ភ្នំពេញៈ ​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៩ ខែមករា ថា លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខា​អចលនទ្រព្យ Sokha Real Estate បាន​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ ១ ​ខ្សែ​ត​ភ្ជាប់​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​ ៤ ដែលមាន​ប្រវែង​សរុប ​៦១​ គីឡូម៉ែត្រ រហូតមកដល់​ពេលនេះ ឈូសឆាយ​សម្រេចបាន ប្រមាណ​ជាង ៤០​ គីឡូម៉ែត្រ​ហើយ​។​

​ក្រសួង​បន្តថា​៖«​គិត​ទៅ​នៅសល់​ត្រឹមតែ​ ១៦ គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ផ្លូវ​នេះ​នឹង​បញ្ចប់ ការ​ឈូសឆាយ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ យើង​នឹងមាន​ផ្លូវ​ថ្មី​១​ខ្សែ​ទៀត មកកាន់ ភ្នំ​បូកគោ ដែល​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ទាំងអស់ ធ្វើដំណើរ​មកកាន់ ទីនេះ​»​។​

​លោក សុខ គង់ ធ្លាប់បាន​ឱ្យដឹងថា ផ្លូវ​ថ្មី​ ១ ​ខ្សែ​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​ ១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​របស់​ឧកញ៉ា ម៉ុង ឫទ្ធី​យ៉ាងយូរ​ប្រហែលជា​ខែ ៤ ទៀត អាច​ភ្ជាប់​គ្នា​បាន​ហើយ ចំពោះ​ផ្លូវ​១ ខ្សែ​នោះ ទោះបី​មិនទាន់​ជា​ផ្លូវ​កៅស៊ូ តែ​អាចធ្វើ​ដំណើរ​បាន​។​

​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​បញ្ជាក់ថា ការអនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្មី​១​នេះ គឺ​អនុវត្តតាម​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​។​

​គួរ​បញ្ជាក់ដែរថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី ដែល​ត​ភ្ជាប់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មក​ផ្លូវជាតិ​លេខ​៤ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​និង​យល់ព្រម កាលពីដើមឆ្នាំ​២០២២ ដោយ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​អ្នកជំនួញ​ជើងចាស់​២​រូប​គឺ លោក​សុខ គង់ និង​លោក​ម៉ុង ឫទ្ធី បើក​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​មាន​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ចំណេញ​ពេលវេលា ជួយ​លើកកម្ពស់​សេដ្ឋកិច្ច គាំទ្រ​ដល់​ការវិនិយោគ និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍​។​

យ៉ាងណាមិញ បើតាម​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ និង​កំពត បានបង្ហាញ​ក្តី​រំពឹងទុក​ដែរ​ថា តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ​នឹង​ជំរុញ​សក្ដានុពល​អភិវឌ្ឍន៍​ខេត្ត​ទាំង​២​នេះ​កាន់តែខ្លាំង​បន្ថែមទៀត ខណៈ​តម្រូវការ​ដីធ្លី គម្រោង​សាងសង់​ថ្មីៗ​ដូចជា រី​សត សណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ លំនៅឋាន​លម្ហែ កំណើន​ទេសចរណ៍ នៅ​តំបន់​នោះ​នឹង​កាន់តែ​រីកដុះដាល​ជាង​មុន​ផងដែរ​៕

វីដេអូ៖