ភ្នំពេញៈ កុមារមានជំងឺជិត ៦៦ ម៉ឺនករណី ក្នុងឆ្នាំ ២០២២ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា គឺកើន ៧១ ភាគរយបើធៀបនឹងឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍។
របាយការណ៍ឆ្នាំ ២០២២ នៃមន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា៖ «កុមារមានជំងឺចំនួន ៦៥៩ ៦០៨ ករណី ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (កើន ៧១ ភាគរយ ច្រើនជាងក្នុងឆ្នាំ ២០២១)។កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១១៩ ៩៥៨នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន៤៨ភាគរយ ច្រើនជាងក្នុងឆ្នាំ ២០២១)»។
របាយការណ៍ដដែលបន្តថា កុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន៤ ៦៨២នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមានអត្រាមរណភាព ០,១៤ភាគរយ។ កុមារចំនួន ២៦ ៦១៣នាក់ ត្រូវបានទទួលការវះកាត់ព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ កុមារចំនួន ១ ០៥៥នាក់ ត្រូវបានទទួលការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមការឆ្លុះសរសៃឈាម។ បើតាមរបាយការណ៍ដដែល ស្ត្រីមានផ្ទៃពោះចំនួន៩១ ០១៥ករណី បានពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅក្នុងមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប) គឺកើន៤៥ភាគរយ បើធៀបនឹងឆ្នាំ២០២១ និងស្ត្រីសម្រាលកូនមានចំនួន២២ ៣០១នាក់។
បើតាមរបាយការណ៍ដដែលអត្រាមរណភាពកុមារ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាមាន០,៤៥ភាគរយ។
ដោយឡែក នៅក្នុងខែមករា ឆ្នាំ២០២៣ កុមារឈឺចំនួន ៦២ ៤១០ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅក្នុងមន្ទីរពេទ្យនេះ ខណៈកុមារមានជំងឺធ្ងន់ៗ ១០ ១៩៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយកុមារមានជំងឺគ្រុនឈាមចំនួន ៣១៨នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
របាយការណ៍បន្តថា ក្នុងខែមករានេះ កុមារចំនួន ២ ១៤៧នាក់ ត្រូវបានទទួលការវះកាត់។ កុមារចំនួន៨៥នាក់បានទទួលការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាប។
របាយការណ៍ប្រចាំខែមករាបានឱ្យដឹងថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ស្ត្រីមានផ្ទៃពោះចំនួន៨ ៦៧៧នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន១ ៨៣៩នាក់។
ហ្វេសប៊ុក Dr. Beat Richnerបានឱ្យដឹងថា ក្មេងប្រុសអាយុ៤ឆ្នាំ មកពីខេត្តកំពង់ចាម មានជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរបំផុតហើយត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោយការព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើម៤ថ្ងៃ និងថែទាំព្យាបាលសង្គ្រោះចំនួន ១៥ថ្ងៃ។
ហ្វេសប៊ុក Dr. Beat Richnerបញ្ជាក់កាលពីថ្ងៃទី២០ ខែមករាថា៖ «សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិត១នេះ»។
ហ្វេសប៊ុកដដែលបានបញ្ជាក់ថា កាលពីពាក់កណ្តាលខែមករា ផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានធ្វើការឆ្លុះចាប់យកក្បាលព្រួញគប់ប៉ឺតប៉ោង ចេញពីក្រពះកុមារា អាយុ៤ឆ្នាំ មកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានចូលមកសម្រាក នៅអគារសង្គ្រោះបន្ទាន់ដោយសារបានលេបក្បាលព្រួញចូលក្នុងក្រពះរយៈពេល៤ម៉ោង។
ហ្វេសប៊ុក Dr. Beat Richnerបញ្ជាក់កាលពីថ្ងៃទី១៤ ខែមករាថា៖ «ឥឡូវបានឱ្យចេញទៅផ្ទះហើយ»៕