ ដើម្បី​ធានា​ការលើកកម្ពស់​សុខុមាល​ភាព សាមគ្គីភាព​សង្គម និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ជា​អតិបរិមា​»។

ជាមួយគ្នានេះដែរ ស្ត្រី​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​ ១ ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​សម្តែង​ការ​ត្រេកអរ​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ ដោយ​បន្ថែមថា​ ពួកគេ​ពិតជា​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​សម្រាប់​ពួកគេ​ដែល​បម្រើ​ការងារ​នៅ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ស្រី្ត​រូបនេះ​ថ្លែងថា​៖«​នេះ​គឺជា​ដំណឹង​ល្អ​ ១​ សម្រាប់​ពួកយើង​ដែល​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​មិន​ថា​នៅ​តាមរយៈ​រង្គសាល ខារ៉ាអូខេ ឬក៏​ភោជនីយដ្ឋាន​ផ្សេងៗ ព្រោះ​វា​អាច​នឹង​ការពារ​ដល់​ពួក​ខ្ញុំ ដោយសារតែ​ពេលខ្លះ​ក៏មាន​ភ្ញៀវ​បៀតបៀន​រាងកាយ ឈានដល់​ការបង្ក​ជម្លោះ ​ឈានដល់​ប្រើ​អំពើហិង្សា​ក៏មានដែរ​»៕

វីដេអូ៖