ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានកំណត់គោលនយោបាយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលក្រោយឆ្នាំ ២០២៣ នឹងផ្តោតលើផលប្រយោជន៍ប្រជាជនជាសំខាន់ ជាពិសេសប្រជាជនវ័យក្មេង ដែលត្រូវប្រើថវិកាជាតិ បើសិនជាបន្តឈ្នះឆ្នោត។ យោងតាមលោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញនាពេលថ្មីៗកន្លងមកនេះ។
លោក យ៉ារ៉ា ថ្លែងថា៖ «អាណត្តិ ទី៧ របស់យើង នៅខាងមុខនេះគឺគណ បក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ថវិកាជាតិផ្តោតលើប្រជាជនជាអាទិភាព អ៊ីចឹងចំណុចនេះជាចំណុចខ្លាំងណាស់ ដែលពីមុនមក យើងយកថវិកាតិចតួចរបស់យើងចែកទៅលើនេះ (ទៅលើ) នោះច្រើន ប៉ុន្តែលើកនេះអាណត្តិទី ៧ គឺរាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាទៅលើផលប្រយោជន៍ប្រជាជន គឺប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហើយប្រជាជនដែលនឹងបានផលប្រយោជន៍ច្រើនជាងគេគឺ ប្រជាជនវ័យក្មេង»។
លោក សួស យ៉ារ៉ា បញ្ជាក់ថា រាជរដ្ឋាភិបាលដែលនឹងបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងសាងសង់សាលារៀនឱ្យទៅកៀកក្បែរប្រជាពលរដ្ឋបំផុត ដែលគ្រប់ភូមិ ត្រូវមានបឋមសិក្សា គ្រប់ឃុំត្រូវមានអនុវិទ្យាល័យ និងកិច្ចការបណ្តុះបណ្តាលចំណេះវិជ្ជាជីវៈផង សម្រាប់បម្រើដល់មូលដ្ឋាន ហើយក្នុងកាលៈទេសៈខ្វះខាត រដ្ឋាភិបាលនឹងទំនុកបម្រុងផ្ទាល់។
លោក សួស យ៉ារ៉ា ថ្លែងថា ថវិកាជាតិនៃអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងធានាដល់ការអភិវឌ្ឍធនធានមនុស្ស ការដំឡើងប្រាក់បៀវត្សរ៍ ចំណេះជំនាញវិជ្ជាជីវៈប្រជាពលរដ្ឋ ធានាតម្លៃទំនិញ ការគាំពារសង្គម ធានាថ្លៃកសិផល ហើយគ្រោងនឹងសិក្សាពីការបញ្ចុះថ្លៃថាមពលអគ្គិសនី ថ្លៃម្ហូបអាហារ និងទឹក ដែលកន្លងមករដ្ឋាភិបាលធ្លាប់មានសរសេរជាគោលនយោបាយរួចទៅហើយ ប៉ុន្តែអាណត្តិក្រោយនឹងបំពេញបន្ថែមនូវចំណុចខ្វះខាត។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការកំណត់គោលនយោបាយមនុស្សជាអាទិភាពសម្រាប់អាណត្តិក្រោយរបស់គណបក្សកាន់អំណាច ស្របនឹងកាលៈទេសៈសកលដែលទាមទារជាចាំបាច់នូវការកសាងធនធានមនុស្ស ជាគោលដើម្បីអភិវឌ្ឍប្រទេសដែលជាគោលនយោបាយចំគោលដៅ។
លោក យង់ ពៅ ថ្លែងថា៖ «គោលនយោបាយទាំងនេះ ជាការល្អ ដែលខ្ញុំយល់ថា អាចអនុវត្តទៅបាន ព្រោះគណបក្សប្រជាជនមានការសិក្សាស្រាវជ្រាវលម្អិត ដោយសារមានខួរក្បាលបញ្ញវន្តជាច្រើន ហើយគណបក្សនេះជាបក្សកាន់អំណាចយូរហើយ អ៊ីចឹងអាចដឹងលទ្ធភាពពីកញ្ចប់ថវិកា ហើយដឹងពីស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលដាក់ចេញគោលនយោបាយផ្អែកលើការសិក្សាច្បាស់លាស់»។
