ភ្នំពេញៈ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រកាសបង្គាប់ឱ្យអតីតមន្ត្រីក្រសួងកសិកមុ្មរុក្ខាប្រមាញ់ និងនេសាទ គឺលោក នី ណាក់ ឱ្យចេញមុខមកសុំទោសជាសាធារណៈពាក់ព័ន្ធការបង្ហោះសារកាលពីចុងឆ្នាំមុនដោយប្រឌិតព័ត៌មានចោទសមត្ថកិច្ចថា យកសារធាតុផ្សេងៗមកដុតបំផ្លាញក្លែងបន្លំជាសារធាតុញៀន ប៉ុន្តែនៅថ្ងៃទី ២៩ មករា បុរសដែលរងការចោទប្រកាន់រូបនេះបានបដិសេធពីការសុំទោសនេះ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ មករាថា ហេតុអ្វីបានជាបុគ្គល នី ណាក់ ដឹងថា គេដុតបំផ្លាញគ្រឿងញៀនជាការក្លែងបន្លំ ប៉ុន្តែរឿងនេះ (អ្នកកាសែត) គួរទៅសួរបុគ្គលឈ្មោះនី ណាក់ ខ្លួនឯង។
លោកបញ្ជាក់យ៉ាងខ្លីថា៖ «ខាងខ្ញុំមានគណៈកម្មការមានអីត្រួតពិនិត្យតាំងពីតុលាការអីច្រើនណាស់មុននឹងដុតបំផ្លាញគ្រឿងញៀនហ្នឹង។ បងគ្មានវិធានការអីជាមួយបុគ្គលទេ ព្រោះបងជាមន្ត្រីអនុវត្តច្បាប់ អ្នកកាន់ច្បាប់សួរតុលាការទៅ»។
ដោយឡែកលោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី ៣០ មករាដែរថា ករណីបុគ្គលម្នាក់ដែលចោទថាការដុតបំផ្លាញគ្រឿងញៀនជាការក្លែងបន្លំនោះលោកគ្មានប្រតិកម្មអីទេ ពីព្រោះគាត់បញ្ចេញមតិ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែការបញ្ចេញមតិនោះត្រូវតែឱ្យមានទឡ្ហីករណ៍ និងមានភ័ស្តុតាងច្បាស់លាស់យកមកធ្វើជាអំណះអំណាង។
លោកថ្លែងថា៖ «ការដុតសារធាតុញៀន គឺគេដុតបំផ្លាញគេមានគណៈកម្មការគេដូចដែលសព្វដងអ៊ីចឹង។ យើងតែងតែធ្វើការរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅក្នុងឱកាសប្រារពទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជារៀងរាល់ថ្ងៃទី ២៦ ខែមិថុនា ជារៀងរាល់ឆ្នាំ»។
បើតាមលោក មាស វីរិទ្ធ ចំពោះពិធីបំផ្លាញគ្រឿងញៀន គឺគេតែងតែប្រមូលសារធាតុញៀន និងសារធាតុពាក់ព័ន្ធនឹងបទល្មើសនេះមកដុតបំផ្លាញជាសាធារណៈ។ រីឯបុគ្គលម្នាក់នោះគាត់មិនបានចូលរួមហើយបែរជាមកថា យើងយកអ្វីផ្សេងពីសារធាតុញៀនទៅដុត។ ករណីនេះក្នុងនាមលោកជាគណៈកម្មការ លោកក៏មានការអន់ចិត្តដែរសូម្បីតែមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតក៏គេអន់ចិត្តដែរ។
លោកថា៖ «ពីព្រោះគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានយកទៅរក្សាទុកហ្នឹងសុទ្ធតែមានអ្នកអង្គុយចាំយាមដេកចាំយាមកាមជាប់ជានិច្ចព្រោះខ្លាចវាបាត់វាបង់ខ្លាចវាប្រែធាតុយើងចាប់យកពីគេមកមិនមែនយកទៅលក់ទេការលក់ គឺមានទោសទ្វេដងដល់សមត្ថកិច្ច»។
លោកបានបន្ថែមថា អ្វីដែលបុគ្គលនោះបញ្ចេញមតិវាជារឿងរបស់គាត់ ក៏ប៉ុន្តែខ្លឹមសារនៃមតិរបស់គាត់វាប៉ះពាល់ដល់សកម្មភាពមន្ត្រីអនុវត្តច្បាប់ដែលខំប្រឹងប្រែងហើយបែរជាគេមកធ្វើឱ្យសាធារណជនយល់ច្រឡំ។
លោកបានពន្យល់ថា រាល់ឆ្នាំ មុននឹងដុតបំផ្លាញតែងតែធ្វើសន្និសីទសារព័ត៌មានប្រកាសឱ្យសាធារណជនទៅចូលរួមពិនិត្យហើយក្នុងពិធីដុតបំផ្លាញម្តងៗមានមនុស្សចូលរួមរាប់ពាន់នាក់ឯណោះ។ ដូច្នេះមិនមែនយករបស់លេងសើចទៅដុតយ៉ាងម៉េចនឹងកើតទៅ បើមានទាំងព្រះរាជអាជ្ញាជាប្រធានគណៈកម្មការជាអ្នកដុតបំផ្លាញ?
