ភ្នំពេញៈ ប្រទេសកម្ពុជា មានការខាតបង់ទឹកប្រាក់ប្រមាណ ១៣៧,៧ លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញ ដែលការខាតបង់នេះ គឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញារបស់កុមារផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល អង្គការហេឡែន ខេលល័រ និងអង្គការពាក់ព័ន្ធមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មានរួមដែលទទួលបាន កាលពីថ្ងៃទី ២៩ ខែមករា ទាក់ទងនឹងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ការចិញ្ចឹមទារកនិងកុមារ និងការលំហែមាតុភាពសម្រាប់ស្ត្រីធ្វើការនៅប្រទេសកម្ពុជា បានឱ្យដឹងថា នៅទូទាំងពិភពលោក ការកើនឡើងអត្រាបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញនឹងអាចជួយការពារមិនឱ្យមានការស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំបានចំនួន ៨២៣ ០០០ នាក់ជារៀងរាល់ឆ្នាំនិងរារាំងមិនឱ្យមានការស្លាប់របស់ម្តាយបានចំនួន ២០ ០០០នាក់ដោយសារជំងឺមហារីកដោះ។
ប្រភពដដែលបានបន្តថា ការស្លាប់ដែលអាចបង្ការបានទាំងនេះរួមជាមួយនឹងការខាតបង់ផ្នែកសតិបញ្ញារបស់កុមារ និងបន្ទុកចំណាយទៅលើប្រព័ន្ធសុខាភិបាលរួមគ្នាគឺនាំឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណជា ៣៤០ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។
សេចក្តីប្រកាសព័ត៌មានរួមនេះ បានបញ្ជាក់ថា ៖ «ផ្អែកតាមទិន្នន័យនេះយើងត្រូវរួមគ្នាដើម្បីបង្កើនថវិកានិងការអនុវត្តគោលនយោបាយ កម្មវិធី និងអន្តរាគមន៍ចាំបាច់នានាដើម្បីសម្រេចគោលដៅនៃការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់ក្នុងរយៈពេល៦ខែដំបូងនៃអាយុរបស់ទារកនិងកុមារ ឱ្យបាន»។
នៅក្នុងប្រទេសកម្ពុជា ជីវិតរបស់កុមារជិត ២ ០០០ នាក់ អាចត្រូវបានសង្គ្រោះជារៀងរាល់ឆ្នាំតាមរយៈការបង្កើនការអនុវត្តការចិញ្ចឹមទារកនិងកុមារឱ្យបានល្អប្រសើរ។ ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញបណ្តាលឱ្យកុមារប្រមាណកន្លះលាននាក់មានជំងឺរាករូស និងរលាកសួត។ លើសពីនេះទៀតកុមារប្រមាណ ៥ ០០០ នាក់ មានបញ្ហាធាត់ជ្រុលជារៀងរាល់ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរួមលើកឡើងថា៖ «ប្រទេសកម្ពុជា មានការខាតបង់ទឹកប្រាក់ប្រមាណ ១៣៧,៧លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញដែលការខាតបង់នេះគឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញារបស់កុមារផងដែរ»។
ទាក់ទងនឹងចំណុចនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្តេជ្ញាចិត្តសម្រេចឱ្យបានការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់ឱ្យបានដល់ ៨៥% ត្រឹមឆ្នាំ ២០៣០។ ប្រទេសកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ។
ទោះបីយ៉ាងណាក៏ដោយ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់សម្រាប់កុមារអាយុពី ០ ដល់ ៥ ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤% ក្នុងឆ្នាំ ២០១០ ដល់ ៦៥% ក្នុងឆ្នាំ ២០១៤ និងមក ៥១% ក្នុងឆ្នាំ ២០២១-២០២២។ ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់និងការបន្តបំបៅកូនដោយទឹកដោះម្តាយគឺមានការរួមចំណែកមួយផ្នែកពីការកើនទ្បើងនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយនិងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីជាម្តាយបានត្រឡប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី ធ្លាប់បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិល គួរបង្កើតបន្ទប់មួយសម្រាប់មន្ត្រី និងបុគ្គលិកអង្គុយបំបៅទារក ខណៈការបង្កើតបន្ទប់បំបៅដោះកូននេះ បាននិងកំពុងអនុវត្តនៅ ២៨ កន្លែង។
លោកស្រីលើកឡើងដូចនេះ កាលពីចុងឆ្នាំ ២០២២ ក្នុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់ «បន្ទប់បំបៅដោះកូន» នៅទីស្តីការក្រសួងកិច្ចការនារី។
លោកស្រីថា៖ «ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ និងដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភស្ត្រី និងកុមារស្របតាមការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យ ដល់ ៦ ខែ ឱ្យបានដល់៨៥% នៅឆ្នាំ ២០៣០»។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ការចិញ្ចឹមទារកនិងកុមារ និងការលំហែមាតុភាពសម្រាប់ស្ត្រីធ្វើការនៅកម្ពុជា នឹងការបំបៅកូនដោយទឹកដោះម្តាយនិងការលំហែមាតុភាព នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣១ ខែមករានេះ ដែលមានការចូលរួមពីក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធសំខាន់ៗមួយចំនួន។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកលទ្ធផលសំខាន់ៗពីការសិក្សាស្រាវជ្រាវការលើកកម្ពស់មាតុភាពនិងការស្រាវជ្រាវផ្សេងៗទៀតពិភាក្សាអំពីឧបសគ្គរបស់ម្តាយធ្វើការក្នុងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបានល្អប្រសើររួមនឹងពិភាក្សាលើជំហានបន្ទាប់និងដំណោះស្រាយផ្សេងៗដើម្បីគាំទ្រម្តាយដែលធ្វើការអាចបំបៅកូនដោយទឹកដោះម្តាយបាន៕