លោក យង់ ពៅ ថ្លែងថា ដើម្បីឱ្យផែនការនយោបាយគណបក្សប្រជាជនកម្ពុជាអាចប្រព្រឹត្តទៅបានដោយប្រសិទ្ធភាព លុះត្រាណាមន្ត្រីរបស់គណបក្សនេះខិតខំព្យាយាមបញ្ចេញសកម្មភាពការងារជាក់ស្តែង ជាជាងការគ្រាន់តែរូបភាពថតឃោសនា ហើយទាមទារឱ្យមាននូវកំណែទម្រង់ស៊ីជម្រៅជាបន្តលើគោលនយោបាយធំៗ ៥ ចំណុច ដែលដាក់ចេញពីអង្គមហាសន្និបាតវិសាមញ្ញរបស់បក្សនោះ បើទោះមានគោលនយោបាយល្អក្តី តែការអនុវត្តប្រាសចាកគោលដៅ ក៏នាំឱ្យខូចគោលនយោបាយទាំងនោះទៅវិញដែរ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ការបណ្តុះបណ្តាល និងកសាងកម្រិតធនធានមនុស្ស ព្រមទាំងអភិវឌ្ឍកម្រិតជីវភាពប្រជាជន ជារឿងល្អ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ឡើយ ដែលគេត្រូវផ្តល់សិទ្ធិសេរីភាព និងការពារសិទ្ធិសេរីភាពបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទើបនាំឱ្យដំណើរអភិវឌ្ឍន៍ប្រទេសប្រព្រឹត្តទៅដោយបរិយាប័ន្នបាន។
លោក ប៉ា ច័ន្ទរឿន ថ្លែងថា៖ «ខ្ញុំគិតថា គោលនយោបាយ ៥ចំណុច ដែលគណបក្សកាន់អំណាចដាក់ចេញហ្នឹង វាអាចសមស្របតាមកាលៈទេសៈប្រទេសក្នុងពេលបច្ចុប្បន្ន និងសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ប៉ុន្តែសម្រាប់ខ្ញុំ គណបក្សប្រជាជន ក៏ដូចជារដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាចម្បងៗនាពេលបច្ចុប្បន្នឱ្យបានល្អ ដើម្បីជាគ្រឹះក្នុងការអនុវត្តគោលនយោបាយសំខាន់ៗដែលបានដាក់ចេញ ជាពិសេសបញ្ហាអយុត្តិធម៌សង្គម ដែលគំរាមកំហែងដំណើរសន្តិសុខសង្គម និងការអភិវឌ្ឍប្រទេស»។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា គណបក្សកាន់អំណាចគួរគិតគូរតាំងពីអាណត្តិមុនៗម្ល៉េះ តែទោះជាយ៉ាងណាក៏ជាចំណុចចាប់ផ្តើមផងដែរសម្រាប់គណបក្សកែទម្រង់កម្ពុជា។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖ «ទោះបីមានគោលនយោបាយល្អក្តី ប៉ុន្តែខ្ញុំយល់ថា វាមិនមែនជាចំណុចទាក់ទាញប្រជាប្រិយភាព និងទាក់ទាញជំនឿពីប្រជាពលរដ្ឋខ្មែរភាគច្រើននោះទេ ដែលផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរភាគច្រើនមិនសូវចាប់អារម្មណ៍លើគោលនយោបាយរបស់គណបក្សនីមួយៗឡើយ ច្រើនតែផ្តោតលើការប្រកួតប្រជែងផ្ចាញ់ផ្ចាលគ្នាទៅវិញ»។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា ការអភិវឌ្ឍសង្គមកម្ពុជានៅមានចំណុចចន្លោះប្រហោងត្រង់ការបែងចែកធនធានមិនស្មើភាពគ្នា ដែលនាំឱ្យកើតមានវិសមភាពសង្គម និងគម្លាតវណ្ណៈរវាងអ្នកមាន និងអ្នកក្រកាន់តែធំឡើង ដែលលោកស្នើឱ្យគណបក្សកាន់អំណាចប្តេជ្ញាលើកកម្ពស់ជីវភាពរបស់ប្រជាជនដែលមានជីវភាពទន់ខ្សោយឱ្យដល់កម្រិតវណ្ណៈកណ្តាល ដើម្បីស្ថិរភាពប្រទេស។រដ្ឋាភិបាលដែលឈ្នះឆ្នោតត្រូវបន្តវិនិយោគថវិកាជាតិឱ្យច្រើនទៅលើប្រព័ន្ធអប់រំស្នូល ប្រកបដោយតម្លាភាព ដែលជារឿងមិនអាចខ្វះបានសម្រាប់ការលូតលាស់នៃសង្គមជាតិ។
គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាព ៥ ចំណុច រួមមានទី១ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។ ទី២ កសាងកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។
ទី៣ គឺកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។ ទី៤ គឺជំរុញការអនុវត្ត «កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា។ ទី៥ គឺបន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