កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន ដោយមានការគាំទ្រពី “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥” នៅទីស្នាក់ការអាជ្ញាធរមីន ក្រោយពីទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប្រកាសកាលពីថ្ងៃទី ២៨ មករាថា កម្លាំងបោសសម្អាតមីន គម្រោងមូលនិធិកម្ពុជាគ្មានគ្រាប់មីនឆ្នាំ ២០២៥ បានចាប់ផ្តើមចល័តចូលទៅខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និងខេត្តប៉ៃលិនហើយ។ ជាមួយនឹងការប្រកាសនេះ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរខេត្តទាំងនោះ ចូលរួមសហការ និងស្វាគមន៍ដើម្បីរួមគ្នាក្នុងសកម្មភាពបោសសម្អាតមីនក្នុងឆ្នាំ ២០២៣ នេះ។
លោកបញ្ជាក់ថា៖ «គម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ នេះជាកញ្ចប់ថវិកាដែលសម្តេចតេជោបានអនុម័តនោះ អាចរំដោះផ្ទៃដីចម្ការមីនបានចំនួន ១៨ ០០០ ហិកតា។ ក្នុងចំនួននេះអង្គភាពស៊ីម៉ាក់ នឹងបោសសម្អាតតំបន់ចម្ការមីនចំនួន ១០ ៦០០ហិកតា ក្នុងខេត្តកំពង់ធំ សៀមរាប និងស្រុកខ្លះនៃខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញនានាចំនួនជិត ៦០០ នាក់ ដែលមានសុនខហិតមីនចំនួន ១៣ ក្រុម កងអនុសេនាតូចគ្រឿងចក្រចំនួន ២១ កង និងក្រុមស្រាវជ្រាវ និងបោសសម្អាតមីនចំនួន ៣៦ ក្រុម»។
ក្រៅពីសកម្មភាពនេះ លោក ហេង រតនា បានប្រកាសថា មន្ដ្រីស៊ីម៉ាក់កម្ពុជា អាចមានសមត្ថភាពបង្ហាត់សុនខលើការងារបោសសម្អាតមីន និងការងាររក្សាសន្តិសុខជាតិដោយខ្លួនឯង ដោយមិនមានជំនួយបច្ចេកទេសពីបរទេសទេ ស្របពេលបច្ចុប្បន្នកម្ពុជា មានសុនខជាង ២០០ ក្បាល។
លោកបញ្ជាក់ថា៖ «ឥឡូវនេះមិនមានបរទេសណាជាអ្នកគាំទ្រសុនខយើងខាងបច្ចេកទេសអីទេ គឺយើងធ្វើដោយខ្លួនយើង។ ខ្មែរអាចធ្វើបាន នេះគឺជាទស្សនវិស័យយ៉ាងសំខាន់ ហើយយើងបានបង្ហាញច្បាស់លាស់ថា យើងអាចធ្វើបាន។ សូម្បីតែសុនខយើងមានបច្ចេកទេសអាចបង្រៀនឱ្យហិតរកកូវីដ យើងធ្វើបាន តាមរយៈការស្រាវជ្រាវ»។
បន្ថែមពីនេះលោក អះអាងថា៖ «សម្រាប់អង្គភាពស៊ីម៉ាក់យើង និយាយពីជំនាញដោះមីននេះ ពីមុនអ្នកដែលអាចឈានមុខជាងយើង គឺមានតែប្រទេសអាហ្វហ្គានីស្ថានទេ ដោយសារតែប្រទេសនេះ បានទទួលជំនួយសុនខនេះច្រើនពីអាល្លឺម៉ង់។ ប៉ុន្តែអាហ្វហ្គានីស្ថាន មិនដែលបង្កើតសុនខនេះបានដោយខ្លួនឯងទេ។ នៅតែអង្គភាពស៊ីម៉ាក់ នៅតែរស់រាន និងបន្តអាជីពសុនខដោះមីននេះជាប់នៅចម្ការមីន ព្រោះសុនខយើងមិនត្រឹមធ្វើការហ្វឹកហ្វឺន គឺបានធ្វើការជាប់រាល់ខែ»។
តាមប្រកាសកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ ២០២៥ ប្រើប្រាស់ថវិកាសរុបចំនួន ៣០លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថវិកាទាំងនេះ នឹងត្រូវបានបែងចែកជា ៣ ផ្នែក ដោយទី១ ផ្តល់ទៅដល់កងទ័ពជើងគោក ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦ ៨៤៣៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២ ផ្តល់ដល់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧ ១១០ ៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួល ខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី។ ចំណែកទី៣ ស៊ីម៉ាក់ ធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦ ៣២៤ ៣៨០ ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ប៉ៃលិន, ព្រះវិហារ, ពោធិ៍សាត់, និងខេត្តសៀមរាប។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងក្នុងពិធីចុះហត្ថលេខាថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺមានផែនការបោសសម្អាតមីនក្នុងឆ្នាំ ២០២៣ នេះ គ្របដណ្តប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។
ដូច្នេះលោកបញ្ជាក់ថា៖ «នៅក្រោយឆ្នាំ ២០២៣ ប្រទេសកម្ពុជា នឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។ បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន ៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥ រួមមាន ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ,ឧត្តរមានជ័យ និងខេត្តព្រះវិហារ»៕