ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀតនិងគាំទ្រលោក ហ៊ុន សែន ប្រធានគណបក្សនេះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងគាំទ្រលោក លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ការដាក់ចេញនេះ ធ្វើឡើងតាមរយៈសេចក្ដីសម្រេចរបស់មហាសន្និបាតគណបក្សដែលបានធ្វើឡើងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី២៨២៩ ខែមករា ដែលក្នុងនោះរួមមាន៖ ទី១ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។
សេចក្តីសម្រេចចិត្តបញ្ជាក់ថា៖ «ទី២ កសាងកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស»។
គោលដៅទី៣ គឺកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
ចំណែកឯគោលដៅទី៤ គឺជំរុញការអនុវត្ ត«កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា»។
គោលដៅទី៥ គឺបន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ក្រៅពីនេះ មហាសន្និបាតក៏បានបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
សេចក្តីសម្រេចដដែលបន្តថា «មហាសន្និបាតបញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេក្នុងការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរជានិរន្តរ៍។ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។
មហាសន្និបាតក៏បានផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ និងប្រកាន់ខ្ជាប់ការអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់សំដៅការពារផលប្រយោជន៍ស្នូលរបស់ជាតិ។
CPP បានបើកមហាសន្និបាតនេះនៅវិមាន ៧ មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកហ៊ុន សែន ប្រធានគណបក្ស និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សដោយមានការចូលរួមពីសមាជិកអចិន្រៃ្ដយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សតាមបណ្ដាខេត្តរួមទាំងមន្ត្រីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណជាង ៣ ពាន់នាក់។ នេះបើតាមគេហទំព័រ CPP នាថ្ងៃទី ២៩ ខែមករា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា មហាសន្និបាត CPP នេះ បានដំណើរការដោយរលូន និងមានការឯកភាពគ្នា។លទ្ធផលនៃមហាសន្និបាតនេះបានបង្ហាញពីការត្រៀមខ្លួនរបស់ CPP ក្នុងការទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ នៅខែកក្កដាឆ្នាំនេះ។
លោកបន្តថា គណបក្សនេះបានរៀបចំនូវចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការគ្រប់គ្រងប្រទេស។
គោលនយោបាយរបស់គណបក្សសម្រាប់ឆ្នាំ ២០២៣-២០២៨ ឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះការប្រែប្រួលភូមិសាស្ត្រនយោបាយនិងការប្រកួតប្រជែងអំណាចពិភពលោកក៏ដូចជាតម្រូវការ ជាក់ស្តែងសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក គិន ភា លើកឡើងថា គណបក្សនេះនៅតែរឹងមាំ មានការឯកភាពគ្នា និងសាមគ្គីភាពដោយផ្អែកលើលក្ខន្តិកៈដែលបានអនុវត្តយ៉ាងតឹងរ៉ឹង បទប្បញ្ញត្តិ ផ្ទៃក្នុង សេចក្តីសម្រេចចិត្តផ្សេងៗដែលធ្វើឡើងដោយថ្នាក់ដឹកនាំតាមឋានានុក្រមរបស់គណបក្ស រចនាសម្ព័ន្ធអន្តរកម្ម ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងទីស្នាក់ការគណបក្ស អគារការិយាល័យគ្រប់ថ្នាក់ និងការចាប់យកអំណាចពេញលេញ។
លោកបានបន្តថា គណបក្សនេះ នឹងឈ្នះការបោះឆ្នោតនាពេលខាងមុខយ៉ាងភ្លូកទឹកភ្លូកដី និងគ្រប់គ្រងប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀត និងរយៈពេលបន្ទាប់ពី ៥ ឆ្នាំនេះទៀត៕
វីដេអូ៖