ភ្នំពេញៈ​ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រាជរដ្ឋាភិ​បាល​បង្កើត​គោល​នយោ​បាយ​សម្រាប់​អ្នក​ធ្វើការ​ក្នុង​វិស័យ​បម្រើសេ​វា​កម្សាន្ត ​បន្ទាប់ពី​ទទួល​ដំណឹង​ថា ​គណ​បក្ស​កាន់​អំណាច​មា​ន​ផែន​ការ​រៀបចំ​ឱ្យមាន​មេធាវី​សម្រាប់​ការពារ​ក្ដីស្ដ្រី​ និង​អ្នក​ប្រកប​របរ​ខាង​សេវា​កម្សាន្ត​។​

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញា​រីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ថា ក្នុង​មហា​សន្និ​បាត​វិសា​មញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ថ្ងៃទី​ ២៩ ​ខែមករា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើង​ថា នឹង​ផ្តល់​មេធាវី​ដល់​នារី​បម្រើ​ការផ្នែក​សេវា​កម្សាន្ត​ រួមមាន​ ខារ៉ា​អូខេ បៀរ​ហ្គាឌិន អ្នករ​ត់​តុ ជា​ដើម ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់ ​ក្នុង​ករណី​មាន​ការ​រំលោភ​សិទ្ធិ​ណា​មួយ​កើត​ឡើង​។ លោក​ថា នារី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​ក៏​នឹង​ត្រូវ​ជួយ​ក្នុងការ​ផ្តល់​ឱ្យ​មាន​បណ្ណ​របប​សន្តិ​សុខ​សង្គមឬ​បណ្ណ ប​.ស.ស. ដល់​ពួក​គេ​ផង​ដែរ​។​

​ជុំវិញ​រឿង​នេះ ​លោក វន់ ពៅ ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​ថា ​វា​ជា​រឿង​​ប្រសើរ​ ដែល​គណ​បក្ស​ដឹកនាំ​រាជ​រដ្ឋាភិ​បាល​គិត​ឃើញ​ពី​គម្រោង​ការ​រៀបចំ​មេធាវី​ ដើម្បី​ការពារ​នារីដែល​បម្រើ​ក្នុង​សេវា​កម្សាន្ត ​ប៉ុន្តែ​ដើម្បី​ឱ្យ​ប្រសើរ​ជាង​នេះ ​រាជ​រដ្ឋាភិ​បាល​បច្ចុប្បន្ន​គួរ​តែ​រៀបចំ​គោល​នយោ​បាយ​សមរម្យ​ណា​មួយ​ច្បាស់​លាស់​ ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​ពួក​គាត់​ជា​ពិសេស​លើ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​សម​រម្យ​តែ​ម្ដង​។​

​លោក ​វន់ ពៅ បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ ​រដ្ឋ​ត្រូវតែ​រៀបចំ​គោល​នយោ​បាយ​មួយ​ច្បាស់​លាស់ ​ដើម្បី​បញ្ឈប់​នូវ​ការ​បៀត​បៀន​ទៅ​លើ​ពួក​គាត់​ដែល​ធ្វើការ​លើ​សេវា​កម្សាន្ត​ ហើយ​វា​ជា​លក្ខណៈ​ល្អ ប្រសិន​ជា​យើង​រៀប​ចំ​គោល​នយោ​បាយ ​ដែលមា​ន​យន្តការ​ឱ្យ​ថៅកែ​ទទួល​ខុស​ត្រូវ​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ដែល​ធ្វើ​ការ​សេវា​កម្សាន្ត​ហ្នឹង កុំ​ឱ្យ​ភ្ញៀវ​មក​បៀត​បៀន ​ហើយ​និង​ធានា​ទាំង​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​របស់​គាត់​»​។​

​លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ ​រាជរដ្ឋាភិ​បាល​គួរតែ​មាន​យន្ត​ការ​ប្រកាស​ជា​ទូទៅ ដោយ​សរសេរ​ក្រម​សីល​ធម៌​ដាក់​នៅ​តាម​បណ្ដា​មណ្ឌល​សេវា​កម្សាន្ត​ផ្សេងៗ ដើម្បី​ឱ្យ​ភ្ញៀវ​នានា​អាច​ចូល​រួម​កាត់​បន្ថយ​។​ រីឯ​ចំណុច​សំខាន់​មួយ​ទៀត ​គឺ​ត្រូវ​រៀបចំ​គោល​នយោ​បាយ​ប្រាក់​ឈ្នួល​របស់​ពួក​គាត់​ឱ្យ​បាន​សមរម្យ​ ដើម្បី​ធានា​កុំ​ឱ្យ​ពួក​គាត់​មាន​ការ​ប្រថុយ​ប្រថាន ​រក​ប្រាក់​ដោយ​ការ​លក់​ខ្លួន​ជា​ដើម​។​

​អ្នកស្រី​ ម៉ៅ ម៉ាប់ ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​សមា​គម​អាដ​ហុក​បាន​ថ្លែង​ថា ​ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ិ​វិល​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិ​ស្ដ្រី បាន​ថ្លែង​ថា វា​ជា​រឿង​ល្អ ហើយ​បាន​សាទរ​ចំពោះ​បំណង​រៀបចំ​មេធាវី​ការពារ​ដល់​ស្ដ្រី​ដែល​បម្រើ​ការ​លើ​សេវា​កម្សាន្ត​នេះ​។

​អ្នកស្រី​បន្ថែម​ថា ​ជាទូទៅ​ស្ដ្រី​ដែល​ធ្វើការ​លើ​សេវា​កម្សាន្ត ​តែង​តែ​ប្រឈម​នូវ​ការរំលោភ​បំពាន និង​ការ​បៀត​បៀន​ពី​ភ្ញៀវ ​ជា​ពិសេស​អ្នក​មាន​លុយ ​អ្នក​មាន​អំណាច ​ប៉ុន្តែ​អ្វីដែល​សំខាន់ ​ក្នុង​នាម​ជា​អង្គការ​ការពារ​សិទ្ធិ​ស្ដ្រីគឺ​សុំ​ឱ្យ​ការ​រៀបចំ​មេធាវី​ជូន​ពួក​គាត់​នេះ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ ក្នុង​ការ​ការពារ​ពួក​គាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។

​អ្នកស្រី​ ម៉ៅ ម៉ា​ប់ បាន​បញ្ជាក់ថា​៖«​យើង​សាទរ​ចំពោះ​ការប​ង្កើត​ឱ្យ​មាន ​(​មេធាវី​ការពារ​) ហើយ​សុំ​ឱ្យ​អនុវត្ត​ក្នុង​ការ​ការពារ​ពួក​គាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ផង​ដែរ​។ ក្រៅពី​តម្រូវការ​ការពារ​ពី​មេធាវី ​ពួកគា​ត់​ក៏ត្រូវ​មាន​ការ​ផ្ដល់​ជា​សេវា​សង្គម​អី​ផ្សេងៗ​ទៀត​ជួយ​ដល់​ជីវភាព ​ជាពិ​សេស​សេវា​សុខ​ភាព​ គួរតែ​មាន​ការគាំទ្រ​លើ​ផ្នែក​ហ្នឹង​ដែរ​»​។​

​លើស​ពីនេះ​ទៀត អ្នក​ស្រីចង់ឱ្យ​ការអ​នុវត្ត​មាន​តម្លា​ភាព​នៅ​ពេល​ធ្វើ​រឿង​អ្វីមួយ​ ព្រោះកន្លង​មកតែង​តែ​ឃើញ​ថា ​ករណី​ការ​រំលោភ​បំពាន​ភាគ​ច្រើន​ កើត​ចេញពី​អ្នក​មាន​អំណាច ​អ្នកមា​ន​លុយ​ ដែលជា​ហេតុ​ធ្វើ​ឱ្យ​កើត​ភាព​មិន​ស្មើគ្នា​​។​ទន្ទឹម​នឹង​នេះ​អ្នកស្រី​ម៉ាប់​ក៏​ចង់​សំណូម​ពរ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ឃ្លាំមើល​ការអ​នុវត្ត​ឱ្យ​មាន​តម្លា​ភាព​ដើម្បីកុំ​ឱ្យ​មានការ​អនុវត្ត​ស្ដង់​ដា​ច្រើន និង​មិន​ស្មើភា​ព​គ្នា​ជា​ដើម​៕