លោកបញ្ជាក់ថា៖ «សម្តីរបស់គាត់ពេលខ្លះធ្វើឱ្យមនុស្សច្រើនយល់ច្រឡំមកលើពីណា គឺមកលើសមត្ថកិច្ចលើអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលគេខិតខំប្រឹងប្រែងរហូតមានពលីជីវិតទៀតផងដោយសារតែពួកឧក្រិដ្ឋជនបាញ់តដៃ»។
តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំមុនដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ បានសរសេរថា ថ្មីៗនេះមានគេហទំព័រហ្វេសប៊ុក IMan-KH របស់ឈ្មោះ នី ណាក់ បានបង្ហោះសារផ្សព្វផ្សាយព័ត៌មានប្រឌិតមានចរិតមួលបង្កាច់ បរិហារកេរ្តិ៍ ដោយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
ប្រភពដដែលបន្តថា ការបង្ហោះសារនោះបានចោទប្រកាន់សមត្ថកិច្ចថាយកសារធាតុផ្សេងៗមកដុតបំផ្លាញបន្លំជាសារធាតុញៀន។ លើសពីនេះបានចោទទាំងបំពានមកលើកម្លាំងនគរបាលជាតិថា ជាចោរដ៏សាហាវជាមេខ្លោងធំនៃអំពើជួញដូរគ្រឿងញៀនទៀតផង។ ខ្លឹមសារបង្ហោះនោះបានបង្ហាញយ៉ាងច្បាស់ថា ម្ចាស់គេហទំព័រហ្វេសប៊ុក IMan-Kh របស់ឈ្មោះ នី ណាក់ មានចេតនា ប្រហារបំផ្លាញកិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្លាំងនគរបាលជាតិក្នុងគោលបំណងលាបពណ៌ញុះញង់ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំអស់ជំនឿបាត់បង់ភាពកក់ក្តៅ និងរើសអើងចំពោះកងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះសេចក្តីប្រកាសព័ត៌មានបានបដិសេធ និងថ្កោលទោសចំពោះទង្វើអសីលធម៌គ្មានវិចារណញ្ញាណ ហួសព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់បុគ្គល នី ណាក់ និងតម្រូវឱ្យបុគ្គលរូបនេះសុំទោសជាសាធារណៈនូវរាល់កំហុសឆ្គងនេះ។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា «ក្នុងនាមកងកម្លាំងអនុវត្តច្បាប់យើងខ្ញុំនឹងប្រើប្រាស់គ្រប់វិធានការស្របតាមច្បាប់ប្រឆាំងនូវរាល់ទង្វើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ»។
ពាក់ព័ន្ធសេចក្តីប្រកាសខាងលើនេះ លោក នី ណាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ មករាថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២២ ពោលគឺក្រោយពីលោកចេញពីពន្ធនាគារភ្លាមៗមកលោកបានសរសេរសារបង្ហោះពាក់ព័ន្ធនឹងការដុតបំផ្លាញគ្រឿងញៀននេះ ប៉ុន្តែការសរសេរនោះមិនមែនលោកផុសគំនិតពីក្នុងចិត្តឯកឯងទេគឺលោកសរសេរតាមអ្វីដែលអ្នកជាប់ឃុំដូចគ្នាបានប្រាប់លោក។ បន្ទាប់មកក្រសួងមហាផ្ទៃបានតម្រូវឱ្យលោកសុំទោសជាសាធារណៈតែក្រោយមកលោកបានចេញជាវីដេអូឃ្លីប ហើយថា លោកមិនមានការសុំទោសអ្វីទេពីព្រោះលោកគ្រាន់តែនិយាយតាមសម្តីអ្នកជាប់ឃុំដូចគ្នាប៉ុណ្ណោះ។ ដូច្នេះលោកក៏មិនបានចេញមុខបំភ្លឺតាមការបង្គាប់របស់ក្រសួងមហាផ្ទៃដែរ។
លោក នី ណាក់ ថា៖ «ខ្ញុំនិយាយជាសម្តីដែលខ្ញុំបានដឹងឮពីអ្នកជាប់ទោសដូចគ្នាហ្នឹងណាហើយរឿងហ្នឹងក៏ស្ងាត់ស្ងៀមទៅ។ ខ្ញុំបានដកស្រង់សម្តីគេមកនិយាយដែលគេបានប្រាប់ខ្ញុំកាលពីនៅក្នុងពន្ធនាគារទេ។ កាលពីលោកនៅជាប់ពន្ធនាគារគឺលោកបានឮអ្នកជាប់ឃុំដែលជាចោរបាននិយាយប្រាប់ »។
គួររំឭកថា កាលពីចុងឆ្នាំ ២០១៩ លោក នី ណាក់ ធ្លាប់បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនដោយនិយាយថា ទិញម៉ាស់ពាក់ឱ្យកូនមាន់ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដខ្លាំង។ ក្រោយពីមានការបង្ហោះសារនេះក៏ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្តឹង ហើយត្រូវតុលាការរាជធានីភ្នំពេញផ្តន្ទាទោសលោក នី ណាក់ ឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ និងពិន័យប្រាក់ចូលថវិការដ្ឋចំនួន ២ លានកាលពីខែសីហា ឆ្នាំ ២០២០ ក្រោមការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង៕
វីដេអូ៖